អានតួអត្ថបទ
កម្ពុជា

ប្រមុខ​​រដ្ឋាភិបាល​​កម្ពុ​ជា​-ថៃ ​លើក​ឡើ​ង​​ជា​ថ្មី​​ពី​​ការ​បង្កើត​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​នៅ​​តំបន់​​ព្រំដែន​

ក្នុង​​កិច្ចប្រជុំ ​នៅ​​វិមាន​​រដ្ឋាភិបាល​​ថៃ ​កាល​ពី​​ល្ងាច​​ថ្ងៃទី​១៩ ​ខែធ្នូ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​​លោក​​ឧ​ត្ត​ម​សេនីយ៍ ​ប្រា​យុទ្ធ ​ចាន់​អូ​ចារ ​នាយក​រដ្ឋមន្ត្រី​ថៃ​ បាន​​ជួប​ពិភាក្សា​​ការងារ​​ចំនួន​ ៦ ​ចំណុច។​ ក្នុងនោះ ​ប្រមុខ​រដ្ឋាភិបាល​​ទាំងពីរ ​បាន​លើកឡើង​​ជា​ថ្មីទៀត ​អំពី​​ការប​ង្កើត​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​នៅ​​តំបន់​​ព្រំដែន​ នៅ​​ខេត្តកោះកុង ​នៅ​​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ ​និង​​នៅ​​តំបន់​ព្រំដែន​​មួយទៀត​។ ​នាយករដ្ឋមន្ត្រី​កម្ពុជា ​និង​ថៃ ​ក៏​បាន​​ពិភាក្សា​​ពី​​តំបន់​​ត្រួត​ស៊ីគ្នា​​នៅ​​ព្រំដែន​​សមុទ្រ ​បញ្ហា​​ពលករ​​កម្ពុជា​​ធ្វើការ​​នៅ​​ថៃ ព្រម​ទាំង​​ករណី​​វត្ថុ​បុរាណ​ ដែល​​ថៃ​​ទើប​​ចាប់​បាន​។

ប្រមុខ​រដ្ឋាភិបាលក​ម្ពុជា និ​ង​ថៃ ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃទី​១៩ ​ខែ​ធ្នូ ឆ្នាំ២០១៤​ នៅ​ក្នុង​ប្រទេស​ថៃ​
ប្រមុខ​រដ្ឋាភិបាលក​ម្ពុជា និ​ង​ថៃ ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃទី​១៩ ​ខែ​ធ្នូ ឆ្នាំ២០១៤​ នៅ​ក្នុង​ប្រទេស​ថៃ​ @Facebook
ផ្សាយពាណិជ្ជកម្ម

នៅក្រៅ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី៥ នៅ​ទីក្រុង​បាងកក កាលពី​ល្ងាច​ថ្ងៃទី១៩ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ។

ក្នុង​កិច្ចប្រជុំ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នូវ​ចំណុចសំខាន់ៗ ចំនួន ៦ ចំណុច មាន​ជាអាទិ៍ ស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​ឲ្យ​បាន​ឆាប់​រវាង​ក្រុមការងារ​ចម្រុះ​របស់​ប្រទេស​ទាំងពីរ ពាក់ព័ន្ធ​នឹង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​តំបន់​ព្រំដែន ខេត្តកោះកុង ជាមួយ​ខេត្ត​ត្រាត របស់​ថៃ នៅ​ប៉ោយប៉ែត​របស់​កម្ពុជា ជាមួយ​អារញ្ញ​ប្រាថេត​របស់​ថៃ និង​តំបន់​ព្រំដែនផ្សេងៗទៀត។ ក្នុងនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​ជំរុញ​ឲ្យ​មានការ​ពិភាក្សាគ្នា​លើ​តំបន់​ត្រួតស៊ីគ្នា​នៅ​តំបន់​ព្រំដែន​សមុទ្រ របស់​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ពលករ​កម្ពុជា ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​លើកឡើងថា កម្ពុជា​ត្រៀម​បញ្ជូន​មន្ត្រី​កម្ពុជា​ចំនួន ១០ នាក់​បន្ថែមទៀត ទៅកាន់​ប្រទេស​ថៃ ដើម្បី​ផ្តល់នូវ​លិខិតឆ្លងដែន​ដល់​ពលករ​កម្ពុជា ដែល​មួយចំនួន មិនទាន់មាន​នៅឡើយ។ មាន​ពលករ​កម្ពុ​ជាជាង ៦១ ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ សព្វថ្ងៃ។

ពាក់ព័ន្ធ​នឹង​វត្ថុ​បុរាណ​កម្ពុជា ដែល​បាន​បាត់បង់ ក៏ត្រូវ​បាន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ដល់​ភាគី​ថៃ អនុញ្ញាត​ឲ្យ​អ្នកឯកទេស​កម្ពុជា មក​ពិនិត្យមើល​វត្ថុ​បុរាណ ដែល​ថៃ​ទើបនឹង​ចាប់បាន។ លោក​ហ៊ុនសែន ក៏បាន​ស្នើ​ឲ្យ​ភាគី​ថៃ បន្ធូរបន្ថយ​នូវ​លក្ខខណ្ឌ​ដ៏​តឹងរឹង​មួយចំនួន ទាក់ទិន​នឹង​វត្ថុ​បុរាណ ដើម្បី​ឲ្យ​កម្ពុជា អាច​នាំ​មកវិញ។

ចំពោះ​ការលើកឡើង​ខាងលើ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចារ បាន​លើកឡើងថា ថៃ​បាន​បង្កើត​គណៈកម្មការ​រួចហើយ ដើម្បី​និយាយ​ពី​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ។ លោក​ថា ភាគី​ទាំងពីរ​នឹងធ្វើ​ការពិភាក្សាគ្នា​កាន់តែ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ពិសេស​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​ទំនិញ​ឆ្លងដែន នៃ​ប្រទេស​ទាំងពីរ។ អំពី​បញ្ហា​តំបន់​ត្រួតស៊ីគ្នា ក្នុង​សមុទ្រ​នៃ​ប្រទេស​ទាំងពីរ លោកនាយក​រដ្ឋមន្ត្រី​ថៃ ក៏​សន្យាថា នឹង​ជំរុញ​ឲ្យ​ក្រុមការងារ​ថៃ ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​ជាមួយ​កម្ពុជា​ផងដែរ។

អំពី​បញ្ហា​វត្ថ​បុរាណ ត្រូវបាន​នាយករដ្ឋមន្ត្រី​ថៃ អះអាងថា ប្រសិនជា​កម្ពុជា មាន​ភស្តុតាង​ប្រមាណ ៧០% នោះ​កម្ពុជា អាច​ទទួលយក​វត្ថុ​បុរាណ​ទាំងនោះ​មកវិញ។ ថៃ​ក៏​ស្វាគមន៍​អ្នកឯកទេស​កម្ពុជា ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​វត្ថុ​បុរាណ ដែល​ថៃ ចាប់​រឹបអូស​បាន​ទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ