អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ីវិល​​ចំនួន​៧៣​រួមគ្នា​​ស្នើ​ឱ្យ​​រដ្ឋាភិបាល​​កម្ពុជា​​ប​ញ្ឈ​ប់​​ការ​យាយី​​តាម​​ផ្នែក​​ច្បាប់​​លើ​​មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​

អង្គការ​សង្គម​ស៊ីវិល​ចំនួន៧៣ នៅ​ថ្ងៃទី០១ មិថុនា​នេះ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ បង្ហាញ​ពី​ការព្រួយបារម្ភ អំពី​ការ​ធ្វើទុក្ខបុកម្នេញ​តាមផ្លូវ​តុលាការ លើ​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រៅពី​ព្រួយបារម្ភ អង្គការ​ទាំងនេះ​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការយាយី​លើ​ពួកគេ និង ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ប៉ុន្តែ គណបក្សកាន់អំណាច​មិន​ទទួលយក​ការព្រួយបារម្ភ និង​សំណើ​នេះ​បានទេ ដោយ​អះអាងថា ជាការ​ធ្វើឡើង​បែប​លម្អៀង​ខាង​នយោបាយ។

លោក គង់ ម៉ាស់  សកម្មជនអតីតគណបក្សសង្រ្គោះជាតិដែលត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​
លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិដែលត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​ @FB/Kong Mas
ផ្សាយពាណិជ្ជកម្ម

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង អន្តរជាតិ​ចំនួន៧៣ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន បាន​កត់សម្គាល់ថា នាពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នៅក្នុង​ខេត្តបាត់ដំបង កំពង់ធំ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និង ខេត្ត​ត្បូងឃ្មុំ បាន​ប្រឈមមុខ​នឹង​វិធានការ​ផ្លូវច្បាប់។ ក្នុងនោះ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងហោចណាស់១៤០នាក់ ត្រូវបាន​តុលាការ​ក្នុង​ខេត្ត​មួយចំនួន កោះហៅ​ឱ្យ​ចូលទៅ​បង្ហាញខ្លួន ឬ​ត្រូវបាន​នគរបាល​មូលដ្ឋាន​សាកសួរ។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល ភាគច្រើន​នៃ​ការ​ដីកា​កោះហៅ​ពួកគេ គឺ​ពុំមាន​ផ្តល់​មូលដ្ឋាន​ផ្លូវច្បាប់​ជាក់លាក់​ទេ គឺ​គ្រាន់តែ​ផ្អែក​តាម​ការចោទប្រកាន់​មិន​ច្បាស់លាស់​ថា ពួកគេ​រំលោភ​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១។

បន្ថែម​លើ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​កត់ត្រា​ផងដែរ ទៅលើ​ការចាប់ខ្លួន​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ក្នុង​ខេត្តស្វាយរៀង​កាលពី​ខែមករា ការចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​អតីត​សមាជិក​ជាន់ខ្ពស់​បក្សប្រឆាំង៨រូប​ពីបទ​រួមគំនិត​ក្បត់ជាតិ​កាលពី​ខែមីនា និង ការស្លាប់​កូនប្រុស​របស់​អតីត​សមាជិក​ឃុំ​ប្រឹក្សា​ឃុំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ចាម។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានចាត់ទុក​ការអនុវត្ត​ច្បាប់​លើ​ពួកគេ​នេះ​ថា ពុំទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​ពេញលេញ។

ការលើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ បានធ្វើឱ្យ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន ហួសចិត្ត។ ហួសចិត្ត ដោយសារតែ​លោក​គិតថា ពួកគេ​មាន​ជំហរ​លម្អៀង​ខាង​នយោបាយ ព្រោះថា រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​ផ្លូវច្បាប់​តែ​លើ​អ្នកប្រព្រឹត្ត​ខុស​តែប៉ុណ្ណោះ មិន​ដូច​អ្វីដែល​ពួកគេ​លើកឡើង​ឡើយ។

ក៏ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​វិញ​បាន​ចាត់ទុកថា វិធានការ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺជា​ការរំលោភបំពាន​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន។ ដូច្នេះ ពួកគេ​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការយាយី​នេះ ហើយ​ចាត់វិធានការ​ជាក់លាក់ ដើម្បី​ស្តារ​លំហ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ក៏ដូចជា​បង្ក​ឱ្យ​បរិយាកាស​ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុងការ​អនុវត្ត​សិទ្ធិសេរីភាព​ខាង​បញ្ចេញមតិ ការជួបប្រជុំ និង​ការចូលរួម​ផ្នែក​នយោបាយ។

ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក​សុខ ឥសាន បានស្នើ​តប​ទៅកាន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​វិញ ដោយ​ប្រាប់​ឱ្យ​ពួកគេ​ទៅ​ណែនាំ​ដល់​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​កុំឱ្យ​មានការ​ប្រព្រឹត្ត​ខុសច្បាប់។ ធ្វើបែបនេះ​បាន រដ្ឋាភិបាល​កម្ពុជា​នឹងមិន​ចាត់វិធានការ​ផ្លូវច្បាប់​ណាមួយ​ទៅលើ​ពួកគេ​ឡើយ។ នេះ​បើតាម​លោក សុខ ឥសាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ