អានតួអត្ថបទ
កម្ពជា

​រាជបណ្ឌិតសភា៖​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​មិន​អាច​ជា​ឧបករណ៍​ឲ្យ​បរទេស​លូក​ដៃ​ចូល​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​

ថ្ងៃអង្គារ​ទី​២៣ ​ខែ​តុលា​នេះ ​គឺ​ជា​គម្រប់​ខួប​២៧​ឆ្នាំ​នៃ​ការ​កកើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩​៩១​។ ​ជា​កិច្ច​ព្រមព្រៀង ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ភាគី​ខ្មែរ​និង​ខ្មែរ​ និង​នាំ​យក​សន្តិភាព​ជូន​ជាតិ​កម្ពុជា​។ ប៉ុន្តែ​ចុង​ក្រោយ​នេះ ​អតីត​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ ​បើក​កិច្ចប្រជុំ​ជា​ថ្មី​ស្តី​ពី​កម្ពុជា ​តែ​បក្ស​កាន់​អំណាច​ថា ​គ្មាន​ផ្លូវ​ទៅរួច​ទេ​។ ​សម្រាប់​រាជបណ្ឌិត​សភា​កម្ពុជា​វិញ​ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ​មិន​អាច​ធ្វើ​ជា​ឧបករណ៍​ឲ្យ​បរទេស​លូកដៃ​ចូល​បញ្ហាផ្ទៃ​ក្នុង​កម្ពុជា​បាន​ឡើយ​។

ថ្ងៃទី២៣ ខែតុលានេះ គឺជាគម្រប់ខួប២៧ឆ្នាំនៃការកកើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១
ថ្ងៃទី២៣ ខែតុលានេះ គឺជាគម្រប់ខួប២៧ឆ្នាំនៃការកកើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ @RFI
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​២៣​ តុលា​នេះ ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា ​បាន​លើកឡើង​ពី​គុណ​សម្បត្តិ​ជា​ច្រើន​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា​ចំពោះ​ការ​ដឹកនាំ​ប្រទេស​ជាតិ​ប្រកប​ដោយ​សន្តិភាព ​ការអភិវឌ្ឍ ​និង​រីកចម្រើន ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។ ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ ក៏បាន​កត់​សម្គាល់​ទៀត​ថា​ សមិទ្ធិផល​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កំពុង​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​ចរន្ត​នៃ​ដំណើរ​វិវឌ្ឍ​ទស្សនទាន​ស្តីពី​វប្បធម៌​សន្តិភាព​របស់​ពិភពលោក ​និង​គោលដៅ​អភិវឌ្ឍ​សហ​សវត្សរ៍​។

បើ​ទោះ​រាជបណ្ឌិត​សភា​កម្ពុជា​មើលឃើញ​ពី​ផល​វិជ្ជមាន​បែបនេះ​ក្តី ​ប៉ុន្តែ​អតីត​បក្សប្រឆាំង​វិញ​មិន​ដូច្នោះ​ឡើយ​។ មន្រ្តី​និង​អ្នកគាំទ្រ​អតីត​គណបក្សសង្រ្គោះជាតិ​បាន​អះអាង​ថា ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បំពាន​នឹង​កិច្ចព្រមព្រៀង​នេះ​តាមរយៈ​ការ​រំលាយ​បក្សប្រឆាំង ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​ និង​រំលោភ​សិទ្ធិមនុស្ស ​សិទ្ធិ​នយោបាយ​ជា​ដើម​។ អតីត​បក្សប្រឆាំង ​ថែមទាំង​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​បើក​កិច្ចប្រជុំ​ជា​ថ្មី ​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ក៏ប៉ុន្តែ​ គណបក្ស​ប្រជាជន​កម្ពុជា​ថា ​វា​មិនអាច​ទៅ​រួច​នោះទេ​។ ​ចំណែក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​វិញ ​បាន​អះអាង​បន្ថែម​ថា ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មាន​តម្លៃ​ខាង​ផ្នែក​សីលធម៌​ និង​មរត​ក​ប្រវត្តិសាស្រ្ត​។ ​ដូច្នេះហើយ ​គេ​មិន​អាច​ប្រើ​កិច្ចព្រមព្រៀង​នេះ ​ដើម្បី​ជា​លិខិតូបករណ៍ ​ឬ​ជាឧបករណ៍​អូសទាញ​ឲ្យ​សហគមន៍​អន្តរជាតិ ​មក​ចូល​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​ ដែល​ជា​រដ្ឋអធិបតេយ្យ​បាន​ទេ​។ ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ក៏បាន​គូសបញ្ជាក់​ថា ​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​ត្រូវ​ដោះស្រាយ​ដោយ​កម្ពុជា ​ក្រោម​ច្បាប់​ផ្ទៃក្នុង​កម្ពុជា ​ហើយ​ថា​សហគមន៍​អន្តរជាតិ ​មិន​អាច​ប្រើ​លេស​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ ​ដើម្បី​មក​រំលោភ​លើ​រដ្ឋកម្ពុជា​បាន​ឡើយ​។

ជាមួយ​នឹង​ការ​លើកឡើង​បែបនេះ ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា ​ក៏បាន​ប្រកាស​ធ្វើការ​កត់​សម្គាល់​ដែរ​ថា ​សម្តេច​ព្រះនរោត្តម ​សីហនុ ​និង​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​គឺ​ជា​ស្ថានិក​ដ៏សំខាន់​បំផុត​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ​ក៏ប៉ុន្តែ​លោក សម រង្ស៊ី ​វិញ ​បាន​អះអាង​ថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ ​គឺ​ជា​ស្នា​ព្រះហស្ថ​របស់​សម្តេច​ព្រះនរោត្តម ​សីហនុ ​ព្រះបរមរតនកោដ្ឋ ​ដែល​ជា​ព្រះបិតា​បង្រួប​បង្រួម​ជាតិ ​និង​ឯកភាពជាតិ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ