អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​នយោបាយ​នៃ​អតីត​បក្ស​សង្គ្រោះជាតិ​រិះ​គន់​រដ្ឋាភិបាល​ផ្ដល់​តម្លៃ​ថ្ងៃ​៧​មករា

មួយ​ថ្ងៃ​មុន​រដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ខួប​ថ្ងៃ​៧មករា អ្នក​នយោបាយ​នៃ​អតីតគណបក្ស​សង្គ្រោះ​​​ជាតិ បាន​រិះ​គន់​ការ​ផ្ដល់​តម្លៃ​របស់​រដ្ឋាភិបាល​ចំពោះ​ថ្ងៃ​៧​មករា។ ៧មករា​សម្រាប់​រដ្ឋាភិបាល​គឺ​ថ្ងៃ​កំណើត​ទី២​របស់​ពលរដ្ឋខ្មែរ​ដែល​ត្រូវបាន​រំដោះ​ឲ្យ រួច​ផុត​ពី​ការ​កាប់សម្លាប់​ក្នុង​របប​ប៉ុល​ពត។ តែ​ផ្ទុយ​ទៅ​វិញ សម្រាប់​ក្រុម​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៧​មករា​គ្មាន​តម្លៃ​ដូច​២៣​តុលា​ឡើយ។

ពិធី​បុណ្យ​៧​មករា​ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​ពហុកីឡាដ្ឋាន​ជាតិ​​អូឡាំពិក ​​
ពិធី​បុណ្យ​៧​មករា​ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​ពហុកីឡាដ្ឋាន​ជាតិ​​អូឡាំពិក ​​ សហការី
ផ្សាយពាណិជ្ជកម្ម

ពី​ក្រៅ​ប្រទេស​មក​វិញ តាម​រយៈ​សំណេរ​លើ​ហ្វេសបុក​លោក អេង ឆៃអ៊ាង អ​តីត​អនុ​ប្រធាន​​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន​ថា ថ្ងៃ​ទី​៧ មករា ១៩៧៩ មិនមែន​ជា​ទិវា​ជ័យជំនះ​សំរាប់​ខ្មែរ​ទេ។ ដូច្នេះ​ថ្ងៃ​៧​មករា សម្រាប់​លោក អេង ឆៃអ៊ាង គ្រាន់​តែ​ជា​ថ្ងៃ​នាំ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ចេញ​ពី​របប​កុម្មុយ​នីស្ត​ប៉ុល ពត ចូល​ទៅ​ក្នុង​របប​កុម្មុយនីស្ត​មួយ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឯករាជ្យ និងអធិប​តេយ្យ​ភាព។ ហើយ​ក្រោយ​ថ្ងៃ​៧​មករា​លោក អេង ឆៃអ៊ាង កត់​សម្គាល់​ថា ប្រជាជាតិ​ខ្មែរបែក​បាក់ និង​កាប់​សម្លាប់​គ្នា​ជា​បន្ត​មិន​ខុស​ពី​ទិវា​១៨​មិនា​ឆ្នាំ​១៩៧០និង ១៧ មេសាឆ្នាំ១៩៧៥​ឡើយ ។

តែ​ផ្ទុយ​ទៅ​វិញ ទិវា​ដែល​ជា​ជ័យជំនះ​សំរាប់​ខ្មែរ​ទាំងមូល​គឺ​ទិវា​៩​វិច្ឆិកា​ឆ្នាំ​១៩៥៣ និង ២៣ តុលា ឆ្នាំ១៩៩១ ដែល​ទិវា​ទាំង​ពីរ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ឯករាជ្យ បង្រួបបង្រួម​ជាតិ ផ្សះ​ផ្សា​ជាតិ ឯកភាព​ជាតិ ប្រជារាស្ត្រ​ខ្មែរ​ទទួល​បាន​ភាព​រីករាយ។ នេះ​បើតាម​លោក អេង ឆៃអ៊ាង។

ចំណែក​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​វិញ​បាន​រិះ​គន់​ថ្នាក់​ដឹក​នាំ គណ​បក្ស​ប្រជាជន​កម្ពុជា​៣រូប​ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​ផល​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​រួមមានៈ​លោក សឺង ង៉ុកមិញ ហៅ អាចារ្យ មៀន ជា​បិតា​ស្ថាបនិក គណ​បក្ស​ប្រជាជន​កម្ពុជា , ប៉ុល ពត ឈ្មោះដើម សាឡុត ស អគ្គលេខាធិការ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ។ ចុង​ក្រោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បានលោក សម រង្ស៊ី ចោទ​ប្រកាន់​ថា ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ឯករាជ្យ​ភាព និងអធិបតេយ្យ​ភាព​ជាតិ ។ នេះ​បើ​តាម​សំណេរ​លើ​ហ្វេស​ប៊ុក​របស់ លោក សម រង្ស៊ី នៅ​ថ្ងៃទី៥​មករា​គឺ​២​ថ្ងៃ​មុន​ការ​រៀប​ចំ​ទិវាជ័យ​ជំនះ​៧​មករា។

សម្រាប់​អ្នក​វិភាគ​លើក​ឡើង​ថា​គេ​មិន​ត្រូវ​មើល​រំលង​ព្រឹត្តការណ៍​ណា​មួយ​ឡើយ​ដោយ​ត្រូវ​​ចាត់​ទុក​ទាំង​ថ្ងៃ​៧​មករា និង​ថ្ងៃ​២៣​តុលា​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​ដូច​គ្នា។

តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន អះ​អាង​ថា រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​នឹង​ការ​រិះ​គន់​ណាមួយ​ឡើយ​ព្រោះ​ទាំង​រិះ​គន់​និងអ្នក​មិន​រិះ​គន់​សុទ្ធ​តែ​កើត​ឡើង​ដោយ​សារ​ថ្ងៃ​៧មករា។ ៧មករា​គឺ​ជា​សច្ចធម៌​ប្រវត្តិសាស្រ្ត។ សូមបញ្ជាក់​ថា បើ​តាម​គម្រោង​រដ្ឋាភិបាល​នឹង​រៀប​ចំ​ពិធី​អបអរ​ខួប​៣៩​ឆ្នាំ​នៃ​ទិវាជ័យ​ជំនះ​៧​មករា​នៅ​ឆ្នាំ​២០១៨​នេះ ធំ​ដុំ​ជា​រៀង​រាល់​ឆ្នាំ​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​៥ម៉ឺន​នាក់ នា​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ៕ ​

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ