អានតួអត្ថបទ
កម្ពុជា

តុលាការ​​សម្រេច​​ឃុំ​ខ្លួន​​លោក​​ឌួង ណាគ្រី ​ក្រោយ​​បាញ់​ប្រហារ​​លើ​​រថយន្ត​​ប្តី​​ប្រពន្ធ​​មួយ​​គូ​អស់​៥​គ្រាប់​

នៅ​ទីបំផុត​លោក​ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ត្រូវ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ(PJ) បន្ទាប់ពី​បញ្ចប់​ការសាកសួរ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ។ ការសម្រេច​ឃុំខ្លួន​នេះ ធ្វើឡើង​ក្រោយពី​លោក​ឌួង ណាគ្រី បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់ប្រហារ​លើ​រថយន្ត​ប្តី​ប្រពន្ធ​មួយ​កាលពី​យប់​អ​ធ្រា​ត​ថ្ងៃទី០១ឈានចូល​ថ្ងៃទី០២ ឧសភា កន្លងទៅ។

លោក​ឌួ​ង ណាគ្រី ​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​បាន​
លោក​ឌួ​ង ណាគ្រី ​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​បាន​ @FB
ផ្សាយពាណិជ្ជកម្ម

សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​លោក​ឌួង ណាគ្រី ដោយ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​បទ​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​មិនមាន​ការអនុញ្ញាត។ លោក​ត្រូវបាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​នាំខ្លួន​មកកាន់​តុលាការ ដើម្បី​សាកសួរ​ចម្លើយ​កាលពី​ថ្ងៃ​សុក្រ។ ការសួរចម្លើយ​បាន​បិទ​បញ្ចប់​នៅ​​រសៀល​​ថ្ងៃ​សៅរ៍​នេះ ដោយ​តុលាការ​បានសម្រេច​ឃុំខ្លួន​លោក​នៅក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ(PJ) ដើម្បី​បើក​ការស៊ើបអង្កេត​តាម​នីតិវិធី​ច្បាប់។

លោក​ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន នៅ​ជិត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ បន្ទាប់ពី​លោក ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ បាន​ដក​កាំភ្លើងខ្លី​បាញ់​ទៅលើ​រថយន្ត​របស់​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ម្នាក់​ចំនួន៥គ្រាប់ បណ្ដាល​ឲ្យ​បែក​កញ្ចក់​​ខាងក្រោយ។ ការបាញ់ប្រហារ​នេះ កើតឡើង​ក្រោយពី​ភាគី​ទាំងពីរ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​នៅ​ម្តុំ​ក្លិប​កម្សាន្ត​រ៉ុ​ក។ ហេតុ​ការបាញ់ប្រហារ​នេះ​បានធ្វើឱ្យ​ស្ត្រី​ជា​ប្រពន្ធ​នៅក្នុង​រថយន្ត​ជនរងគ្រោះ​បាន​សន្លប់​បាត់ស្មារតី និង​បាន​បាត់បង់​កូន​ក្នុង​ផ្ទៃ​ថែមទៀត ដោយសារតែ​ការតក់ស្លុត​បណ្តាលមកពី​ការបាញ់ប្រហារ។

បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន ជនសង្ស័យ ឌួង ណាគ្រី បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​ដោយ​ផ្តល់​សំណង​ចំនួន៨ពាន់​ដុល្លារ​អាមេរិក។ ចំណែក​រូបលោក ត្រូវបាន​នាយកដ្ឋាន​តម្រួត​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ដាក់វិន័យ​ផ្នែក​កងកម្លាំង។ ប៉ុន្តែ​ចំណាត់ការ​ត្រឹមតែ​ប៉ុណ្ណេះ បង្កឱ្យមាន​ការរិះគន់​ព្រោងព្រាត​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ អ្នក​រិះគន់​ភាគច្រើន គឺជា​មហាជន​ទូទៅ ខ្លះទៀត​ជា​មន្ត្រីរាជការ និង​រហូតដល់​ទៅ​ប្រធាន​គណបក្សនយោបាយ​ផង ដែល​កើតទុក្ខ​មិន​សុខចិត្ត​ជំនួស​ជនរងគ្រោះ ព្រោះតែ​អាជ្ញាធរ​ចាត់វិធានការ​លើ​ជនសង្ស័យ មិន​ស័ក្តិសម​នឹង​ទង្វើ​ដែល​បាន​ប្រព្រឹត្ត។

ក្រោយ​មាន​សន្ទុះ​នៃ​ការរិះគន់​ដូច​ទឹកបាក់​ទំនប់​យ៉ាងនេះ អគ្គ​ព្រះរាជ​សាលាឧទ្ធរណ៍​បាន​បញ្ជា​ឱ្យ​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជនសង្ស័យ។ ចំណែក លោក​នេ​ត សាវឿន ដែលជា​អគ្គស្នងការ​នគរបាល​ជាតិ​វិញ ក៏បាន​ចេញ​បញ្ជាភ្លាមៗដែរ​ឱ្យ​អាជ្ញាធរ​នាំខ្លួន​លោក​ឌួង ណាគ្រី ទៅ​ប្រគល់ឱ្យ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។ នៅ​ទីបំផុត ក្រោយ​ការសាកសួរ​រយៈពេល​ពី​រ​ថ្ងៃនេះ ជនសង្ស័យ​ឌួង ណាគ្រី ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ