ក្រុមការងារអន្តរក្រសួងផ្ដើមដោះស្រាយបញ្ហាដីធ្លីផ្សេងមួយទៀតនៅខេត្តកោះកុង ក្រោយបញ្ចប់សំណុំរឿងស្ករអំពៅ
បន្ទាប់ពីដោះស្រាយបិទបញ្ចប់សំណុំរឿងដីស្ករអំពៅនៅកោះកុងកាលពីពេលថ្មីៗនេះ ឥឡូវក្រុមការងារថ្មីមួយដឹកនាំដោយក្រសួងបរិស្ថាន និងក្រសួងដែនដី បានងាកមកដោះស្រាយបញ្ហាដីធ្លីរុំារ៉ៃមួយករណីផ្សេងទៀត នៅខេត្តកោះកុងដដែល។ ជាសំណុំរឿងមួយកើតឡើងជាង១០ឆ្នាំមកហើយ រវាងក្រុមហ៊ុនចិនទទួលសិទ្ធិអភិវឌ្ឍន៍ទីក្រុងរណបនៅខេត្តកោះកុង និងពលរដ្ឋចំនួន៦ឃុំ រស់នៅស្រុកគិរីសាគរ។ តំណាងពលរដ្ឋរងគ្រោះ បានជំរុញឲ្យអាជ្ញាធរដោះស្រាយឲ្យបានឆាប់ដូចពលរដ្ឋ ដែលមានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ក្រុមការងារនៃក្រសួងបរិស្ថាន និងក្រសួងដែនដី សហការជាមួយអាជ្ញាធរខេត្តកោះកុងបានចាប់ផ្ដើម ការងារតាំងតែពីថ្ងៃទី៩ខែកក្កដា ក្នុងបេសកម្ម វាស់វែងកំណត់អត្តសញ្ញាណដីជូនពលរដ្ឋជាង៣០០គ្រួសារ នៅក្នុងឃុំចំនួន៣ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមលិខិតរបស់ក្រសួងបរិស្ថានចុះថ្ងៃទី៥ខែកក្កដា តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅប៉ុន្មានថ្ងៃនេះ។
អ្នកស្រី សាំង ពុយ ពលរដ្ឋរងគ្រោះ រស់នៅក្នុងឃុំព្រែកខ្សាច់ បានអះអាងថា ដីរបស់គាត់ត្រូវបានក្រុមហ៊ុនចិនហាមឃាត់មិនឲ្យចូលទៅជិតឡើយ។ ហើយ សម្រាប់អាជ្ញាធរវិញ បដិសេធមិនដោះស្រាយឲ្យរូបគាត់ឡើយ ក្រោមហេតុផលថា រស់នៅក្នុងភូមិ ឃុំ មិនច្បាស់លាស់។ មូលហេតុនេះ អ្នកស្រី សាំង ពុយ ច្រានចោល និងទទូចឲ្យអាជ្ញាធរដោះស្រាយឲ្យបានឆាប់ដូចពលរដ្ឋកោះកុងមានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅ ដែលទើបតែបិទបញ្ចប់កាលពីពេលថ្មីនេះ។ នេះបើតាម អ្នកស្រី សាំង ពុយ។
មន្ត្រីលីកាដូប្រចាំខេត្តកោះកុងលោក ហួរ អ៊ីន បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១២កក្កដានេះថា ទំនាស់រវាងក្រុមហ៊ុនចិន និងពលរដ្ឋនៅកោះកុងនៅពេលនេះគឺមានភាពស្មុគស្មាញ។ ស្មុគស្មាញដោយសារតែទំហំនៃផលប៉ះពាល់ស្ថិតនៅក្នុងរូបភាពមួយធ្ងន់ធ្ងរ ដោយសារតែវាបានប៉ះពាល់ដល់ពលរដ្ឋចំនួន៥ឃុំនិង២ស្រុក។ ហើយចំពោះឥរិយាបថនៃការដោះស្រាយរបស់អាជ្ញាធរគឺដោះស្រាយឲ្យពលរដ្ឋ ដែលមានដីផ្ទះ និងដីស្រែ ចម្ការ តែនៅក្នុងមូលដ្ឋានប៉ុណ្ណោះ។ ចំណែកពលរដ្ឋមកពីមូលដ្ឋានផ្សេង ដ្បិតតែរស់នៅក្នុងឃុំជាមួយគ្នា ក៏អាជ្ញាធរមិនដោះស្រាយឲ្យដែរ។ នេះបើតាមលោក ហួរ អ៊ីន។
ទោះជាបែបណាក៏មន្ត្រីអង្គការលីកាដូរូបនេះ ស្វាគមន៍ដែលក្រសួងពាក់ព័ន្ធបញ្ជូនក្រុមការងារមកដោះស្រាយបញ្ហា ដែលអូសបន្លាយជាង១០ឆ្នាំនេះ។ ហើយបើតាមលោក ហួរ អ៊ីន ក្នុងចំណោម៥ឃុំគឺឃុំព្រែកខ្សាច់ ឋិតនៅស្រុកគិរីសាគរកំពុងធ្វើការដោះស្រាយដំបូងគេ។
តែយ៉ាងណាក៏ដោយជុំវិញបញ្ហានេះមិនទាន់មានការឆ្លើយតបពីអាជ្ញាធរឬស្ថាប័នពាក់ព័ន្ធឡើយ ប៉ុន្តែខ្លឹមសារនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានបានបង្ហាញពីការប្ដេជ្ញាចិត្តដោះស្រាយឲ្យបានឆាប់ដើម្បីឲ្យពលរដ្ឋបានរស់នៅកាន់កាប់ ប្រើប្រាស់និងអាស្រ័យផលជាក់ស្ដែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ