អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ​ចង់​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើងវិញ​ចំពោះ​សាច់ញាតិ​ដែល​រំលោភ​កូនចៅ​ខ្លួន​ឯង​

នៅ​ព្រឹក​នេះ ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​បង្ហើប​ជា​សាធារណៈ​ពី​ចេតនា​ចង់​បើក​ឱ្យ​មាន​ទោស​ប្រ​ហារ​ជីវិត​ឡើងវិញ​នៅ​កម្ពុជា​ទៅ​លើ​សាច់ញាតិ​ទាំងឡាយ​ណា​ដែល​បាន​រំលោភ​បំពាន​រាងកាយ​លើ​កូនចៅ​ផៅ​សណ្តាន​ខ្លួន​ឯង​។ ​លោក​នាយករដ្ឋមន្រ្តី​បង្ហាញ​នូវ​បំណង​នេះ​ ដោយសារ​តែ​លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​រំលោភ​សាច់ញាតិ​ខ្លួនឯង​ដែល​ជា​កុមារ​តូចៗ​កំពុង​មាន​ភាព​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ជួប​ជាមួួយ​កុមារី​រងគ្រោះ​កាល​ពី​ថ្ងៃ​អាទិត្យ​
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ជួប​ជាមួួយ​កុមារី​រងគ្រោះ​កាល​ពី​ថ្ងៃ​អាទិត្យ​ @PM Facebook
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​បាន​បង្ហើប​ពី​ចេតនា​នេះ​ នៅ​ចំពោះ​មុខ​គ្រូៗ​ យុវនារី​ និង​កុមារី​ រងគ្រោះ​នៅ​មជ្ឈ​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ស្ដារ​នីតិសម្បទា​យុវនារី​ អាហ្វេស៊ីប​ ទុំឌី​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។ ​ប៉ុន្តែ​បើតាម​លោក​នាយករដ្ឋមន្រ្តី​ នេះ ​គឺ​គ្រាន់តែ​ជា​ការ​គិត​ទុក​របស់​លោក​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ​ដោយ​មិនទាន់​មាន​ការ​រៀបចំ​ចេញ​ជា​ច្បាប់​មែនទែន​នៅ​ឡើយ​ទេ​។

គួរ​កត់​សម្គាល់​ថា ​ការ​ប្រកាស​ពី​បំណង​ចង់​កែច្បាប់​ដាក់​ឱ្យ​មាន​ទោស​ប្រហារជីវិត​ឡើងវិញ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នេះ ​ធ្វើឡើង​ក្រោយ​ពី​ករណី​រំលោភ​បំពាន​រាងកាយ​សាច់ញាតិ​ដែល​ជា​កូនចៅ​ខ្លួនឯង​និង​ជា​កុមារ​តូចៗ​ផង​នោះ​បាន​កើតឡើង​ជា​បន្ត​បន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​។ ករណី​បែបនេះ​កំពុង​មាន​ភាពធ្ងន់ធ្ងរ​រហូត​ដល់​លោក​នាយករដ្ឋមន្រ្តី​ហៅថា ​ជា​ធាតុតិរិច្ឆាន​របស់​មនុស្ស​ដែល​មិន​គួរ​ត្រូវ​បាន​អោនឱន​ឱ្យ​ទេ​។ ​តែ​យ៉ាងណា​ក៏ដោយ ​លោកហ៊ុន សែន ​បាន​កំណត់​ថា ​ទោស​ប្រហារ​ជីវិត​នេះ​បើ​កើតឡើង​មែន​ គឺ​ចំពោះ​តែ​ជីតា​រំលោភ​ចៅ​ខ្លួនឯង​ ឪពុក​រំលោភ​កូន​ខ្លួនឯង ​និង​ឪពុកមា​រំលោភ​ក្មួយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ឱ្យ​ដឹងថា​ ប្រទេស​កម្ពុជា​បាន​លុបចោល​ទោស​ប្រហារ​ជីវិត​នៅក្នុង​ឆ្នាំ ​១៩៨៩​ ហើយ​បាន​ក្លាយ​ជាប្រទេស​គំរូ​ដែល​មាន​រយៈពេល​លុបចោល​ទោស​ប្រហារជីវិត​ជាប់​រហូត​យូរ​ជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ី​នេះ​។ ​ការ​លុបចោល​ទោស​ប្រហារ​ជីវិត​នេះ ​ក៏ត្រូវ​បាន​លើក​មក​ចារ​ទុក​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផងដែរ​នៅ​ត្រង់​មាត្រា​៣២ ​ដែល​ចែង​ថា ​ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត​ មាន​សេរីភាព ​និង​មាន​សន្តិសុខ​ផ្ទាល់​ខ្លួន​ ហើយ​ទោស​ប្រហារ​ជីវិត​មិន​ត្រូវ​ឱ្យ​មាន​ឡើយ​។

បើ​ទោះជា​មាន​ការ​ចែងបែប​នេះ​ក្តី ​ប៉ុន្តែ​តាម​ស្ថានភាព​ជាក់ស្តែង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ អាច​នឹង​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​បាន​យ៉ាង​រលូន​ ព្រោះ​បាន​ឈ្នះ​អាសនៈ​ទាំងអស់​នៅក្នុង​រដ្ឋសភា​ជាតិ​។ ​ក៏ប៉ុន្តែ ​លោក​នាយករដ្ឋមន្រ្តី​បាន​បញ្ជាក់​ហើយ​ថា ​លោក​នឹង​មិន​ប្រើ​អំណាច​របស់​លោក​ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​កែ​រដ្ឋធម្មនុញ្ញ ​និង ​ស្នើ​សមាជិក​សភា​ចុះ​ហត្ថលេខា ​ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​នោះ​ទេ​។ ​ផ្ទុយ​ទៅវិញ ​គឺ​ត្រូវតែ​ធ្វើ​ប្រជាមតិ​នៅទូទាំង​ប្រទេស ​ដើម្បី​សម្រេច​ពី​រឿង​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ