ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
កម្ពុជា

តុលាការ​ខេត្ត​កំពង់​ធំ​​សម្រេច​​ឃុំខ្លួន​​នាយក​​សាលា​​ដែល​​ប្រមាថ​​ព្រះមហាក្សត្រ​​តាម​​ហ្វេ​ស​ប៊ុ​ក​

media  
ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ © ចាន់ ស៊ីណា

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ធំ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន​ដែល​បាន​ជេរប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ តាម​ហ្វេ​ស​ប៊ុ​ក។ តាមច្បាប់​ថ្មី នាយក​សាលា​រូបនេះ​អាច​ប្រឈម​នឹង​ជាប់ពន្ធនាគារ​ពី១ឆ្នាំទៅ៥ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​ពីរលាន​ទៅ១០លាន​រៀល។

ជនសង្ស័យ​ដែល​រង​ការចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​នេះ មាន​ឈ្មោះថា ឃាង ណាវី អាយុ៥០ឆ្នាំ ជា​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ ក្នុង​សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។ នាយក​សាលា​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ធំ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១២ ខែឧសភា បន្ទាប់ពី​បង្ហោះ​ខ្លឹមសារ​លើ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​លក្ខណៈ​ប្រមាថ​ដល់​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​កម្ពុជា។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា“គ្រូ​ប្រពន្ធ​ស” លោកនាយក​សាលា​ឃាង ណាវី បាន​សរសេរ​រិះគន់ និង​ដៀល​ប្រមាថ​ដល់​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហមុនី ជុំវិញ​ការប្រើប្រាស់​ព្រះរាជតួនាទី​មិន​ត្រឹមត្រូវ​ក្នុងការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ចំពោះ​ការសរសេរ​បែបនេះ តុលាការ​សាលាដំបូង​ខេត្តកំពង់ធំ​បានសម្រេច​ចោទប្រកាន់​លោក​ឃាង ណាវី ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ តាម​មាត្រា៤៣៧ស្ទួន នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ។ តាម​មាត្រា​ថ្មី​នេះ លោកនាយក​សាលា​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី១ឆ្នាំទៅ៥ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់ ពី​ពីរលាន​រៀល​ទៅ១០លាន​រៀល។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ធំ លោក​ឃ​ន កុសល បានសម្រេច​ឃុំខ្លួន​លោកនាយក​សាលា​នេះ​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត​មុននឹង​បើកសវនាការ​ជំនុំជម្រះ​ក្តី​ជា​ផ្លូវការ។

សូម​កត់សម្គាល់ថា នេះ​គឺជា​ករណី​ទីមួយ​ហើយ​ដែល​សមត្ថកិច្ច និង​តុលាការ​កម្ពុជា​បាន​អនុវត្ត​ច្បាប់​ទៅលើ​ជន​ដែល​ជេរប្រមាថ​ព្រះមហាក្សត្រ បន្ទាប់ពី​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ដែល​បញ្ចូល​បន្ថែម​មាត្រា​ដាក់ទោស​ទណ្ឌ​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ទើបត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ។ ការអនុវត្ត​ច្បាប់​នេះ​ទៀតសោត ធ្វើឡើង​ចំពេល​ដែល​កម្ពុជា​កំពុងតែ​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៥ ឧសភា។

អ្នកវិភាគ​នៅ​កម្ពុជា បាន​លើកឡើងថា ការអនុវត្ត​ច្បាប់​ទៅលើ​អ្នក​ដែល​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ​នាពេលនេះ វា​គឺជា​សារ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដទៃទៀត កុំ​ឲ្យ​ចេះតែ​ហ៊ាន​ប្រមាថ និង​មិន​គោរព​ដល់​អង្គ​ព្រះ​ព្រះមហាក្សត្រ។ អង្គ​ព្រះមហាក្សត្រ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ