អានតួអត្ថបទ
កម្ពុជា

លោក​​កឹម សុខា ​ប្រកាស​​មិ​ន​​គាំទ្រ​​ចលនា​​សង្គ្រោះ​​ជាតិ​​របស់​លោក​​សម រង្ស៊ី​

ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ពី​ជំហរ​របស់លោក​ថា លោក​មិន​ចូលរួម និង​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​របស់លោក​សម រង្ស៊ី នោះទេ។ ការប្រកាស​មិន​គាំទ្រ​ដោយ​លោក​កឹម សុខា ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​សហ​ស្ថា​និក​ម្នាក់​នៃ​ចលនា​សង្គ្រោះ​ជាតិ​បានប្រកាស​លាលែង​ពី​ចលនា​នេះ និង​ស្រប​ពេលដែល​លោក​សម រង្ស៊ី កំពុង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​អតីត​ប​បក្សប្រឆាំង​ចូលរួម​ជាមួយ​លោក។

លោកកឹម សុខា ប្រធាន​អតីតគណបក្ស​សង្គ្រោះ​ជាតិ
លោកកឹម សុខា ប្រធាន​អតីតគណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

កាលពី​យប់​ថ្ងៃ​សុក្រ​ទី១៩មករា មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា គឺ លោក​ផែង ហេង បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​ជំហរ​របស់​កូនក្ដី​លោក​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ។ បើតាម​លោក ផែង ហេង លោក​កឹម សុខា បញ្ជាក់ថា លោក​មិន​ចូលរួម​ចលនា និង​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើតឡើង​នោះទេ។ មិន​ចូលរួម​ព្រោះ​លោក​កឹម សុខា នៅតែ​មានជំនឿថា អ្នកនយោបាយ​ខ្មែរ​អាច​រក​ដំណោះស្រាយ​ជាមួយគ្នា​បាន​តាមរយៈ​ការសន្ទនា​ជាមួយគ្នា។ នេះ​បើតាម​មេធាវី​ការពារ​ក្ដី។

សូមបញ្ជាក់ថា ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​ប្រកាស​បង្កើតឡើង​កាលពី​ថ្ងៃទី១២ មករា ក្នុង​គោលបំណង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ដើម្បី​ចូលរួម​ក្នុង​បោះឆ្នោតជាតិ​នាពេល​ខាងមុខនេះ។ ម្យ៉ាងវិញទៀត វា​ក៏​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើការ​តស៊ូ​មតិ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា ផងដែរ។ ចលនា​ថ្មី​នេះ ត្រូវបាន​ប្រកាស​បង្កើត​ឡើង​ដោយ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៩រូប​រួមមាន​លោក​សម រង្ស៊ី លោកស្រី​ជូ​ឡុង សូ​មូរ៉ា លោក​អេង ឆៃអ៊ាង លោកស្រី​មួរ សុខ​ហួរ លោក​តុ វ៉ាន់​ចាន់ លោក​ទួន យក់​ដា លោក​ជា គឹម​លី លោក​គា រី និង លោក​អ៊ុង រិទ្ធី ។

ក៏ប៉ុន្តែ​លោក​អ៊ុង រិទ្ធី បានប្រកាស​លាលែង​ពី​ចលនា​សង្គ្រោះ​ជាតិ​បាត់ទៅហើយ​កាលពី​ថ្ងៃទី១៥ មករា ពោល គឺ​ក្រោយ​ប្រកាស​បង្កើត​ចលនា​នេះ​បាន​បី​ថ្ងៃ​ប៉ុណ្ណោះ។ លោក​អ៊ុង រិទ្ធី បាន​លើក​ហេតុផល​នៃ​ការសម្រេច​លាលែង​របស់​លោក​ថា ដោយសារតែ​លោក​មើលឃើញ​ពី​ការមិនយល់​ស្របគ្នា​ក្នុងការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ និង​ដើម្បី​ទុកពេល​ក្នុងការ​ពង្រឹងស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​រឹងមាំ​បន្ដទៀត។

គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ការប្រកាស​លាលែង​រប​ស់​អ៊ុង រិទ្ធី​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុម​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អតីត​គណបក្សប្រឆាំង​ចំនួន៥០នាក់​នៅ​ប្រចាំ​សហរដ្ឋអាមេរិក បានប្រកាស​មិន​ចូលរួម​ក្នុង​នៅក្នុង​ចលនា​ថ្មី​នេះ។ មិនតែប៉ុណ្ណោះ ក្រុម​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អតីត​ប្រឆាំង​ទាំងនោះ​ថែមទាំង​ប្រកាស​ជា​ចំហរ​ទៀតថា​ពួកគេ​នៅតែ​បន្តធ្វើ​ការតស៊ូ​មតិ​ក្នុង​ក្របខណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​អតីត​បក្សប្រឆាំង​រស់​ឡើងវិញ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា ឲ្យ​សេរីភាព​ឡើងវិញ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ