ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
កម្ពុជា

សមត្ថកិច្ច៖ចិន​គំរាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​មិន​ស្ថិត​នៅ​កម្ពុជា​ឡើយ

media រូបភាព៖ក្រុមជនជាតិដែលគំរាមអុកឡុកខេត្តព្រះសីហនុ @FN

នៅ​ទី​បំផុត​សមត្ថកិច្ច​កម្ពុជា​បាន​ចេញ​មក​អះអាង​ព្រម​គ្នា​ថា ជនជាតិចិន​មួយ​ក្រុម​ដែល​គំរាមបង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ ពួកគេ​មិន​បាន​ស្ថិត​នៅ​ទឹក​ដី​ប្រទេស​កម្ពុជា​ឡើយ។ នេះ​ជាលទ្ធផល​ស្រាវជ្រាវ​បឋម​រវាង​សមត្ថកិច្ច​កម្ពុជា​និង​ចិន ក្រោយ​ពួកគេ​គម្រាម​បង្ក​អសន្តិសុខ​នៅខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន។ ចំពោះ​កម្ពុជា​ការ​គំរាម​របស់​ក្រុម​ជន​ជាតិចិន​នេះ សមត្ថកិច្ច​នៅ​តែ​យល់​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​កម្ពុជា​។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះថា ក្រោយ​រក​ឃើញ​ជា​ជំហ៊ាន​ដំបូង​ថា ក្រុម​ជនជាតិ​ចិន​ដែល​គំរាម​បង្ក​អសន្តិសុខ​ក្នុង​ខេត្តព្រះសីហនុ មិន​បាន​ស្ថិត​ក្នុង​ប្រទេសកម្ពុជា សមត្ថកិច្ច​កម្ពុជា​និង​ចិន​នៅ​តែ​បន្ត​បើក​ការ​ស្រាវជ្រាវ​រកមុខ​ជនជាតិ​ជាង​១០នា​ក់​នោះ ដើម្បី​យក​មក​ផ្ដន្ទាទោស​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​របស់​ប្រទេសទាំង​ពីរ។ ដំណាល​គ្នា​នឹង​ការ​ស៊ើប​សង្កេត​នេះ អ្នក​ច្បាប់​នៃ​ប្រទេ​ស​ទាំង​ពីរ​កំពុង​សិក្សា​ផ្នែកច្បាប់​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​សង្គម​ងងឹត​ចិន​នេះ​។ ចំពោះ​កម្ពុជា​ការ​គំរាម​របស់ក្រុម​ជន​ជាតិ​នេះ ប្រៀប​ដូច​ជា​គំរាម​កំហែង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​កម្ពុជា ដែលធ្វើ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​មាន​ការ​ភ័យ​ខ្លាច។

តប​នឹង​សំណួរ​តើ​កម្ពុជា​ចង់​ឲ្យ​មាន​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ ទៅ​លើ​ជនជាតិ​ចិន ដែល​គំរាម​បង្កអសន្តិសុខ​នៅ​កម្ពុជា​ទេ? អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​គូស​បញ្ជាក់​ថា មិន​ធ្ងន់ធ្ងរ​ដល់​ការប្រើប្រា​ស់​ទោស​ប្រហារ​ជីវិតឡើយ គឺ​កម្ពុជា​ចង់​សមត្ថកិច្ច​ចិន​ដាក់​ទោស​ពួក​គេ​ឲ្យ​សាកសម​នឹងការ​គំរាម​ប៉ុណ្ណោះ។ ក្រៅ​ពី​ការ​ផ្ដន្ទាទោស​ពួកគេ​ត្រូវ​ធ្វើការ​សូមទោស​ជា​ផ្លូវការ​ដល់​កម្ពុជា។ បើ​តាម​សមត្ថកិច្ច​កម្ពុជា ជនជាតិ​ចិន​ជាង​ជិត​២០​នាក់​នោះ​មិន​អាច​ដាក់​ជើង​ជាន់​ដី​កម្ពុជា​បានឡើយ។

ប៉ុន្តែយ៉ាងមិញ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និយាយថា ត្រឹម​តែ​ការ​ហាម​ឃាត់​មិន​ឲ្យ​ចូល​កម្ពុជា​ឬធ្វើ​ការ​សូមទោស ជា​វិធានការ​ស្រាល​ចំពោះ​ជនជាតិ​ចិនទាំង​នោះ ដែល​ហ៊ាន​ដល់​ថ្នាក់​គំរាមបង្ក​អសន្តិសុខ​ក្នុង​ប្រទេសកម្ពុជា។ ដូច្នេះ​មិន​អាច​ជាការ​ព្រមាន​ដល់​ជនជាតិ​ចិន​មួយ​ចំនួនទៀត​ឡើយ ដែល​មាន​ចេតនា​មិន​ល្អ​សម្រាប់​ការ​រស់​នៅ នៅ​កម្ពុជា​ឡើយ។

សូមបញ្ជាក់ថា តាមរយៈ​វីដេអូ​មួយ​ដែល​បាន​ចែកចាយ​កាល​ចុង​សប្ដាហ៍​មុន ដែល​បក​ប្រែជាភាសា​ខ្មែរ​ថា​ជនជាតិ​ទាំង​នោះ​ថា«ពួក​គេ​មក​ពី​ខេត្ត​ឆុង​ឆីង ប្រទេស​ចិន ហើយ​ទឹកដី​កំពង់សោម ខេត្តព្រះសីហនុ ៣ឆ្នាំ​ក្រោយ​ពួក​គេ​ចង់​ឲ្យ​វឹកវរ​គឺ​វឹកវរ ចង់​ឲ្យ​សុវត្ថិភាព​គឺ​សុវត្ថិភាព»

ក្រោយ​រក​ឃើញ​ជា​ជំហ៊ាន​ដំបូង​ថា ក្រុម​ជនជាតិ​ចិន​ដែល​គំរាម​បង្ក​អសន្តិសុខ​ក្នុង​ខេត្ត​ព្រះសី​ហនុ មិន​បាន​ស្ថិត​ក្នុង​ប្រទេសកម្ពុជា អ្នក​នាំពាក្យ​ក្រសួង​មហា​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​មានភាព​ភ័យ​ខ្លាច​និង​ធ្វើ​ដំណើរ​ទៅ​លេងខេត្ត​ព្រះសីហនុ​ធម្មតា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ