ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
កម្ពុជា

កម្ពុជា និងវៀត​ណាម បន្ត​សហការ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ដែល​បាត់​ខ្លួន​សម័យ​សង្គ្រាម​

media  
ភាគីកម្ពុជា និងវៀតណាម ព្រមព្រៀងបន្តសហការស្វែងរកអដ្ឋិធាតុកងទ័ពដែលបាត់ខ្លួនសម័យសង្គ្រាម។ @akp

នៅ​ក្នុង​សំណុំរឿង​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​បរទេស​នៅ​ស្រុក​ខ្មែរ កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​រុក​រក​ឆ្អឹង​ទាហាន​អាមេរិក​នៅ​កម្ពុជា​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ទន្ទឹម​គ្នា​នេះ​ ប្រតិបត្តិការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​វៀតណាម​នៅ​កម្ពុជា នៅ​តែបន្ត​។ កាល​ពី​ដើម​សប្ដាហ៍​នេះ គណៈកម្មាធិការ​ជំនាញ​រុក​រក​អដ្ឋិធាតុ រវាង​ខេត្ត​មណ្ឌល​គិរី និងខេត្ត ដាក់ឡាក់ វៀតណាម បាន​ឯក​ភាព​គ្នា លើ​ការងារ​រុក​រក​អដ្ឋិធាតុ​ទាហាន​វៀតណាម​នៅ​កម្ពុជា សម្រាប់​រដូវ​ប្រាំង ឆ្នាំ​២០១៨-​ ២០១៩​។ បើ​តាម​ជំនួប​នេះ ក្រុម​ជំនាញការ​វៀតណាម នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​១៤​តុលាតទៅ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គិរី​។  
 

នៅ​ក្នុង​ជំនួប​រវាង គណៈកម្មាការ​ជំនាញ​រុក​រក​អដ្ឋិធាតុ រវាង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ដាក់ឡាក់ ប្រទេស​វៀត​ណាម​ កាល​ពី​ថ្ងៃ​ទី​៣​ តុលា ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​ថា នឹង​ចាប់​ផ្តើម​ការ​រុក​រក​អដ្ឋិធាតុ​ទាហាន​វៀត​ណាម ដែល​ស្លាប់ ​ក្នុង​សង្រ្គាម​នៅ​កម្ពុជា​ ​នៅក្រុង​សែន​មនោរម្យ និង​ស្រុក​ចំនួន​៤ នៃ​ខេត្ត​មណ្ឌលគិរី​។ ស្រុក​ទាំង​បួននោះ​គឺ៖ ស្រុក​កោះ​ញែក, ស្រុក​ពេជ្រាដា​, ស្រុក​អូររាំង, និង​ស្រុក​កែវ​សីមា​។ នៅ​ក្នុង​ប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​ទាហាន​វៀតណាម​នេះ​ រដ្ឋាភិបាល​វៀតណាម នឹង​បញ្ជូន​ក្រុម​ការងារ​ជំនាញk51 របស់​ខ្លួន ចំនួន​៦៤​នាក់ មក​បោះជំរុំ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌល​គិរី​។

នៅ​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​ឆ្អឹង​ទាហាន​វៀត​ណាម​ដែល​បាន​ស្លាប់​នៅ​ស្រុកខ្មែរ អភិបាលរង​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ទៅ​ក្រុម​ការងារ​ជំនាញ K51 របស់​វៀតណាម ត្រូវ​គោរព​ច្បាប់ ទំនៀម​ទម្លាប់ ប្រពៃណី​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ជន​ជាតិ​ដើម​ភាគ​តិច​។

សូម​ជម្រាប​ជូន​ថា ប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​របស់​កងទ័ព​វៀតណាម​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​រដូវ​ប្រាំង។ បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការងារ​ស្វែងរក​អដ្ឋិធាតុ​នៃ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​ នៅ​សល់​អដ្ឋិធាតុ​របស់​ទាហាន​វៀតណាម​ជិត ៤​ពាន់​នាក់​ទៀត​នៅ​កម្ពុជា មិនទាន់​រក​ឃើញ​នៅឡើយ។ កម្ពុជា-វៀតណាម បាន ដាក់​ផែនការ​រុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម និង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ ឱ្យ​បាន​ចប់​ត្រឹម​ឆ្នាំ​២០២០។

ជា​ការ​កត់​សម្គាល់ ការ​បន្ត​ប្រតិបត្តិការ​របស់​កម្ពុជា​ និង​វៀតណាម លើ​ការងារ​រុក​រក​អដ្ឋិធាតុ​នៅ​ស្រុក​ខ្មែរ​នេះ ធ្វើឡើង​ស្រប​ពេល​ដែលកម្ពុជា​ សម្រេច​ផ្អាក​ការ​រុក​រក​ឆ្អឹង​ទាហាន​អាមេរិក​នៅ​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ពី​ទីក្រុង​ញូវយ៉ក កាល​ពីថ្ងៃទី​២៨ ខែ​កញ្ញា បាន​ប្រកាស​ថា បើ​សហរដ្ឋ​អាមេរិក​ បើក​ទិដ្ឋាការ​ជូន​ដល់​មន្ត្រី​កម្ពុជា​ឡើង​វិញ នោះ​រដ្ឋាភិបាល​របស់​លោក​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​។ រហូត​មក​ដល់​ពេល​នេះ នៅ​សល់​អដ្ឋិធាតុ​ទាហាន​អាមេរិក៤៩​នាក់​ទៀត ដែល​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ