អានតួអត្ថបទ
កម្ពុជា

បក្ស​​ប្រជា​ធិបតេយ្យ​​មូលដ្ឋាន​​ព្រមាន​​មិន​​ចូលរួម​​ការ​បោះឆ្នោត ​បើ​​អាជ្ញាធរ​​អនុវត្ត​​មិន​​ស្មើ​ភា​ព​​លើ​​ខ្លួន​

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា ខ្លួន​នឹងមិន​ចូលរួម​ការបោះឆ្នោតជាតិ​ខាងមុខនេះ​ទេ ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​មិន​បញ្ឈប់​ការបង្ក​ការលំបាក​ដល់​ខ្លួន​ក្នុង​ការធ្វើសកម្មភាពផ្សេង។ ការអះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ស្លាក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ត្រួវបាន​បំផ្លាញ និង​មានការ​លំបាក​ក្នុងការ​ដំឡើង​ស្លាក​គណបក្ស។ បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹងដាក់​ពាក្យ​ដាក់​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​នៅក្នុង​សប្តាហ៍​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ។

បក្ស​​ប្រជា​ធិបតេយ្យ​​មូលដ្ឋាន​​ព្រមាន​​មិន​​ចូលរួម​​ការ​បោះឆ្នោត ​បើ​​អាជ្ញាធរ​​អនុវត្ត​​មិន​​ស្មើ​ភា​ព​​លើ​​ខ្លួន​
បក្ស​​ប្រជា​ធិបតេយ្យ​​មូលដ្ឋាន​​ព្រមាន​​មិន​​ចូលរួម​​ការ​បោះឆ្នោត ​បើ​​អាជ្ញាធរ​​អនុវត្ត​​មិន​​ស្មើ​ភា​ព​​លើ​​ខ្លួន​
ផ្សាយពាណិជ្ជកម្ម

មាន​ព្រឹត្តិការណ៍សំខាន់ៗចំនួន​ពីរបាន​កើតឡើង​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រារែក​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃទី២៩ ខែកក្កដា​ខាងមុខនេះ។ ព្រឹត្តិការណ៍​ទីមួយ​គឺ​កើតឡើង​ក្នុង​ខេត្តបាត់ដំបង​ដោយ​ស្លាក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មួយ​ត្រូវបាន​គេ​ដកចេញ​ដោយ​មិន​ជូនដំណឹង​មក​សា​ម៉ី​គណបក្ស ។ នេះ​បើតាម​ការអះអាង​របស់​លោក​សាម អ៊ី​ន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហើយ​លោក​បន្ថែមទៀតថា ស្លាក​នោះ គឺ​នៅក្បែរ​ស្លាក​រំឭក​ខួប ៧ មករា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​ព្រឹត្តិការណ៍​ទី​ពីរ គឺ​កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​តែម្តង។ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មានការ​លំបាក​ក្នុង​ស្នើ​អាជ្ញាធរ ដើម្បី​សុំ​ដំឡើង​ស្លាក​សញ្ញា​គណបក្ស។ ត្រង់ចំណុច​នេះ លោក​សាម អ៊ី​ន បាន​ប្រាប់ថា គណបក្ស​របស់លោក​បាន​ស្នើ​ដំឡើង​ស្លាក​គណបក្ស​ទៅកាន់​សាលាសង្កាត់ ប៉ុន្តែ​គេ​រុញ​ឲ្យ​ទៅកាន់​សាលាខណ្ឌ​វិញ ហើយ​ខណ្ឌ​នោះ​ទៀតសោត​ក៏​រុញ​ឲ្យ​ទៅកាន់​សាលាក្រុង​ថែមទៀត។ ប៉ុន្តែ​ចុងក្រោយ គឺ​ខាង​ក្រុង​បញ្ជាក់ថា គេ​ត្រូវការ​ពិភាក្សា​ជាមួយ​ខាង​ខណ្ឌ​សិន​មុន​សម្រេច​យ៉ាងណា​នោះ។ ទង្វើ​នេះ លោក​សាម អ៊ី​ន​ចាត់ទុកថា​មាន​ចេតនា​បង្ក​ការលំបាក​ដល់​គណបក្ស​ប្រជាធិបតេយ្យ។

ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ជាបឋម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ស្វែងរក​ការអន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ។ លោក​សាម អ៊ី​ន បាន​បង្ហើប​ថា​នៅក្នុង​សប្តាហ៍​នេះ គណបក្ស​នឹងដាក់​ពាក្យ​ប្តឹង​ទៅកាន់​ក្រសួង​មាន​សមត្ថកិច្ច​នេះ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ។ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ទេ​ចំពោះ​រឿងនេះ។ យ៉ាងណាក៏ដោយ លោក​សាម អ៊ី​ន បាន​ព្រមាន​ជាមុន​ហើយ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទេ នោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ពិចារណា​ថា​តើ​ត្រូវ​ចូលរួម​ឬក៏​មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោតជាតិ។

សូមបញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺជា​គណបក្សនយោបាយ​ថ្មី​មួយ​ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ២០១។ គណបក្ស​នេះ ក៏បាន​ចូលរួម​ការបោះឆ្នោត​ឃុំ សង្កាត់​កាលពី​ឆ្នាំ២០១៧ផងដែរ។ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ ហើយ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​ទូទាំងប្រទេស​ក៏ត្រូវ​រលាយខ្លួន​ដែរនោះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​បាន​បដិសេធ​មិន​ទទួល​អាសនៈ​ណាមួយ​របស់​អតីត​គណបក្សប្រឆាំង​ឡើយ។

ដោយឡែក​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០១៨នេះ​វិញ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្លាប់​អះអាងថា នឹងចូលរួម ប៉ុន្តែ​ការចូលរួម​នោះ​អាចធ្វើ​ទៅបាន ល្គឹកណា​មានការ​ធានា​ផ្តល់​សេរីភាព​ក្នុង​ការធ្វើសកម្មភាព​ដ​ល់​ខ្លួន​ដូចជា​ត្រូវមាន​តម្លាភាព​លើ​ការលើក​ស្លាក​សញ្ញា​គណបក្ស និង​ការផ្តល់​សេរីភាព​ឲ្យ​មានការ​ជួបជុំ​ជាមួយ​អ្នក​អ្នកគាំទ្រ និង​សកម្មជន​នៅ​មូលដ្ឋាន​ដោយ​គ្មាន​ការ​គំរាម និង​រារាំង​ជាដើម។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​លោក​សាម អ៊ី​ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ