អានតួអត្ថបទ
កម្ពជា

ចាងហ្វាង​​កាសែត​The​ Cambodia​ Dail​yសុំ​​ឲ្យ​​លោក​​ហ៊ុន សែន ​ជួយ​​អន្តរាគមន៍​​បើក​​កាសែត​​ឡើង​វិញ​

បន្ទាប់ពី​បិទ​កាសែត​មិន​ដល់​មួយ​សប្តាហ៍​ផង ចាងហ្វាង​កាសែត The Cambodia Daily កាលពី​ម្សិលមិញ​បាន​សរសេរ​លិខិត​មួយ​ជូនទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ពន្ធដារ​ដែល​កាសែត​ខ្មែរ-អង់គ្លេស​មួយ​នេះ​បាន​ជំពាក់​ដល់​ជាង៦លាន​ដុល្លា​អាមេរិក។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា បញ្ហា​សុំ​លើកលែង​ការបង់ពន្ធ​ដែល​កាសែត​នេះ​ដែល​នៅ​ជំពាក់​រដ្ឋ​នោះ មិន​អា​ទទួលយក​បានទេ ។

កាសែតខេមបូឌាដេលី
កាសែតខេមបូឌាដេលី RF
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​កម្រាស់​ពីរ​ទំព័រ​របស់ខ្លួន លោកស្រី Deborah Krisher Steele ដែលជា​ម្ចាស់​កាសែត​The Cambodia Dailyបាន​ជំរាប​ប្រាប់​ទៅ​លោក​ហ៊ុន សែន ថា​ការបិទ​កាសែត The Cambodia Daily គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​កើតឡើង​ចៃដន្យ​ក្នុងពេល​ដំណាលគ្នា​នៃ​ការបិទ​អង្គការ​អាមេរិកាំង NDI ប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោកស្រី​ក៏បាន​សម្តែង​នូវ​ការសោកស្តាយ​ដែលមាន​ការអត្ថាធិប្បាយ​ជាច្រើន​ដែល​បាន​ទាញ​ការបិទ​កាសែត The Cambodia Daily ភ្ជាប់​ទៅនឹង​រឿង​នយោបាយ ហើយ​ថែមទាំង​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា​ព្យាយាម​បំបិទ​សិទ្ធិសេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា។ សម្រាប់​លោកស្រី​ចាងហ្វាង សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​មិនអាក្រក់​ដូច​ការលើកឡើង​នោះទេ។

ជាមួយនឹង​ការបង្ហាញ​នូវ​ជំហរ​ដ៏​ទន់ភ្លន់​បែបនេះ លោកស្រី Deborah Krisher Steele ក៏បាន​ស្នើសុំ ហើយ​សង្ឃឹមថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពិតជា​អាច​ដោះស្រាយ​បញ្ហា​រវាង​កាសែត The Cambodia Daily ជាមួយនឹង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​អាច​ឲ្យ​កាសែត​នេះ​ដំណើរការ​ឡើងវិញ។ បើតាម​លោកស្រី​ចាងហ្វាង ការ​ដំណើរការ​ឡើងវិញ​នេះ នឹង​អាច​ឲ្យ​ជនជាតិខ្មែរ​ចំនួន៤៥នាក់​មាន​ការងារ​ធ្វើ​ឡើងវិញ និង បុគ្គលិក​អង្គការ​World Assistance for Cambodia and Japan Relief for Cambodia ចំនួន​ជាង១០០នាក់​មិន​ប្រឈម​នឹង​ការបាត់បង់​ការងារ។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា បញ្ហា​សុំ​លើកលែង​ការបង់ពន្ធ​ដែល​កាសែត The Cambodia Daily នៅ​ជំពាក់​រដ្ឋ​មិន​អា​ទទួលយក​បានទេ។ លោក​អះអាង​ទៀតថា ម្ចាស់​កាសែត​នេះ​ត្រូវតែ​បង់ពន្ធ​ចូល​រដ្ឋ​ជាដាច់ខាត មិនអាច​ចង់​រួចខ្លួន​មក​ធ្វើ​ក្រដាស់​មួយ​សន្លឹក​នេះ​បាន​នោះទេ។

កាសែត The Cambodia Daily បាន​បិទទ្វារ​កាលពី​ថ្ងៃទី០៤ កញ្ញា ដែលជា​ថ្ងៃ​ផុត​ឱ​សាទ​វាទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដា​តំណ​ត់​ឲ្យ​កាសែត The Cambodia Daily បង់ពន្ធ​ចំនួន៦.៤លាន​ដុល្លារ​អាមេរិក។ បើ​ទោះ​បាន​បិទទ្វារ​មែន ប៉ុន្តែ​នៅ​ថ្ងៃទី០៦ កញ្ញា អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ថ្នាក់ដឹកនាំ​នៃ​កាសែត​នេះ​ចំនួន៣រូប គឺ​លោកស្រី Deborah Krisher-Steele. លោក Douglas Eric Steele និង លោក Bernard Krisher ពីបទ​គេចវេស​ពន្ធ និង​ការប្រព្រឹត្ត​អំពើ​រាំងស្ទះ ដល់​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ។

មួយថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​កាលពី​ថ្ងៃទី០៧ ខែកញ្ញា លោក Bernard Krisher អតីត​ចាងហ្វាង​កាសែត The Cambodia Daily និង​ជា​ឳ​ពុក​របស់​លោកស្រី Deborah Krisher Steele បាន​សរសេរ​លិខិត​មួយ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយបាន​សុំ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​កាសែត​The Cambodia Daily ពី​ឆ្នាំ១៩៩៣ ដល់​ខែមីនា ឆ្នាំ២០១។ គឺជា​ចន្លោះ​ពេលដែល​លោក​នៅ​កាន់កាប់​លើ​កាសែត The Cambodia Daily មុន​កូនស្រី​មក​ជំនួស។

យ៉ាងណាក៏ដោយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក​គង់ វិបុល បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា រឿង​នីតិបុគ្គល គឺជា​រឿង​នីតិបុគ្គល មិនអាច​ចេះតែមាន​នរ​ណា​សុំ​មក​ទទួលខុសត្រូវ​នោះទេ។ លោក​ថា រឿង​ជំពាក់​ពន្ធ​របស់​រដ្ឋ​គឺ​ត្រូវតែ​សង​ជាដាច់ខាត។ លោក​គង់ វិបុល ក៏បាន​គូសបញ្ជាក់​ទៀតថា សំណុំ​រឿងនេះ​ស្ថិតក្នុង​ដៃ​តុលាការ​ហើយ ដូច្នេះ​ទុក​ឲ្យ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ