អានតួអត្ថបទ
កម្ពជា

តុលាការ​ក្រុង​ភ្នំពេញ​ប្តូរ​ការ​ឃុំខ្លួន​លោក​កឹម សុខា ​ពី​ពន្ធនាគារ​មក​ក្នុង​គេហដ្ឋាន​របស់​លោក​វិញ​

នៅ​ម៉ោង​ប្រមាណ​៣ និង​៣០នាទី​ទៀប​ភ្លឺ​ថ្ងៃ​នេះ ​លោក​កឹម សុខា ​ត្រូវ​បាន​បញ្ជូន​មក​ដល់​គេហដ្ឋាន​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក​។ ​លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដោះលែង​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូងឃ្មុំ ​ក្រោម​ហេតុផល​បញ្ហា​សុខភាព​។ ​ប៉ុន្តែ​នេះ​ មិនមែន​ជា​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ទាំងស្រុង​នោះ​ទេ ​ពោល​ គឺ​តុលាការ​ប្តួរ​ការ​ឃុំខ្លួន​លោកកឹម សុខា ​ពី​ក្នុង​ពន្ធនាគារ​មក​ឃុំខ្លួន​នៅក្នុង​គេហដ្ឋាន​របស់​លោក​វិញ​។

លោក​កឹម សុខា ​ពេល​មក​ដល់​គេហដ្ឋាន​របស់​លោក​នៅ​យប់​មិញ​
លោក​កឹម សុខា ​ពេល​មក​ដល់​គេហដ្ឋាន​របស់​លោក​នៅ​យប់​មិញ​ @Chan Chen's Facebook
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ដីកា​សម្រេច​មួយ​ចុះ​ថ្ងៃទី៩ ​ខែកញ្ញា ​លោក​គី ឫទ្ធី ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​ដាក់​លោក​កឹម សុខា ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ​និយាយ​ឲ្យ​ចំ ​និង​ស្រួល​យល់​ទៅ ​គឺ​លោក​ចៅក្រម​បាន​សម្រេច​ឃុំខ្លួន​លោក​កឹម សុខា ​នៅក្នុង​គេហដ្ឋាន​របស់​លោក​តែម្តង​។ ​នេះ​ ក៏​ព្រោះ​ថានៅ​ក្នុង​ដីកា​សម្រេច​ លោក​ចៅក្រម​ គី ឫទ្ធី ​មិន​អនុញ្ញាត​ឲ្យ​លោក ​កឹម សុខា​ ចេញ​ទៅ​ក្រៅ​លំនៅដ្ឋាន​របស់លោក​ ដែល​មាន​ទីតាំង​នៅលើ​ផ្លូវ​លេខ​៣១៣ ​សង្កាត់​បឹងកក់​ ខណ្ឌ​ទួលគោក​ឡើយ។​ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់​ដោយសារ​តែ​បញ្ហា​សុខភាព ​ដែល​ត្រូវ​ចាកចេញ​ពី​លំនៅដ្ឋាន​នោះ ​លោក​កឹម សុខា ​ត្រូវ​រាយការណ៍​សុំការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ​ឬ​ចៅក្រម​ដែល​មាន​សមត្ថកិច្ច​។

ជាមួយ​នឹង​ការ​ឃុំ​ខ្លួន​លោក ​កឹម សុខា ​នៅក្នុង​លំនៅដ្ឋាន​នេះ ​ចៅក្រម​ក៏​បាន​តម្រូវ​ឲ្យ​លោក ​កឹម សុខា ​ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល ​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​។ ​បន្ថែម​លើនេះ​ លោក​កឹម សុខា ​ក៏មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ ​និង​បុគ្គល​ដែល​អាច​ពាក់ព័ន្ធ​នឹង​សំណុំរឿង​។ ​ជនបរទេស ​ជាពិសេស​ ជនបរទេស​ ដែល​អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង ​ក៏​ជា​បុគ្គល​ដែល​លោក​កឹម សុខា ​ត្រូវ​ជៀសវាង​មិន​ជួប​ផង​ដែរ​។ ​នេះ​បើ​តាម​ដីកា​សម្រេច​របស់​តុលាការ​។

ក្រៅពីនេះ ​លោក​ចៅក្រម​ក៏​មិន​អនុញ្ញាត​ឲ្យ​លោក​ កឹម សុខា ​ធ្វើ​សកម្មភាព​ជួបជុំ​ក្នុង​គោលដៅ​នយោបាយ​ ឬ​សកម្មភាព​នយោបាយ​ផ្សេង​ទៀត​។ ​លោក​ចៅក្រម ​គី ឫទ្ធី ​ក៏​បាន​ព្រមាន​លោក​កឹម សុខា​ដែរ​ថា ​ប្រសិន​លោក​កឹម សុខា ​គេចវេះ​ដោយ​ចេតនា​ពី​កាតព្វកិច្ច​ទាំងនេះ ​លោក​អាច​នឹង​សម្រេច​ឃុំខ្លួន​លោក​កឹម សុខា ​ បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​វិញ​។

លោកកឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​ទាំងយប់​ ហើយ​នៅ​ម៉ោង​ប្រមាណ​៣ ​និង៣០នាទី​ទៀបភ្លឺ​ថ្ងៃនេះ​ លោក​បាន​មក​ដល់​គេហដ្ឋាន​របស់​លោក ​នៅ​ម្តុំ​ទួលគោក​ រាជធានីភ្នំពេញ​។ ​លោក​កឹម សុខា ​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​ពាក់​កណ្តាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣​ខែកញ្ញា ​ឆ្នាំ​២០១៧​ ក្រោម​ការ​ចោទប្រកាន់​ពី​បទក្បត់ជាតិ​។ ​លោក​កឹម សុខា ​ត្រូវបាន​ឃុំខ្លួន​អស់​រយៈ​ពេល​១ឆ្នាំ​៧ថ្ងៃ​នៅក្នុង​ពន្ធនាគារ​ មុន​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃនេះ​។

លោក​សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ​ការ​សម្រេច​ដោះលែង​លោក​ កឹម សុខា ​ពី​ពន្ធនាគារ​នេះ​ គឺ​ជា​ឆន្ទានុសិទ្ធិ​ទាំងស្រុង​របស់​តុលាការ​កម្ពុជា​។ ​លោក​ក៏បាន​គូសបញ្ជាក់​ថែមទៀត​ថា ​ ការ​ដោះលែង​នេះ ​មិនមាន​ការ​លូកដៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ណាមួយ​ឡើយ​។

ចំណែក​លោក ​សម រង្ស៊ី ​ដែល​ធ្លាប់ជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​វិញ​បាន​អះអាង​ថា ​ការ​ដោះលែង​លោក​កឹម សុខា​ នេះ ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ​ក្នុង​ការ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា​រស់ឡើង​វិញ​។ ដើម្បី​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់ឡើង​វិញ ​សម្រាប់​ លោក ​សម រង្ស៊ី​ គឺ​ត្រូវតែ​អនុញ្ញាត​ឲ្យ​អតីត​ប្រឆាំង​ដំណើរការ​ឡើងវិញ​ អនុញ្ញាត​ឲ្យ​មន្ត្រី​អតីត​បក្សសង្គ្រោះជាតិ​ទាំង​១១៨​នាក់ ​ធ្វើ​នយោបាយ​បាន​ដូច​មុន ​ផ្តល់​មុខ​តំណែង​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​អតីត​បក្ស​ប្រឆាំង​ និង​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ​ ដោយ​មាន​ការចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ