អានតួអត្ថបទ
កម្ពុជា

ខួប​៧​មករា​៖​លោក​​ហ៊ុន សែន ​ប្រកាស​ថា​​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា​​មិ​នបាន​​ធ្លា​ក់ចុះ​​ឡើយ​

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧មករា ខួប​លើក​ទី៣៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ នៅក្នុង​ពិធី​នេះ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាសថា ប្រជា​ធិប​តេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​មិន​ដើរ​ថយក្រោយ​ឬ​ធ្លាក់ចុះ​ឡើយ គឺ​មានតែ​ប្រជា​ធិបតេយ្យ​ក្លែងក្លាយ​ទេ​ដែល​ត្រូវបាន​លុបបំបាត់​នោះ។ ការប្រកាស​របស់លោក ហ៊ុន សែន នេះ បញ្ច្រាស់​ទៅនឹង​ការមើលឃើញ​របស់​អ្នកវិភាគ និង​សហគមន៍​អន្តរជាតិ ចំពោះ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជាចូ​លរួម​ក្នុង​ពិធី​រំឮក​ខួប​៧ ​មករា​ នៅថ្ងៃ​អាទិត្យ​
លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជាចូ​លរួម​ក្នុង​ពិធី​រំឮក​ខួប​៧ ​មករា​ នៅថ្ងៃ​អាទិត្យ​ @PM Hun Sen Facebook page
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​មហាជន​ជាង៤ម៉ឺន៥ពាន់​នាក់​ក្នុង​ថ្ងៃ​រំ​ឮ​ក​ខួប ៧ មករា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​គូសបញ្ជាក់ថា ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ត្រូវបាន​ថែរក្សា និង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ថែមទៀត​ដោយ​ដើរ​ស្រប​ជាមួយនឹង​គោលការណ៍​នីតិរដ្ឋ​នៅក្នុង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អះអាង​ដែរ​ថា សន្តិភាព គឺជា​កត្តា​ជា​សារ​វ័​ន្ត ដើម្បី​ធានា​ដល់​ដំណើរការ​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ខុសគ្នា​នឹង​ការវាយតម្លៃ​របស់​ក្រុមអ្នកវិភាគ​នយោបាយ និង​សហគមន៍​អន្តរជាតិ។ ក្រុមអ្នកវិភាគ​នយោបាយ និង​សហគមន៍​អន្តរជាតិ សុទ្ធតែ​បាន​យល់ថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​បាន​ដើរ​ថយក្រោយ។ ដើរ​ថយក្រោយ ក៏​ដោយសារតែ​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការបិទ​អង្គការក្រៅរដ្ឋាភិបាល និង​ការបិទទ្វារ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​នៅ​កម្ពុជា។ ក្នុងនោះ​សហភាព​អឺរ៉ុប បាន​ចាត់ទុកថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា​គឺជា​ការបោះ​ជំហាន​ចេញ​ឆ្ងាយ​ពី​មាគ៌ា​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​របស់​កម្ពុជា ហើយ​ភ្លាមនោះ សហភាព​អឺរ៉ុប​ក៏បាន​ប្រកាស​ផ្តាច់ជំនួយ​មកកាន់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា(គ.ជ.ប)តែម្តង។ សហរដ្ឋអាមេរិក​ក៏​ដូចគ្នា ដោយសារតែ​បញ្ហា​នេះ រដ្ឋាភិបាល​អាមេរិកាំង​ក៏បាន​បញ្ឈប់​ជំនួយ​មកកាន់​គ.ជ.ប​ដែរ។ មិនតែប៉ុណ្ណោះ អាមេរិក​ក៏បាន​សម្រេច​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយចំនួន​ថែមទៀត។

សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​ការអនុវត្ត​ច្បាប់ ដើម្បី​ធានា​នូវ​សុខសន្តិភាព​ក្នុងប្រទេស និង​ទប់ស្កាត់​ចលនា​បដិវត្ត​ពណ៌​នៅក្នុង​ប្រទេស​កម្ពុជា។ បើតាម​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បើទោះបី​អង្គការ​ចាត់តាំង​បដិវត្ត​ពណ៌​ត្រូវបាន​រំលាយ​ទៅហើយ​ក្តី ប៉ុន្តែ​មជ្ឈដ្ឋាន​ខាងក្រៅ​ដែល​បញ្ជា​ពីក្រោយ​ខ្នង​នៅ​មិនទាន់​ផុតរលត់​នៅឡើយ​ទេ ហើយ​លើសពីនេះទៅទៀត មជ្ឈដ្ឋាន​បរទេស​ទាំង​នោះ​ថែមទាំង​គំរាម​កាត់​ផ្តាច់ជំនួយ និង​ប្រើប្រាស់​នូវ​វិធានការ​រឹតបន្តឹងផ្សេងៗមកលើ​ប្រទេស​កម្ពុជា។

ក៏ប៉ុន្តែ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ កម្ពុជា​មិនអាច​ឱនក្បាល​ទទួល​ការគៀបសង្កត់​ណាមួយ​ពី​ម​ជ្ឈ​ដា្ឋ​ន​ខាងក្រៅ​បាន​នោះឡើយ ជាពិសេស​មិន​ទុក​ឲ្យ​មានការ​ប៉ុនប៉ង​ធ្វើការ​ផ្លាស់ប្តូរ​តាមរយៈ​បដិវត្ត​ពណ៌​កើត​មាននៅ​កម្ពុជា​បានជា​ដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ