ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT
កម្ពុជា

APHR ​ជំរុញ​​ឲ្យ​​មេដឹក​នាំ​​អាស៊ាន​​ដាក់​​សម្ពាធ​​​ឲ្យ​​លោក​ហ៊ុន សែន ​រៀបចំ​​ការ​បោះឆ្នោត​​ឡើង​វិញ​

media  
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតកន្លងមក Siv Channa/RFI

ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​យក​វេទិកា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សិង្ហ​បុរី​នា​សប្តាហ៍​ក្រោយនេះ ដាក់​សម្ពាធ​លើ​លោកនាយ​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅ​កម្ពុជា។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​នេះ។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ឆ្លើយតប​ទៅវិញ​ថា ការបោះឆ្នោត​កម្ពុជា​មិនមែន​ធ្វើឡើង​តាម​ការទាមទារ​របស់​នរណាម្នាក់​ឡើយ ប៉ុន្តែ​គឺធ្វើឡើង​ទៅតាម​ច្បាប់​កំណត់​របស់​កម្ពុជា។

លោក​Charles Santiago ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា បញ្ហា​សិទ្ធិមនុស្ស​កំពុងស្ថិត​ក្រោម​ការគំរាមកំហែង​នៅ​ទូទាំងប្រទេស​អាស៊ីអាគ្នេយ៍ ។ លោក​ថា គោលការណ៍​មិន​ជៀត​ជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​អាស៊ាន គឺ​បង្ហាញថា ក្រុម​ប្រទេស​ទាំងនេះ គ្មាន​ឆន្ទៈ និង​គ្មាន​សមត្ថភាព​ប្រឆាំង​ទៅ​ការរំលោភបំពាន​សិទ្ធិមនុស្ស។ សម្រាប់​លោក​Charles Santiago កង្វះ​សកម្មភាព​បែបនេះ​ត្រូវតែ​បញ្ចប់ ដោយ​ជំនួស​មកវិញ បញ្ហា​សិទ្ធិមនុស្ស​គួរតែ​ត្រូវ​យកទៅដាក់​នៅ​កណ្តាល​វេទិកា​ប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នា​សប្តាហ៍​ក្រោយ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស បាន​គូស​បញ្ជាក់ទៀតថា មេដឹកនាំ​ប្រទេស​អាស៊ាន មិនអាច​បណ្តោយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រួចខ្លួន​ដោយស្រួលៗក្រោយពី​បាន​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​បានទេ។ ដូច្នេះ​សម្រាប់​លោក​Charles Santiago ពួកគេ​ត្រូវតែ​គាប​សង្កាត់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន ឲ្យ​បញ្ឈប់​ការបង្ក្រាប​លើ​ក្រុម​ជំទាស់ និង រៀបចំ​ការបោះឆ្នោត​ថ្មី​ដែលមាន​លក្ខណៈ​ពិតប្រាកដ សេរី និង​យុត្តិធម៌។

ឆ្លើយតប​នឹង​ការទាមទារ​នេះ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​លោក Charles Santiago ថា​ជា “ឧទ្ទាម​បិសាច” ដែល​មិន​ត្រឹមតែ​ប្រឆាំងនឹង​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ តែ​ថែមទាំង​ប្រឆាំងនឹង​គោលការណ៍​មិន​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​នៃ​ប្រទេស​ផង​គ្នា​របស់​អាស៊ាន​ផង​ទៀត។ សម្រាប់​លោក​ផៃ ស៊ី​ផាន វា​គ្មានអ្វី​ចម្លែក​ទេ​ដែល​លោក Charles Santiago ធ្វើបែបនេះ ព្រោះ​លោក​គឺជា​សម្ព័ន្ធមិត្ត​ជាមួយ​ក្រុម​គណបក្ស​ចាញ់ឆ្នោត។ បើតាម​លោក​ផៃ ស៊ី​ផាន ការបោះឆ្នោត​នៅ​កម្ពុជា​មិនមែន​ធ្វើឡើង​តាម​ការទាមទារ​របស់​នរណាម្នាក់​ឡើយ។ ផ្ទុយទៅវិញ គឺធ្វើឡើង​ទៅតាម​ច្បាប់​កំណត់​របស់​កម្ពុជា។

សូម​ជំរាប​ថា ក្រៅតែពី​បញ្ហា​កម្ពុជា ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR)ក៏បាន​ស្នើ​ឲ្យ​មេដឹកនាំ​ប្រទេស​អាស៊ាន​លើកយក​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ទៅ​ដាក់​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុងប្រទេស​សិង្ហ​បុរី​ផងដែរ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សិង្ហ​បុរី​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១៣ ដល់១៥ខែវិច្ឆិកា សប្តាហ៍​ក្រោយនេះ។ កិច្ចប្រជុំ​នេះ ក៏​នឹងមាន​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចូលរួម​ផងដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ