អានតួអត្ថបទ
កម្ពុជា

​រដ្ឋាភិបាល​​ខ្មែរ​​លុបចោល​​លិខិត​ឆ្លងដែន​​ការទូត​​របស់​​អតីត​​តំណាងរាស្ត្រ ​និង​​មន្ត្រី​​បក្ស​​សង្គ្រោះ​ជាតិ​៥៦​រូប​

ក្រសួងការបរទេស​ក​ម្ពុ​ជា បានសម្រេច​លុបចោល​លិខិតឆ្លងដែន​ការទូត​របស់​អតីត​តំណាងរាស្ត្រ និង​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចំនួន៥៦រូប។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ចុះ​ថ្ងៃទី២៤ វិច្ឆិកា តែ​ទើប​បង្ហាញ​ជា​សាធារណៈ​នៅថ្ងៃនេះ។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ការលុបចោល​នេះ​គឺ​អតីត​ក្រុមតំណាងរាស្ត្រ​ទាំងនោះ​មិន​ខ្វល់ខ្វាយ​ទេ ព្រោះថា​មិន​ប៉ះពាល់​អ្វី​ដល់​ពួកគេ​ឡើយ។

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ
អតីតក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

អតីត​ក្រុមតំណាងរាស្ត្រ និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៥៦នាក់​នេះ មាន​ជាអាទិ៍​លោក​កឹម សុខា លោក​អេង ឆៃអ៊ាង លោក​ប៉ុល ហំ​ម និង​លោកស្រី​មួរ សុខ​ហួរ ដែល​សុទ្ធសឹងតែ​ជា​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រៅពីនេះ ក៏មាន​លោកស្រី​ជូ​ឡុង សូ​ម៉ូ​រ៉ា ភរិយា​លោក​សម រង្ស៊ី លោក​សុន ឆ័យ លោក​យឹម សុវណ្ណ លោក​អ៊ូ ច័ន្ទ​ឫទ្ធិ និង​លោក​យ៉ែម ប៉ុណ្ណ​ឫទ្ធិ​ជាដើម។ ពួកគេ​ទាំងនេះ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា​លុប​លិខិតឆ្លងដែន​ការទូត បន្ទាប់​គណបក្ស​សង្គ្រោះ​ជាតិ​របស់​ពួកគេ​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល ហើយ​ពួកគេ​ក៏​ស្ថិតក្នុង​មន្ត្រី១១៨នាក់​ដែល​ត្រូវ​តុលាការ​ជាន់ខ្ពស់​កម្ពុជា​សម្រេច​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល៥ ឆ្នាំ​ផងដែរ។

ចំពោះ​បញ្ហា​នេះ កញ្ញា​កឹម មនោ​វិទ្យា ដែល​ធ្លាប់ជា​អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា មិន​ប៉ះពាល់​អ្វី​ដល់​ក្រុម​អតីតមន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៥៦រូបនោះ​ឡើយ។ មូលហេតុ​នៃ​ការមិន​ប៉ះពាល់​នេះ បើតាម​កញ្ញា​កឹម មនោ​វិទ្យា គឺ​ដោយសារតែ​ពួកគេ​មាន​លិខិតឆ្លងដែន​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​មួយទៀត ដូច្នេះ​ពួកគេ​អាចធ្វើ​ដំណើរ​ទៅណា​មក​ណា​ដោយ​មិនមាន​ការព្រួយបារម្ភ​អ្វី​ទេ។

សូម​កត់សម្គាល់ថា បន្ទាប់ពី​គណបក្សប្រឆាំង​ដ៏​ធំជាងគេ​នៅ​កម្ពុជា​ត្រូវ​រំលាយ​ក្រោម​ស្នាដៃ​តុលាការ​កំពូល​កម្ពុ​ជាកា​លពី​ថ្ងៃទី១៦ វិច្ឆិកា ក្រុម​អតីត​តំណាងរាស្ត្រ​បក្ស​នេះ​ស្ទើរតែ​ទាំងអស់​បានចេញ​ទៅ​បរទេស​ក្នុង​គោលបំណង​ធ្វើ​យុទ្ធនាការ​ការទូត និង​តស៊ូ​មតិ ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ និង ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា ផង។

កញ្ញា​កឹម មនោ​វិទ្យា ដែល​កំពុង​ស្ថិតនៅ​សហ​អាមេរិក បានបង្ហាញ​ឲ្យ​ដឹងថា សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​យក​ទុកចិត្ត​ចំពោះ​បញ្ហា​នៅ​កម្ពុជា ហើយ​ក្នុងនោះ​មាន​ខ្លះ​ក៏​កំពុង​រៀបចំ​ទណ្ឌកម្ម​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ខណៈ​សហរដ្ឋអាមេរិក​បានប្រកាស​កាត់​ជំនួយ​សម្រាប់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា​រួចទៅហើយ។ បន្ថែម​លើ​នេះ នៅ​ថ្ងៃទី១០ ខែធ្នូ​ខាងមុខនេះ ក្រុមតំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​បរទេស និង​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​គាំទ្រ​អតីត​គណបក្សប្រឆាំង​ក៏​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​សេត​វិមាន​របស់លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ។ គម្រោង​ជុំ​ជួបគ្នា​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ការព្រួយបារម្ភ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិកាំង​ចាត់វិធានការ​ទាំងឡាយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​កែប្រែ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​វិល​ទៅរក​សភាព​ដើម​ឡើងវិញ។ នេះ​បើតាម​ការបញ្ជាក់​របស់​កញ្ញា​កឹម មនោ​វិទ្យា​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ