ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

ឡាវ​​ចេញ​មក​​បញ្ជាក់​ថា គ្មាន​​បញ្ហា​​ធំដុំ​​ទេ​​នៅ​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា​-ឡាវ​

media  
លោកAnousith Khattignarath ដែលជាអនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនឡាវ @Laotian Times

រដ្ឋាភិបាល​ឡាវ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចេញមក​បញ្ជាក់​ឱ្យដឹងថា មិនមាន​ភាព​តានតឹង​នៅតាម​ព្រំដែន​កម្ពុជា-ឡាវ​ដូច​ការផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​នោះទេ។ មិនតែប៉ុណ្ណោះ ឡាវ​ក៏បាន​អះអាង​ទៀតថា គ្មាន​បញ្ហា​ធំដុំ​ទេ​នៅ​តំបន់​ព្រំដែន​នោះ។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ឡាវ Laotian Times។ ការអះអាង​របស់​ឡាវ​នាពេលនេះ ក៏​ដូចគ្នា​នឹង​ការអះអាង​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ​ចំពោះ​បញ្ហា​នៅ​ព្រំដែន​នេះ។

«ខ្ញុំ​សូមបញ្ជាក់​ជា​ផ្លូវការ​ថា នៅ​តំបន់​ព្រំដែន​កម្ពុជា-ឡាវ មាន​ស្ថិរ​ភាពល្អ ហើយ​ប្រទេស​យើង​ទាំងពីរ​មិនបាន​ប្រឈមមុខ​ដាក់គ្នា​ណាមួយ​ទេ។ ចំណែក ភាព​តានតឹង​ក៏​គ្មាន​ដែរ ហើយ​វា​មិនមាន​បញ្ហា​អី​ធំដុំ​អ្វី​ឡើយ»។ នេះ​គឺជា​ការគូសបញ្ជាក់​ឱ្យដឹង​របស់លោក​Anousith Khattignarath ដែលជា​អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​ឡាវ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ លោក​បាន​បន្ថែមទៀតថា នៅ​តំបន់​នោះ គឺ​មិន​មានការ​ប៉ះ​ទ​ង្គិះ​គ្នា​ដោយ​អាវុធ និង គ្មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​ផ្សេងទៀត​ដែរ។

លោក​អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​ឡាវ​ក៏បាន​ចាត់ទុក​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ចេញទៅ​កាលពី​សប្តាហ៍​មុន​ពាក់ព័ន្ធ​បញ្ហា​នៅ​តំបន់​ព្រំដែន​នេះ​ថា ជា​ព័ត៌មាន​មិន​ពិត​ដែល​បង្កើតឱ្យមាន​ការភាន់ច្រឡំ​រវាង​ប្រទេស​ទាំងពីរ។ មិនតែប៉ុណ្ណោះ វា​បាន​បំផ្លាញ​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំងពីរ​ថែមទៀត។

សូមបញ្ជាក់ថា ការ​ចេញមក​បញ្ជាក់រ​បស់​ភាគី​ឡាវ​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​រួចហើយ​ថា មិនមាន​ភាព​តានតឹង​ទេ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ឡាវ។ ព្រំដែន​កម្ពុជា-ឡាវ គឺ​នៅ​តំបន់​មុំ​បី ស្ថិតនៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ការដាក់​បញ្ឈរជើង​កងទ័ពរៀងៗខ្លួន​រវាង​កម្ពុជា និង​ឡាវ​កាលពី​ថ្ងៃទី១៤ ខែសីហា​កន្លងទៅ។ បញ្ហា​នេះ កើតឡើង​បន្ទាប់ពី​កងទ័ព​ឡាវ​បាន​ចូលមក​ដក​ដំណាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​តំបន់​នោះ​ដែល​មិនទាន់បាន​បោះបង្គោល​ព្រំដែន​ដាច់ស្រេច។

ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ពីរបាន​ជួប​ដោះស្រាយ​គ្នា​តាម​ទូរស័ព្ទ​រួចហើយ​ដោយបាន​សម្រេច​ឯកភាពគ្នា​ដក​កងទ័ពរៀងៗខ្លួន​ចេញពី​តំបន់​នោះ ដោយ​ទុកឱ្យ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ជួបប្រជុំ​ដោះស្រាយ​បញ្ហា​នេះ។ លោក Anousith Khattignarath បានបញ្ជាក់​បន្ថែមថា ចំពោះ​បញ្ហា​នេះ គឺ​ភាគី​ទាំងពីរ​កំពុង​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ពោល គឺ​តាមរយៈ​ការចរចា​គ្នា ដើម្បី​ធានាថា តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នឹង​អាច​ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព និង សហប្រតិបត្តិ​ការល្អ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ