ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/06 12h00 GMT
កម្ពុជា

គ្រូបង្រៀន​១៣​រូប​​ស្វែង​រក​​អន្តរាគមន៍​​ពី​​លោក​​ហ៊ុន សែន​ ក្រោយ​ពី​​ក្រសួង​​អប់រំ​​បញ្ឈប់​​ពី​​ការងារ​

media  
លោករ៉ុង ឈុន ​និង​គ្រូបង្រៀន​ដែល​ត្រូវ​ក្រសួង​អប់រំ​បញ្ឈប់​ពី​ការងារ​ធ្វើ​សន្និសិទ​កាសែត​នៅ​ព្រឹកថ្ងៃ​ទី៦ ​មីនា ​ឆ្នាំ​២០១៨​ @RFI

លោកគ្រូ អ្នកគ្រូ​ចំនួន១៣នាក់​តាមរយៈ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅថ្ងៃនេះ បានដាក់​លិខិត​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​ឲ្យ​ពួកគេ​បាន​ចូល​ក្របខណ្ឌ​ក្រសួង​អប់រំ​វិញ។ សំណើ​នេះ បានរៀបចំ​ធ្វើឡើង​នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​នៅ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ព្រឹក​មិញ​នេះ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ក្រសួង​អប់រំ​បញ្ឈប់​ពី​ការងារព្រមៗគ្នា​ចាប់ពី​ថ្ងៃទី១ ខែមករា ដើមឆ្នាំ​នេះ។

លោកគ្រូ អ្នកគ្រូ​ទាំង១៣នាក់​ដែល​កំពុង​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ បាន​អះអាងថា ពួកគេ​ត្រូវបាន​ក្រសួង​អប់រំ​ចេញ​លិខិត​បញ្ឈប់​ពី​ការងារ​នៅ​ថ្ងៃទី៣០ មករា ដូចៗគ្នា ដោយ​ក្រសួង​លើក​ហេតុផល​ថា ដោយសារតែ​ពួកគេ​ខ្លះ​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ខ្លះទៀត​បោះបង់ចោល​ការងារ។ ក្នុងចំណោម​គ្រូបង្រៀន​ទាំងនេះ ក៏មាន​លោក​រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)កូតា​ខាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ សម្រាប់​លោក​រ៉ុង ឈុន ការបញ្ឈប់​រូបលោក​ក៏ដូចជា​គ្រូបង្រៀន​ដទៃទៀត​គឺជា​ការរំលោភ​ទៅនឹង​ច្បាប់​ស្តីពី​សហលក្ខន្តិក​មន្ត្រីរាជកា​រ​ស៊ីវិល ព្រោះថា​មុន​ការចេញលិខិត​បញ្ឈប់​នេះ ក្រសួង​អប់រំ​មិនបាន​ហៅ​គ្រូបង្រៀន​ទៅ​ណែនាំ​ឬ​ស្តីបន្ទោស​អ្វី​ទេ​គឺ​បញ្ឈប់​យកតែ​ម្តង។

ខណៈ​ក្រសួង​អប់រំ​មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​បាន​ចំពោះ​បញ្ហា​នេះ លោកស្រី​អ៊ុក ឆាយា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ទាញ​ភ្ជាប់​ទង្វើ​របស់​ក្រសួង​អប់រំ​នេះ​ទៅនឹង​រឿង​នយោបាយ។ មូល​ហេតុដែល​លោកស្រី​គិត​ដូច្នេះ ក៏​ព្រោះថា គ្រូបង្រៀន​ទាំងនេះ​គឺ​សុទ្ធសឹងតែ​ជា​អតីត​ក្រុមប្រឹក្សា​ខេត្ត-ក្រុង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​លោក​រ៉ុង ឈុន​វិញ គឺជា​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ ក៏ប៉ុន្តែ​គ្រូបង្រៀន​ម្នាក់​ក្នុងចំណោម១៣នាក់​នេះ​ដែល​មកពី​ខេត្តព្រៃវែង​អះអាងថា លោក​មិន​ស្ថិតក្នុង​ករណីនេះ​ទេ គឺ​លោក​ត្រូវបាន​ក្រសួង​បញ្ឈប់​បន្ទាប់ពី​លោក​បាន​ព្យួរការងារ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង។ តែ​ទោះជា​យ៉ាងណា លោក​ក៏​ដូច​គ្រូបង្រៀន​ដទៃទៀត​ដែរ​គឺ​សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​បានការ​ងារ​ធ្វើ​ឡើងវិញ​ពីព្រោះថា វា​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​យ៉ាងខ្លាំង។

បើទោះបី​ទើបនឹង​ដាក់​លិខិត​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃនេះ ប៉ុន្តែ​លោកស្រី​អ៊ុក ឆាយា​វី ស​ង្ឈឹ​ម ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ពិនិត្យ​ពិចារណា និង​ផ្តល់​ក្របខណ្ឌ​ក្រសួង​អប់រំ​ដល់​ពួកគេ​វិញ ដោយហេតុថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​ដែល​ក្រសួង​អប់រំ​បញ្ឈប់​ពួកគេ​ទាំង​ដែល​ពុំមាន​កំហុស​បែបនេះ។ សម្រាប់​លោកស្រី​អ៊ុក ឆាយា​វី ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី​មិន​ជួយ​ដល់​ពួកគេ​ទាំងនេះ​ទេនោះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នឹង​បន្ត​ដាក់​លិខិត​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិផ្សេងៗ ពិសេស​អង្គការ​អប់រំ​អន្តរជាតិ។ ប៉ុន្តែ​បើសិនជា​អង្គការ​អន្តរជាតិ​ពុំ​អាចធ្វើ​អ្វី​បាន​ទៀត​នោះ ជម្រើស​ចុងក្រោយ គឺ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នឹង​រៀបចំ​ឲ្យ​ការជួប​ជុំគ្នា​នៅមុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រសួង​អប់រំ​តែម្តង ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​បុគ្គលិក​សិក្សា​ទាំង១៣នាក់​នេះ។

សូម​រំលឹក​ជូន​ដែរ​ថា កន្លងមក លោក​រ៉ុង ឈុន​ក៏​ធ្លាប់បាន​សរសេរ​លិខិត​សុំ​អន្តរាគមន៍​ទៅកាន់​សមាគម​គ្រូបង្រៀន​ពិភពលោក ប៉ុន្តែ​មកដល់ពេលនេះ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ មិនទាន់​ឆ្លើយតប​បែប​ណាមួយ​មកកាន់​លោក​រ៉ុង ឈុន​នៅឡើយ​ទេ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ