អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ឈប់​ផ្តល់​ភាព​ស្រប​ច្បាប់

ពលករ​ខ្មែរ​ដែល​បាន​ចំណាក​ស្រុក​ខុស​ច្បាប់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​ជា​បន្ត​បន្ទាប់ ដោយជា​មធ្យម​ចន្លោះ​ពី​៥០ ទៅ​៦០​ នាក់ ក្នុង​មួយ​ថ្ងៃ។​ នេះ​បើ​តាម​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ​នាពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី រដ្ឋាភិបាល​ថៃ បាន​ប្រកាស​បិទ​យុទ្ធនាការ​ផ្តល់​ស្រប​ច្បាប់ ដល់​ពលករ​បរទេស​ ដែល​ធ្វើការ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​មួយ​នេះ ត្រឹម​ថ្ងៃ​ទី ១​ ខែ​កក្កដា។   

ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​ នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អាជ្ញាធរ​ច្រកទា្វរ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ចាប់​តាំង​ពី កម្ពុជា-ថៃ ​បិទ​បញ្ចប់​យុទ្ធ​នាការ​ផ្តល់​ភាព​ស្រប​ច្បាប់ដល់​ពល​ករ​ខ្មែរ កាល​ពី​ដើម​ខែ​កក្កដា​មក អាជ្ញាធរថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ មក​វិញ​ជា​បន្ត​បន្ទាប់​។ ពលករ​ខ្មែរ ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទាំង​នោះ​ ជា​ពល​ករ​ដែល​បាន​ចំណាក​ស្រុក​ខុស​ច្បាប់ និង​លើស​ប័ណ្ណការ​ងារ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគរបាល​។

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាង​ថា មាន​ពលករ​ខ្មែរ​ប្រមាណ​១ លាន ៨​ម៉ឺន​នាក់ ​ដែល​បាន​ស្នាក់​នៅ និង​ធ្វើ​ការងារ​នៅ​ក្នុង​ទឹក​ដី​ថៃ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​-ថៃ ផ្តល់​ភាព​ស្រប​ច្បាប់​រួច​រាល់អស់​ហើយ​ មុន​ការ​បញ្ចប់​យុទ្ធ​នាការ​ផ្តល់ភាព​ស្រប​ច្បាប់ដល់ពលករខ្មែរ​ ដែល​ធ្វើការនៅប្រទេស​ថៃនាដើម​ខែកក្កដា កន្លងទៅ។ សម្រាប់​ពលករ​ខ្មែរ ដែល​ចូល​ទឹក​ដី​ថៃ ក្រោយ ខែ​កញ្ញា ​ឆ្នាំ​២០១៧ ត្រូវ​បាន​អាជ្ញាធរ​ថៃ ​ស្នើ​ឱ្យ​ត្រលប់​មក​កម្ពុជា​សិន ដើម្បីទៅ​សុំ​ទិដ្ឋាការ​ការ​ងារ​នៅ​ស្ថាន​ទូ​តថៃ​ប្រចាំ​ភ្នំពេញ​ជា​មុន​សិន​ ទើប​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ថៃ​ធ្វើ​ការ​វិញ។ ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​សម្តែង​ក្តីបារម្ភ​ថា ទោះ​បី​ការ​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ពី​ភាគី​ថៃ ​ ក៏​ពលករ​ខ្មែរ នៅ​តែ​បន្ត​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​នេះ ដោយ​ខុស​ច្បាប់ តាម​រយៈ​ការ​អូស​ទាញ​ពី​មេ​ខ្យល់​។

ប្រឈម​នឹង​បញ្ហា​នេះ​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​រូប​នេះ បាន​ស្នើ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ដ៏​ប្រថុយ​ប្រថាន​របស់​ពលរដ្ឋ​ខ្មែរ​។

សូមជ​ម្រាបជូនថា ​អាជ្ញាធរ​ថៃ​ បានផ្តើម​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេស ចាប់​តាំង​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៨​។ ពលករ​បរទេស ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ការ​អនុញ្ញាត​នឹង​ត្រូវ​ផាក​ពិន័យ​ពី​១៥៥​ដុល្លារ ដល់​១,៥៦០​ដុល្លារ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​រយៈ​ពេល​២​ឆ្នាំ។ ចំណែក​ឯ​និយោជក​ឬថៅកែ​ណា ដែល​ទទួល​យក​ពលករ​បរទេស​មក​ធ្វើ​ការ​ខុស​ច្បាប់​នឹង​ត្រូវ​ផាក​ពិន័យ​ពី​៣១២​ដុល្លារ ដល់​៣,១២០​ដុល្លារ ក្នុង​ពលករ​ម្នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ