ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

៧​ខែ​ឆ្នាំ​២០១៨​៖ ករណី​ជំងឺ​គ្រុន​ឈាម​កើន​ឡើង​ជាង​៣ ពាន់ករណី ធៀប​នឹង​ឆ្នាំ​២០១៧​

media ជំងឺ​គ្រុន​ឈាម @google

ករណី​ជំងឺ​គ្រុនឈាម​ បាន​ហក់​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈ មាន​មនុស្ស​ចំនួន ១៣ ក្នុង​ចំណោម​៧ ពាន់នាក់​ដែល​កើត​ជំងឺ​គ្រុនឈាម បាន​បាត់​បង់​ជីវិត គិត​ត្រឹម​រយៈពេល​៧ ខែ ឆ្នាំ២០១៨​។ ជា​ការ​ឆ្លើយ​តប ក្រសួង​សុខា​ភិបាល​ អះអាង​ថា បើ​ទោះ​បី​ជា មាន​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​គ្រុនឈាម តែ​អាជ្ញាធរ​អាច​គ្រប់គ្រង​សភាពការណ៍​បាន តាមរយៈ​ការ​ដាក់​ចេញ​វិធានការ​ជា​បន្ត​បន្ទាប់​។

បើ​តាមរ​បាយការណ៍​របស់​ក្រសួង​សុខាភិបាល រយៈ​ពេល​ ២៦ សប្តាហ៍ ឆ្នាំ២០១៨ មាន​ជំងឺ​គ្រុនឈាម កើត​ឡើង​ចំនួន ៥២៨៤ ​ករណី​ ពោល​គឺ​កើន​ឡើង​ចំនួន ៣៧០៤ ​ករណី​ស្មើ​នឹង ៧៧ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​ត្រឹម​តែ ១៥៨០ ​ករណី​។ បើ​តាម​របាយការណ៍​ដដែល ក្នុង​ចំណោម​មនុស្ស​៧ ពាន់​នាក់​ដែល​កើត​ជំងឺ​គ្រុន​ឈាម ​មាន​មនុស្ស​ចំនួន​ ១៣ ដែល​ភាគ​ច្រើន​ជា​កុមារ បាន​ស្លាប់ ក្នុង​រយៈ​ពេល​ ៧ ខែ​ឆ្នាំ​២០១៨​នេះ​។

លោក​វេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ា​ស៊ីត​សាស្ដ្រ នៃ​ក្រសួង​សុខាភិបាល​ បញ្ជាក់​ថា ករណី​ស្លាប់​ភាគ​ច្រើន កើត​ឡើង​ដោយ​សារ​អាណាព្យាបាល​យឺតយ៉ាវ​បញ្ជូន​កូន​មក​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​សុខាភិបាល អះអាង​ថា បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​គ្រុន​ឈាម​ក៏​ដោយ តែ​អាជ្ញាធរ​នៅ​អាច​គ្រប់​គ្រង​សភាពការណ៍​បាន​។

ក្រសួង​សុខា​ភិបាល បាន​ត្រៀម​សេរ៉ូម​ប្រមាណ ៥​ម៉ឺន​ប្លោក ថ្នំា​អាបែត ចំនួន ៣៥០តោន និង ថ្នំា​បាញ់​សម្លាប់​មូសជាង​ ៦ពាន់លីត្រ ។ សេរ៉ូម​និង​ថ្នាំ​ទាំង​នេះ ត្រូវ​បាន​បែង​ចែក​តាម​មន្ទីរ រាជធានី-ខេត្ត ដើម្បី​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​គ្រុន​ឈាម​នៅ​ឆ្នំា ២០១៨​នេះ​ ។

ក្រៅ​តែ​ពី​ការ​ដាក់​ចេញ​វិធានការណ៍​ជា​បន្ត​បន្ទាប់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល កាល​ពី​សប្តាហ៍​មុន ក្នុង​ឱកាស​ចុះ​ចែក​ថ្នាំ​ពេទ្យ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ក៏​បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ដើម្បី​បង្ការ​ពី​ជំងឺ​ឆ្លង​ផ្សេងៗ ក្រោយ​ទឹក​ស្រក​ ក្នុង​នោះ​រួម​មាន៖ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ស្អាត និង​ដេក​នៅ​ក្នុង​មុង​ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​រដ្ឋមន្រ្តី ក៏​ទទូច​ឱ្យ​ប្រជាពលរដ្ឋ ទាក់ទង ឬ​មក​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ បើ​សង្ស័យ​មាន​ជំងឺ​គ្រុន​ឈាម​។

ជំងឺគ្រុនឈាម​ធ្លាប់​រាតត្បាត​ខ្លាំង​ចុងក្រោយ​នៅ​ឆ្នាំ​២០១២ ហើយជាទូទៅ នៅ​អំឡុង​ពេល​រាតត្បាត​ខ្លាំង គឺ​នៅ​រៀងរាល់ ៥ ទៅ ៦​ឆ្នាំ​ម្ដង។ ដូច្នេះ មានន័យថា ឆ្នាំ​២០១៨នេះ គឺជា​ឆ្នាំ​ដែល​ត្រូវ​ដល់​វដ្ដ​នៃ​ការ​រាតត្បាត​ធំ​ម្ដង​ទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ