អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន​៖ ការ​ដោះ​លែង​​ស្ត្រី​​មាន​គភ៌​​និង​​កូន​ មិន​មែន​ជា​​ការ​លើក​ទឹក​ចិត្ត​​ឲ្យ​​​ប្រព្រឹត្ត​​បទល្មើស​​នោះ​ទេ​

​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុ​​ជា​ លោក​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុនសែន ​បាន​​ថ្លែង​​បញ្ជាក់​ថា ​ការ​សម្រេច​​ដោះ​លែង​​ស្ត្រី​​ដែល​មាន​​គភ៌ ​និង​​មាន​កូន​​តូច​នៅ​ក្នុង​​ពន្ធនាគារ​​នៅ​ថ្ងៃ​នេះ​ មិនមែន​ជា​​ការ​លើក​ទឹកចិត្ត​​ដល់​​ស្ត្រី​​ផ្សេង​ទៀត​​ឲ្យ​​ប្រព្រឹត្ត​​បទល្មើស​​នោះ​ទេ​ តែ​​ជា​​យក​ចិត្តទុកដាក់​​ដល់​​សុខភាព​​គភ៌ ​និង​​កុមារ​​តូចៗ​​រស់នៅ​ក្នុង​​ព​ន្ធ​​នាគារ​។ ​លោក​នាយក​រដ្ឋមន្ត្រី​​បាន​​ថ្លែង​​ដូច្នេះ​​នៅ​ក្នុង​​​ពិធី​​រំលឹក​​ខួប​​លើក​​ទី​១០៤​នៃ​​ទិវា​​សិទ្ធិ​នារី​​អន្តរជាតិ​​នៅ​​វិមាន​​សន្តិភាព​​នៅ​​ព្រឹក​​ថ្ងៃ​ទី៨​មីនា​​នេះ។​

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​ពិធី​រំលឹក​ខួប​ទិវា​សិទ្ធិនារី​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី៨ មីនា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការដោះលែង​ស្ត្រី​ដែល​កំពុង​មានគភ៌ និង​មានកូន​ចំនួន២២នាក់​ចេញពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទិវា​សិទ្ធិនារី៨មីនា គឺជា​ការយកចិត្ត​ដាក់​ជា​ចម្បង​របស់​រដ្ឋាភិបាល​ចំពោះ​សុខុមាលភាពកូនៗរបស់​ស្ត្រី​ដែល​ជាប់ឃុំ​ទាំងនោះ។

លោក​ហ៊ុន សែន៖ “ យើង​ក៏​សូមបញ្ជាក់​ផងដែរ​ថា យើង​មិន​ចង់​ឲ្យ​មាននូវ​ការលើកទឹកចិត្ត​ណាមួយ​សម្រាប់​ស្ត្រី​ដែលមាន​កូន​និង​មានគភ៌​ធ្វើ​សកម្មភាព​ខុសច្បាប់​នោះទេ ហើយ​ការដោះលែង​លើក​នេះ​ជា​កាយវិការ​មួយ​ដើម្បី​បង្ហាញ ដើម្បី​បញ្ជាក់ បញ្ហា​ធំជាងគេ​នៅទីនេះ​គឺ​បញ្ហា​កូន ទាំង​កូន​ដែល​មិនទាន់​កើត​ក៏​ត្រូវការ​រសជាតិ ត្រូវការអ្វីៗ ត្រូវការ​សុខុមាលភាព​របស់​ម្តាយ ទើប​កូន​នៅក្នុង​ផ្ទៃ​នោះ​ដែល​គ្នា​មិនទាន់​ដឹងអី​សោះ​នោះ​ហើយ​ត្រូវ​ទទួល​ទណ្ឌកម្ម​នឹង​គេ​ដែរនោះ។ ម្យ៉ាងទៀត កូន​ដែល​ទោះបីថា កើត​ហើយ​អាយុ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ នៅក្នុង​ពន្ធនាគារ​គឺ​វា​ជា​រឿង​មួយ​អកុសល​ខ្លាំងណាស់។

ជាមួយគ្នានេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ក៏​បាន​​អំពាវនាវ​​ឲ្យ​ក្រសួង​ពាក់ព័ន្ធផ្សេងៗដូចជា​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ក្រសួង​កិច្ចការនារី​ស្វែងរក​វិធានការ​ដោះស្រាយ​នៅពេលដែល​ការដោះលែង​ស្ត្រី​ទាំងនេះ​ក្លាយជា​ឱកាស​ដល់​ឧក្រិដ្ឋជន​ដែល​អាច​នឹង​ប្រើប្រាស់​ស្ត្រី​ដែលមាន​ភ​គ៌ ប្រព្រឹត្ត​ខុសច្បាប់ ព្រោះ​អាង​ថា នឹងមាន​ការដោះលែង​វិញ​នោះ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី៨មីនា​នេះ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ព្រះរាជ​ក្រិ​ត្យ​ព្រះមហាក្សត្រ បានសម្រេច​ដោះលែង​ស្ត្រី​ដែល​កំពុង​មានគភ៌ និង​មាន​កូនតូច​ចំនួន២២នាក់​ចេញពី​ពន្ធនាគារ​នៅ​ទូទាំងប្រទេស។ ក្នុងនោះ មាន៧នាក់​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស និង​ផ្សេងទៀត​នៅក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​ចំនួន៦ រួមមាន​ខេត្តបាត់ដំបង ព្រះសីហនុ សៀមរាប កោះកុង បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ក្នុងចំណោម​ស្ត្រី​ទាំង២២នាក់​នេះ ស្ត្រី​ដែល​កំពុង​មានគភ៌​ហើយ​ត្រូវ​ដោះលែង​នោះ​មានតែ​ម្នាក់​គត់​នៅក្នុង​ខេត្តបន្ទាយមានជ័យ។

សូម​ជំរាបជូន​ផងដែរ​ថា ស្ត្រី​ទាំង២២នាក់​នេះ សុទ្ធតែ​ទទួលបាន​សេចក្តីសម្រេច​ជា​ស្ថាពរ​រួចហើយ​ពី​តុលាការ ដែល​នេះ​គឺជា​លក្ខខណ្ឌ​ស្របតាម​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដោះលែង​បាន។ ចំណែក​ស្ត្រី​ដែល​កំពុង​មានគភ៌​និង មានកូន​ផ្សេងទៀត តែ​ស្ថិតនៅក្នុង​ដំណើរការ​ក្តី ឫ​តុលាការ​មិនទាន់​ចេញ​សេចក្តីសម្រេច​ជា​ស្ថាពរ​នោះ មិនអាច​ដោះលែង​ចេញពី​ពន្ធនាគារ​បាន​នោះទេ។

ទោះជា​បី​បែបនេះ​ក្តី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើងថា រដ្ឋាភិបាល​នឹង​ខិតខំ​បន្ថែមទៀត ដើម្បី​ធ្វើការ​ដោះលែង​ស្ត្រី​ដែល​កំពុង​មានគភ៌​និង​មានកូន​ផ្សេងទៀត​ចេញពី​ពន្ធនាគារ​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូល​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ។ ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ស្ត្រី​ដែល​អាច​ដោះលែង​បាន​នោះ ទាល់​តែមាន​សេចក្តីសម្រេច​ជា​ស្ថាពរ​ពី​តុលាការ​ជាមុនសិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ