អានតួអត្ថបទ
កម្ពជា

រដ្ឋមន្ត្រី​ការបរទេស​​ជប៉ុន​​ជំរុញ​​ឲ្យ​​លោក​​ហ៊ុន សែន ​ធានា​ថា​​ការ​បោះឆ្នោត​​នឹង​ធ្វើ​ឡើង​​ដោយ​​យុត្តិធម៌​

នៅក្នុង​ជំនួប​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោកតា​រ៉ូ កូ​ណូ (Taro Kono)បាន​ជំរុញ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​ធានាថា ការបោះឆ្នោត​សកល​របស់​កម្ពុជា​នាពេល​ខាងមុខនេះ នឹងធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌។ ជាការ​ឆ្លើយតប​វិញ លោក​ហ៊ុន សែន បាន​អះអាង​នៅ​ចំពោះមុខ​លោកតា​រ៉ូ កូ​ណូ ថា​ការបោះឆ្នោត​នៅ​ចុងខែ​កក្កដា​ខាងមុខ​នឹងមាន​ភាពសេរី និង​យុត្តិធម៌។

រដ្ឋមន្រ្តី​ការបរទេ​សជប៉ុន​ជួប​ពិភាក្សា​ជាមួយ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​ កាល​ពីថ្ងៃទី​៨ ​មេសា​
រដ្ឋមន្រ្តី​ការបរទេ​សជប៉ុន​ជួប​ពិភាក្សា​ជាមួយ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​ កាល​ពីថ្ងៃទី​៨ ​មេសា​ @PM Hun Sen Facebook Page
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តី​ការជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធានា​ពី​ការបោះឆ្នោត​ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​ការបទេស​ជប៉ុន​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ដោយ​ទូរទស្សន៍​ជប៉ុន​NHK។ ទូរទស្សន៍​ជប៉ុន​NHKនេះ បាន​ចុះផ្សាយ​ថា ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​អំពី​ភាពយុត្តិធម៌​នៃ​ការបោះឆ្នោត​នៅ​កម្ពុ​ជានា​ខែកក្កដា​ខាងមុខនេះ​ដោយសារតែ​មានការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​បំផុត​កាលពី​ឆ្នាំទៅ។ ដូច្នេះហើយ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោកតា​រ៉ូ កូ​ណូ(Taro Kono)បាន​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន ធានាថា ការបោះឆ្នោត​នាពេលខាងមុខ​នឹងធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌។ លោកតា​រ៉ូ កូ​ណូ(Taro Kono) បាន​គូសបញ្ជាក់ថា ការបោះឆ្នោត​គួរតែ​ឆ្លុះបញ្ចាំង​ពិតប្រាកដ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ បើតាម​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ប្រាប់​លោក​ថា ការបោះឆ្នោត​នាពេលខាងមុខ​នេះ នឹងធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌។

គួរ​បញ្ជាក់ថា មុន​មកដល់​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នេះ លោក​រដ្ឋមន្ត្រី​លោកតា​រ៉ូ កូ​ណូ(Taro Kono) ធ្លាប់បាន​បញ្ជាក់ប្រាប់​ស​មា​ជិ​ក​ព្រឹទ្ធសភា​ជប៉ុន​ថា ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​គឺ​នៅតែ​បន្ត​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អាច​ទទួលយកបាន​នៅ​កម្ពុជា។ លោកតា​រ៉ូ កូ​ណូ ក៏​សង្ឃឹមថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នឹង​អាច​ដោះស្រាយបាន​តាមរយៈ​ការជជែក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ខ្លួនឯង។ ការលើកឡើង​របស់លោក​តា​រ៉ូ កូ​ណូ​នាពេលនោះ ធ្វើឡើង​ស្របពេល​ដែល​កូនស្រី​លោក​កឹម សុខា គឺ​កញ្ញា​កឹម មនោ​វិទ្យា កំពុងស្ថិត​នៅក្នុង​ប្រទេស​ជប៉ុន​ដើម្បី​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន​ចំពោះ​បញ្ហានយោបាយ​នៅ​កម្ពុជា។ បញ្ហានយោបាយ​នៅ​កម្ពុជា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ និង​លោក​កឹម សុខា ដែលជា​ប្រធាន​បក្ស​ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ។

ជុំវិញ​បញ្ហានយោបាយ​នៅ​កម្ពុជា​នេះ លោក​រដ្ឋមន្ត្រី​បរទេស​ជប៉ុន បាន​អះអាង​ប្រាប់​ក្រុមអ្នកកាសែត​ថា ប្រទេស​ជប៉ុន គឺជា​មិត្ត​យូរអង្វែង​មួយ​របស់​កម្ពុជា ដូចនេះ ជប៉ុន​មិន​ចង់ឃើញ​ប្រទេស​កម្ពុជា​ប្រឈមមុខ​នឹង​ការរិះគន់​ឡើយ។ លោកតា​រ៉ូ កូ​ណូ បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា ប្រទេស​ជប៉ុន​នឹង​នៅតែ​បន្ត​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន​NHK។ ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​ដំណើរ​ទស្សនកិច្ច​មួយថ្ងៃ​នៅ​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ក៏បាន​ចុះហត្ថលេខា​ផ្តល់ជំនួយ​បន្ថែម​ដល់​កម្ពុជា​ប្រមាណ​ជា៩០លាន​ដុល្លារ​អាមេរិក​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ