អានតួអត្ថបទ
កម្ពជា

បក្ស​​កាន់អំណាច​​បង្ហើប​​ថា ​មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​១១៨​រូប​​នឹង​មាន​​សិទ្ធិ​​ធ្វើ​​នយោបាយ​​ចោល​​លោក​​សម រង្ស៊ី​

គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ បាន​បង្ហើប​ឲ្យ​ដឹងថា នាពេល​ខាងមុខនេះ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១១៨រូប​នឹងមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ចោល​លោក​សម រង្ស៊ី ។ ការ​បង្ហើប​ឲ្យ​ដឹង​នេះ ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ថ្វាយ​ស្នើសុំ​ការលើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ព្រះមហាក្សត្រ។

លោក សម រង្ស៊ី (ឆ្វេង)​ និង​លោក ​សុខ ​ឥសាន (ស្តាំ)។​
លោក សម រង្ស៊ី (ឆ្វេង)​ និង​លោក ​សុខ ​ឥសាន (ស្តាំ)។​ @RFI
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម(Telegram) អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​បរិហារ​ទៅលើ​លោក​សម រង្ស៊ី ពី​រឿង​ដែល​លោក​ថា រូបលោក​និង​លោក​កឹម សុខា គឺជា​មួយ​មនុស្ស​តែមួយ។ សម្រាប់​លោក​សុខ ឥសាន ពាក្យ​សម រង្សី​និង​កឹម សុខា ជា​មនុស្ស​តែមួយ គឺជា​ឧបាយកល​របស់លោក​ស​ម រង្សី បង្កើតឡើង ដើម្បី​គ្រាន់តែ​ចង់យក​កឹម សុខា ធ្វើ​បង្អែក​បានជា​គ្នា​ប៉ុណ្ណោះ ពីព្រោះ​លោក​សម រង្សី អស់អ្វីៗពី​ខ្លួន​ហើយ។

នៅត្រង់ចំណុច​នេះ លោក​សុខ ឥសាន បាន​គូសបញ្ជាក់ថា នៅពេលនេះ មន្ត្រី​អតីត​បក្សប្រឆាំង១១៨នាក់ នឹង​ចាកចោល​លោក​សម រង្ស៊ី ថែមទៀត​នាពេលខាងមុខ​ជាមិនខាន ។ តាមន័យ​នេះ លោកអ្នក​នាំពាក្យ​បក្ស​កាន់អំណាច​ក៏​ចង់​បង្ហាញថា ក្នុងចំណោម១១៨រូបនេះ​ក៏មាន​លោក​កឹម សុខា ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​មួយរូប​ផងដែរ។

ប៉ុន្តែ​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​វិញ​មិនអាច​បង្ហាញ​ឲ្យ​ដឹង​ទេ ថា​តើ​លោក​កឹម សុខា ស្ថិតនៅក្នុង​បញ្ជី​ត្រូវ​ស្នើ​ព្រះមហាក្សត្រ​លើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ​ឫ​យ៉ាងណា។ លោក​គ្រាន់តែ​អះអាងថា មិនអាច​មានការ​លើក​លែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​នោះទេ។ តាម​លោក​ខៀវ សុភ័គ ការស្នើ​លើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​អាចធ្វើ​ទៅបាន លុះត្រា​ណា​ពួកគេ​គោរព​ទៅតាម​សាលដីកា​របស់​តុលាការ​កំពូល​កម្ពុជា។ និយាយ​ដល់​ចំណុច​នេះ លោក​បង្ហើប​ថា លោក​អេង ឆៃអ៊ាង និង​លោកស្រី​មួរ សុខ​ហួរ ដែល​សុទ្ធតែជា​អនុប្រធាន​អតីត​គណបក្សប្រឆាំង ប្រហែល​មិនអាច​ត្រូវ​ស្នើ​លើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​បានឡើយ ព្រោះ​ពួកគេ​បាន​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​នាពេល​កន្លងមក។

សូមបញ្ជាក់ថា នៅពេលនេះ ក្រសួងមហាផ្ទៃ​កំពុង​រង់ចាំ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចូល​ជា​ធរមាន ដើម្បី​យកទៅអនុវត្ត​ស្នើសុំ​ឲ្យ​មានការ​លើកលែង​ការហាមឃាត់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​អតីត​បក្សប្រឆាំង។ វិសោធនកម្ម​ច្បាប់​នេះ បាន​ឆ្លងកាត់​រដ្ឋសភារួចហើយៗនឹងត្រូវ​ព្រឹទ្ធសភា​កម្ពុជា​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ក្រោយនេះ។ ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់ថា អ្នក​ដែល​ចង់​ឲ្យ​មានការ​លើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ត្រូវដាក់​សំណើ​ជា​ផ្លូវការ​មកកាន់​ក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ តាមរយៈ​លោក​ខៀវ សុភ័គ បាន​បកស្រាយ​ថា ការតម្រូវ​ដូច្នេះ គឺ​ដើម្បី​ឲ្យ​ប្រាកដថា ក្រសួងមហាផ្ទៃ​ស្នើ​ឈ្មោះ​ពួកគេ​ត្រូវ​តាម​ឆន្ទៈ​របស់​ម្ចាស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ