អានតួអត្ថបទ
កម្ពជា

យុវជន​​ខ្មែរ​​ដែល​​ថៃ​​នាំ​ខ្លួន​​ទៅ​​សួរ​ចម្លើយ​​នៅ​​បាងកក​​ត្រូវបា​ន​​ដោះលែង​និង​​ម​កដល់​​កម្ពុជា​​វិញ​​ហើយ​

យុវ​ជន​ខ្មែរ​ហេង រតនៈ​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចុះមក​នាំខ្លួន​យកទៅ​សួរចម្លើយ​នៅក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវបាន​ដោះលែង និង​វិល​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ ការដោះលែង​នេះ​ធ្វើឡើង​តាម​សំណើ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ក្រោយពី​អាជ្ញាធរ​បាន​សួរចម្លើយ​រូបគេ​ជាង៦ម៉ោង​ទាក់ទង​នឹង​ផ្សាយ​ពី​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​នាយករដ្ឋមន្ត្រី​ថៃ។

យុវជន​ហេង រតនៈ ​ពេលអាជ្ញាធរ​ថៃចុះ​មក​នាំខ្លួន​ពីកម្ពុជា​
យុវជន​ហេង រតនៈ ​ពេលអាជ្ញាធរ​ថៃចុះ​មក​នាំខ្លួន​ពីកម្ពុជា​ @Bangkok Post
ផ្សាយពាណិជ្ជកម្ម

យុវជន​ហេង រតនៈ អាយុ២១ ឆ្នាំ ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី៣១ ឧសភា តាម​សំណើ​របស់​រដ្ឋាភិបាល​ថៃ ហើយ​អាជ្ញាធរ​ថៃ​ក៏បាន​ចុះមក​នាំខ្លួន​យុវជន​រូបនេះ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​សួរចម្លើយ​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​តែម្តង។ នៅ​ចំពោះមុខ​អាជ្ញាធរ​ថៃ​ក្នុង​ទីក្រុង​បាងកក យុវជន​ខ្មែរ​ហេង រតនៈ​បាន​បដិសេធថា ខ្លួន​មិនបាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ទាក់ទង​នឹង​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាប់​អូ​ចារ នោះឡើយ។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃទី១ មិថុនា។

គួរ​បញ្ជាក់ថា ការចាប់ខ្លួន និង​នាំខ្លួន​យុវជន​ហេង រតនៈ​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​នេះ ធ្វើឡើង​ដោយសារតែ​អាជ្ញាធរ​ថៃ​បាន​ចោទប្រកាន់​យុវជន​ខ្មែរ​រូបនេះ​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ទាក់ទង​នឹង​នាយករដ្ឋមន្ដ្រី​ថៃ ដោយ​ថា​នាយករដ្ឋមន្ត្រី​ថៃ​បាន​ប្រាប់​ទៅ​ប្រជាជន​ថៃ​ឲ្យ​ចាក់ទឹក​ជំនួស​ប្រេង បើសិន​តម្លៃ​ប្រេង​នៅតែ​ខ្ពស់​នៅលើ​គេហទំព័រ រែ​ត​ស្តា​ស (ratstas.com) របស់ខ្លួន។ ក្រោយ​ការផ្សព្វផ្សាយ​នេះ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចារ បានចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ភ្លាម។

តាំង​ពីមុន​មានការ​ចាប់ខ្លួន​ម្លេះ យុវជន ហេង រតនៈ បានប្រកាស​ច្រានចោល​ការចោទប្រកាន់រ​បស់​អាជ្ញាធរ​ថៃ​នេះ។ យុវជន ហេង រតនៈ អះអាងថា ខ្លួន​មិនបាន​ធ្វើ​ដូច្នោះ​ឡើយ។ ប៉ុន្តែ​មូលហេតុ​ដែលមាន​ឈ្មោះ​រប​ស់​គេ​ជាប់ទាក់ទង​នឹង​ការផ្សព្វផ្សាយ​នោះ ដោយសារតែ​រូបគេ​ធ្លាប់បាន​ជួយ​ទិញ Hosting Domain ឲ្យ​កូនសិស្ស​នាពេល​កន្លងមក ព្រោះ​គេ​ជា​គ្រូបង្រៀន​បង្កើត​និង​ប្រើប្រាស់​វេ​ប​សាយ​ផ្ទាល់ខ្លួន។ យុវជន ហេង រតនៈ ក៏បាន​បញ្ជាក់ថា គេ​មិនបាន​ជាប់ទាក់ទង​នឹង​អ្នក​ដែល​បង្ហោះ​អត្ថបទ​នៅលើ​គេហទំព័រ​រែ​ត​ស្តា​ស (ratstas.com) នោះទេ។

យ៉ាងណាក៏ដោយ ក្រោយ​សួរចម្លើយ​ជាង៦ម៉ោង​កាលពី​ថ្ងៃ​សុក្រ យុវជន ហេង រតនៈ ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ តាម​សំណើ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​អាជ្ញាធរ​ថៃរ​តម្រូវ​ឲ្យ​យុវជន​រូបនេះ​ត្រឡប់​ទៅវិញ នៅពេលដែល​អាជ្ញាធរ​ថៃ​បញ្ជូន​សំណុំរឿង​របស់គេ​ទៅ​តុលាការ។ តាមច្បាប់​ប្រទេស​ថៃ យុវជន​ខ្មែរ ហេង រតនៈ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់១០ម៉ឺន​បាត​ឬ​ប្រមាណ​ជាង៣ពាន់​ដុល្លារ​អាមេរិក បើសិន​គេ​រកឃើញថា យុវជន​រូបនេះ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​មែន។ ក្រៅពី​យុវជន​ខ្មែរ ហេង រតនៈ ជនជាតិ​ថៃ​ចំនួន៦នាក់​ផ្សេងទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ដោយសារតែ​បាន​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​ដែល​អាជ្ញាធរ​ថៃ​អះអាងថា​ក្លែងក្លាយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ