អានតួអត្ថបទ
កម្ពុជា

តំណាងរា​ស្ត្រ​​APHR ​ស្នើ​​មេដឹកនាំ​​អាស៊ាន​​គិតគូរ​​បញ្ហា​​រំលោភ​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា ​មី​យ៉ាន់​ម៉ា ​ហ្វីលីពីន ​និង​​ថៃ​

ក្រុម​បណ្តាញ​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស(APHR)បាន​អំពាវនាវ​ដល់​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់​ដែល​កំពុង​ជួបប្រជុំគ្នា​នៅ​ប្រទេស​ថៃ​ឱ្យ​លើកយក​បញ្ហា​សិទ្ធិមនុស្ស​ដាក់​ជា​បញ្ហា​អាទិភាព ដើម្បី​ជជែក​ពិភាក្សាគ្នា។ ការអំពាវនាវ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី១ វិច្ឆិកា គឺ​មុន​មួយថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ធ្វើឡើង​នៅ​ថៃ។ សម្រាប់​ក្រុម​សមាជិកសភា​APHR បញ្ហា​សិទ្ធិមនុស្ស​ដែល​កំពុង​រង​ការរំលោភបំពាន គឺ​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា កម្ពុជា ហ្វីលីពីន និង​ថៃ។

ប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលទាំង១០ប្រទេសដែលជាសមាជិកបានចូលរួមកិច្ច​ប្រជុំកំពូលអាស៊ាន​នៅ​ថៃ​
ប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលទាំង១០ប្រទេសដែលជាសមាជិកបានចូលរួមកិច្ច​ប្រជុំកំពូលអាស៊ាន​នៅ​ថៃ​ @ASEAN Facebook
ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​Jakarta ប្រទេស​ឥណ្ឌូនេស៊ី ក្រុម​សមាជិកសភា​នៅ​ទូទាំងប្រទេស​អាស៊ីអាគ្នេយ៍ បាន​អំពាវនាវ​ដល់​មេដឹកនាំ​របស់​ពួកគេ​ដែល​កំពុង​ជួបប្រជុំគ្នា​នៅក្នុង​ប្រទេស​ថៃ​កុំឱ្យ​មើលរំលង​ពី​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​នេះ។ បញ្ហា​ប្រឈម​ដែល​ក្រុម​សមាជិកសភា​ទាំងនេះ​ចង់​សំដៅ​ដល់​នោះ គឺ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា កម្ពុជា ហ្វីលីពីន និង ប្រទេស​ថៃ។ នៅ​ប្រទេស​មី​យ៉ាន់​មា ពួកគេ​សម្តែង​ការព្រួយបារម្ភ​ពី​ការបន្ត​កើតមាន​ការរំលោភបំពាន​សិទ្ធិមនុស្ស និង ការដាក់ទោសទណ្ឌ​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ។ ឯ​នៅ​ប្រទេស​កម្ពុជា​វិញ គឺ​បញ្ហា​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង វាយប្រហារ​ទៅលើ​ក្រុមប្រឆាំង។

ចំណែក​នៅ​ប្រទេស​ហ្វីលីពីន ក្រុម​សមាជិកសភា​ទាំងនេះ​បារម្ភ​ពី​ការខ្វះ​ការទទួលខុសត្រូវ​លើ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ជាច្រើន​ពាន់​នាក់ ហើយ​នៅ​ប្រទេស​ថៃ​វិញ ពួកគេ​បារម្ភ​ពី​ការគាបសង្កត់​លើ​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ និង​ការជ្រៀតជ្រែក​របស់​យោធា​នៅក្នុង​នយោបាយ​ប្រទេស។ មិនតែប៉ុណ្ណោះ ពួកគេ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ដែរ​ថា មេដឹកនាំ​ប្រទេស​អាស៊ាន​នឹង​បរាជ័យ​ជាថ្មី​ម្តងទៀត​ក្នុងការ​ពិភាក្សា​ពី​កើនឡើង​នៃ​ការប្រើប្រាស់​អំណាច និង ការខ្វះ​ការប្តេជ្ញា​របស់​រដ្ឋនីមួយៗក្នុងការ​ការពារ​សិទ្ធិមនុស្ស។

ក៏ប៉ុន្តែ ក្រុម​បណ្តាញ​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​នេះ​បាន​ព្រមាន​ថា ប្រសិនបើ​អាស៊ាន​ខកខាន​ក្នុងការ​អនុវត្តតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​ប្តេ​ជា​ចិត្ត​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស នោះ​អាស៊ាន​អាច​នឹងមាន​ការបែកបាក់​នៅ​ថ្ងៃ​ណាមួយ។ បន្ថែម​លើ​នេះ ពួកគេ​ក៏បាន​សង្កត់ធ្ងន់​ពី​តួនាទី​ដ៏​សំខាន់​របស់​សហគមន៍​អន្តរជាតិ​ក្នុងការ​ជំរុញឱ្យមាន​កា​រ​គោរព​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរឡើង​នៅក្នុង​តំបន់​ផងដែរ។

លោក Kasit Piromya អតីត​អ្នកតំណាងរាស្ត្រ​ថៃ និង ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុម​បណ្តាញ​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស បាន​គូសបញ្ជាក់ថា ការគាំទ្រ​ដល់​របប​គ្រប់គ្រង​ផ្តាច់​ការដែល​សង្កត់សង្កិន​លើ​សិទ្ធិ និង សេរីភាព​របស់​ប្រជាពលរដ្ឋ នឹងមិន​នាំឱ្យ​អាស៊ាន​មាន​សន្តិភាព និង ភាពរុងរឿង​យូរអង្វែង​ដូចដែល​អាស៊ាន​បាន​រំពឹងទុក​នោះទេ។ លោក​បន្តថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ ថៃ​គួរតែ​ធ្វើ​គំរូ​គេ​ក្នុង​ការនិយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​នេះ ហើយ​មេដឹកនាំ​ប្រទេស​ដទៃទៀត​ដែល​ចូល​រូ​ម​កិច្ចប្រជុំ​កំពូល​អាស៊ាន ត្រូវតែ​អំពាវនាវ​ដល់​អាស៊ាន និង រដ្ឋ​សមាជិក​ឱ្យ​ដាក់​បញ្ហា​សិទ្ធិមនុស្ស​ជា​បញ្ហា​ចម្បង​នៅក្នុង​កិច្ចប្រជុំ​នេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី៣៥ នៅ​ឆ្នាំនេះ ធ្វើឡើង​នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី០២ ដល់​ថ្ងៃទី០៤ ខែវិច្ឆិកា ដោយមាន​ប្រមុខរដ្ឋ និង ប្រមុខ​រដ្ឋាភិបាល​ទាំង១០ប្រទេស​ដែលជា​សមាជិក​បាន​ចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ