អានតួអត្ថបទ
កម្ពជា

ប្អូនប្រុស​សព​​លោក​​​​កែម ឡី ​ប្រកាស​​បង្កើត​​បក្ស​​ថ្មី​​ភ្លាម​ បក្ស​​កាន់​អំណាច​​ប្រកាស​​ស្វាគមន៍​​ភា្ល​ម​

ប្អូនប្រុស​សព​លោក​បណ្ឌិត​កែម ឡី គឺ​លោក​កែម រិ​ទ្ធិ​សិត នៅ​ថ្ងៃ​សៅរ៍​នេះ បានប្រកាស​បង្កើត​គណ​បក្សនយោបាយ​ថ្មី​មួយ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា ខាងមុខនេះ។ គណបក្ស​ថ្មី​របស់លោក​កែម រិ​ទ្ធិ​សិត គឺ​យកឈ្មោះ​សព​លោក​បណ្ឌិត​កែម ឡី​ធ្វើជា​ឈ្មោះ​របស់​គណបក្ស​តែម្តង។ ក្រោយ​ការប្រកាស​បង្កើត​នេះ​ភា្ល​ម អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏បាន​ប្រកាស​ស្វាគមន៍​ភា្ល​ម​តែម្តង​ដែរ។

លោកកែម រិទ្ធិសិត ​និង​រូបសំណាក់​លោក​បណ្ឌិតកែម ឡី​
លោកកែម រិទ្ធិសិត ​និង​រូបសំណាក់​លោក​បណ្ឌិតកែម ឡី​ RFI
ផ្សាយពាណិជ្ជកម្ម

លោក​កែម រិ​ទ្ធិ​សិត ប្អូនប្រុស​បង្កើត​របស់​សព​លោក​បណ្ឌិត​កែម ឡី បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ថា ការបង្កើត​គណបក្ស​ថ្មី​នេះ គឺមាន​គោលបំណង​យក​ទស្សនទានល្អៗរបស់លោក​បណ្ឌិត​កែម ឡី ទៅ​បន្ត​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ហើយក៏​ដើម្បី​ទប់ស្កាត់​ដល់​ក្រុម​ជ្រុលនិយម​មួយចំនួន​ដែល​តែងតែ​យកឈ្មោះ​លោក​បណ្ឌិត កែម ឡី ទៅធ្វើជា​ឧបករណ៍​កេងចំណេញ​នយោបាយ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ។ ចំណែក​ការយក​ឈ្មោះ​សព​លោក​បណ្ឌិត​កែម ឡី មក​ដាក់​ជា​ឈ្មោះ​គណបក្ស​ថ្មី​នេះ​វិញ លោក​កែម រិ​ទ្ធិ​សិត លើក​ហេតុផល​ថា ដើម្បី​ចង់​រក្សា​នូវ​កិត្តិនាម​របស់​សព​លោក​បណ្ឌិត​កែម ឡី ឲ្យ​បាន​គង់វង្ស និង​ស្ថិតក្នុង​ការចងចាំ​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ។

យ៉ាងណាក៏ដោយ ការបង្កើត​គណបក្ស​ថ្មី​នេះ គឺ​ស្តែងចេញ​តែ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់លោក​កែម រិ​ទ្ធិ​សិត ប៉ុណ្ណោះ ព្រោះថា​នៅពេលនេះ​ក្រៅពី​ការប្រកាស​ឲ្យ​សាធារណជន​បានដឹង អ្វីៗផ្សេងទៀត​មិនទាន់​បានរៀបចំ​ទាំងអស់។ សម្រាប់​លោក​កែម រិ​ទ្ធិ​សិត លោក​ត្រូវការ​ពេលវេលា​ប្រមាណ​ជាមួយ​ខែ ដើម្បី​រៀបចំ​ឯកសារ​នានា ហើយ​អាច​នឹងដាក់​ទៅកាន់​ក្រសួងមហាផ្ទៃ​នៅក្នុង​អំឡុង​ខែក្រោយ​នេះ។

លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ពីថ្ងៃ​ទី១០ កក្កដា ឆ្នាំ២០១៦កន្លងទៅ ហើយថ្មីៗនេះ ភរិយា និង​កូនប្រុស​ទាំង៤របស់លោក​ទើប​ទទួលបាន​សិទ្ធិ​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី។ ចំពោះ​ការបង្កើត​គណបក្ស​នេះ លោក​កែម រិ​ទ្ធិ​សិត​ថា មិនបាន​សួរនាំ​ពី​ភរិយា​សព​បណ្ឌិត​កែម ឡី ឡើយ ដោយហេតុថា​មិនបាន​ទាក់ទង​គ្នា។ ផ្ទុយ​មកវិញ អ្នក​ដែល​ចូលរួម​ផ្តួចផ្តើម​បង្កើត​គណបក្ស​នេះ​ជាមួយ​លោក គឺមាន​មិត្តភក្តិ​មួយចំនួន​របស់​បណ្ឌិត​កែម ឡី និង​មាន​ក្រុមយុវជន​ផងដែរ។ លោក​កែម រិ​ទ្ធិ​សិត បាន​សង្កត់ធ្ងន់ថា ការប្រកាស​បង្កើត​គណ​បក្ស​នេះ មិនមាន​អ្នកណា​បង្គាប់បញ្ជា​ឬ​ណែនាំ​ឲ្យ​បង្កើត​នោះទេ។

ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ណាមួយ​យកឈ្មោះ​រូបវន្តបុគ្គល​មក​ធ្វើជា​ឈ្មោះ​គណបក្ស​ឡើយ។ ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​កែម រិ​ទ្ធិ​សិត លោក​បញ្ជាក់ថា លោក​នឹង​កែសម្រួល​ទាំងអស់ ប្រសិនបើ​មានការ​ណែនាំ​ពី​ក្រសួងមហាផ្ទៃ​នោះ។ លោក​ក៏​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នឹង​ព្យាយាម​រៀបចំ​បង្កើត​បក្ស​ថ្មី​នេះ​ឲ្យ​ទាន់​បាន​ចូលរួម​ការបោះឆ្នោតជាតិ​នៅក្នុង​ខែកក្កដា ខាងមុខ។

បើទោះបី​គណបក្ស​ថ្មី​របស់លោក​កែម រិ​ទ្ធិ​សិត មិនទាន់​ចេញ​អ្វី​ជា​ដុំកំភួន​នៅឡើយ​ក៏ដោយ ក៏ប៉ុន្តែ​វា​ត្រូវ​ប្រកាស​ស្វាគមន៍​ដោយ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រួច​ទៅហើយ។ លោក​សុខ ឥសាន ចាត់ទុកថា ការបង្កើត​បក្ស​ថ្មី​នេះ​ថា គឺ​សរ​បញ្ជាក់​ពី​សិទ្ធិសេរីភាព​ខាង​នយោបាយ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​បើកទូលាយ និង​ថា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​បាននិងកំពុង​រឹងមាំ​និង​រស់​រវើក​ថែមទៀត។សម្រាប់​លោក​សុខ ឥសាន តាមរយៈ​ទិដ្ឋភាព​នេះ ការបោះឆ្នោតជាតិ​ខាងមុខ នឹង​កាន់​តែមាន​អត្ថន័យ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ