តំណាងរាស្ត្រAPHR ស្នើមេដឹកនាំអាស៊ានគិតគូរបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន និងថៃ
ក្រុមបណ្តាញសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស(APHR)បានអំពាវនាវដល់មេដឹកនាំប្រទេសអាស៊ានទាំងអស់ដែលកំពុងជួបប្រជុំគ្នានៅប្រទេសថៃឱ្យលើកយកបញ្ហាសិទ្ធិមនុស្សដាក់ជាបញ្ហាអាទិភាព ដើម្បីជជែកពិភាក្សាគ្នា។ ការអំពាវនាវនេះ ធ្វើឡើងកាលពីថ្ងៃទី១ វិច្ឆិកា គឺមុនមួយថ្ងៃនៃកិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងនៅថៃ។ សម្រាប់ក្រុមសមាជិកសភាAPHR បញ្ហាសិទ្ធិមនុស្សដែលកំពុងរងការរំលោភបំពាន គឺនៅក្នុងប្រទេសមីយ៉ានម៉ា កម្ពុជា ហ្វីលីពីន និងថៃ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៧
ពីទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី ក្រុមសមាជិកសភានៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ បានអំពាវនាវដល់មេដឹកនាំរបស់ពួកគេដែលកំពុងជួបប្រជុំគ្នានៅក្នុងប្រទេសថៃកុំឱ្យមើលរំលងពីបញ្ហាប្រឈមនៅក្នុងតំបន់នេះ។ បញ្ហាប្រឈមដែលក្រុមសមាជិកសភាទាំងនេះចង់សំដៅដល់នោះ គឺបញ្ហារំលោភសិទ្ធិមនុស្សដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ានម៉ា កម្ពុជា ហ្វីលីពីន និង ប្រទេសថៃ។ នៅប្រទេសមីយ៉ាន់មា ពួកគេសម្តែងការព្រួយបារម្ភពីការបន្តកើតមានការរំលោភបំពានសិទ្ធិមនុស្ស និង ការដាក់ទោសទណ្ឌទៅលើជនជាតិរ៉ូហ៊ីងយ៉ា ។ ឯនៅប្រទេសកម្ពុជាវិញ គឺបញ្ហាបំផ្លាញលទ្ធិប្រជាធិបតេយ្យ និង វាយប្រហារទៅលើក្រុមប្រឆាំង។
ចំណែកនៅប្រទេសហ្វីលីពីន ក្រុមសមាជិកសភាទាំងនេះបារម្ភពីការខ្វះការទទួលខុសត្រូវលើការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការជាច្រើនពាន់នាក់ ហើយនៅប្រទេសថៃវិញ ពួកគេបារម្ភពីការគាបសង្កត់លើសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ និងការជ្រៀតជ្រែករបស់យោធានៅក្នុងនយោបាយប្រទេស។ មិនតែប៉ុណ្ណោះ ពួកគេក៏បានសម្តែងការព្រួយបារម្ភដែរថា មេដឹកនាំប្រទេសអាស៊ាននឹងបរាជ័យជាថ្មីម្តងទៀតក្នុងការពិភាក្សាពីកើនឡើងនៃការប្រើប្រាស់អំណាច និង ការខ្វះការប្តេជ្ញារបស់រដ្ឋនីមួយៗក្នុងការការពារសិទ្ធិមនុស្ស។
ក៏ប៉ុន្តែ ក្រុមបណ្តាញសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះបានព្រមានថា ប្រសិនបើអាស៊ានខកខានក្នុងការអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការប្តេជាចិត្តចំពោះបញ្ហាសិទ្ធិមនុស្ស នោះអាស៊ានអាចនឹងមានការបែកបាក់នៅថ្ងៃណាមួយ។ បន្ថែមលើនេះ ពួកគេក៏បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់សហគមន៍អន្តរជាតិក្នុងការជំរុញឱ្យមានការគោរពសិទ្ធិមនុស្សកាន់តែប្រសើរឡើងនៅក្នុងតំបន់ផងដែរ។
លោក Kasit Piromya អតីតអ្នកតំណាងរាស្ត្រថៃ និង ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមបណ្តាញសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានគូសបញ្ជាក់ថា ការគាំទ្រដល់របបគ្រប់គ្រងផ្តាច់ការដែលសង្កត់សង្កិនលើសិទ្ធិ និង សេរីភាពរបស់ប្រជាពលរដ្ឋ នឹងមិននាំឱ្យអាស៊ានមានសន្តិភាព និង ភាពរុងរឿងយូរអង្វែងដូចដែលអាស៊ានបានរំពឹងទុកនោះទេ។ លោកបន្តថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ថៃគួរតែធ្វើគំរូគេក្នុងការនិយាយពីបញ្ហាសិទ្ធិមនុស្សនេះ ហើយមេដឹកនាំប្រទេសដទៃទៀតដែលចូលរូមកិច្ចប្រជុំកំពូលអាស៊ាន ត្រូវតែអំពាវនាវដល់អាស៊ាន និង រដ្ឋសមាជិកឱ្យដាក់បញ្ហាសិទ្ធិមនុស្សជាបញ្ហាចម្បងនៅក្នុងកិច្ចប្រជុំនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅឆ្នាំនេះ ធ្វើឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះ ធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ដោយមានប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលទាំង១០ប្រទេសដែលជាសមាជិកបានចូលរួម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ