ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
កម្ពុជា

ក្នុង​អំឡុង​ពេល​​ឃោសនា​បោះឆ្នោត​ លោក​​កឹម សុខា​​ផ្តាំ​​សហការី​​កុំ​​ឲ្យ​​ក្បត់​​ឆន្ទៈ​រាស្ត្រ​

media  
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ @សហការី

ថ្ងៃទី០៩ ខែកក្កដា​នេះ គឺជា​ថ្ងៃទី៣ហើយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​ដែលមាន​រយៈពេល២១ថ្ងៃ។ ស្របពេល​យុទ្ធ​ការឃោសនា​ស្វែ​ករក​សំឡេងឆ្នោត​កំពុងតែ​ប្រព្រឹត្តទៅ​ដូច​ការគ្រោង លោក​កឹម សុខា​ដែលជា​ប្រធាន​អតីត​សង្គ្រោះ​ជាតិ​ឯណោះ​វិញ បាន​ផ្តាំផ្ញើ​ឲ្យ​សមាជិក​អតីត​គណបក្សប្រឆាំង​ទាំងអស់​ឲ្យ​អត់ធ្មត់ និង​កុំ​ក្បត់​ឆន្ទៈ​របស់​រាស្ត្រ។

ពី​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ លោក​កឹម សុខា ដែលជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្តាំផ្ញើ​មកកាន់​សមាជិក​អតីត​បក្សប្រឆាំង​ថា ឲ្យ​អត់ធ្មត់​ហើយ​ខាំមាត់សង្កត់ចិត្ត មិន​វៀចវេរ​ក្បត់​ឆន្ទ:របស់​ប្រជាពលរដ្ឋ​ដែល​បានផ្ដល់​ក្ដីសង្ឃឹម​និង​ជំនឿ​ទំនុក​ទុកចិត្ត​មកលើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ពាក្យ​ផ្តាំផ្ញើ​របស់លោក​កឹម សុខា នេះ ត្រូវបាន​បង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ​ដោយ​លោក​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ ដែល​ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​រប​ស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ បានបង្ហាញ​ពាក្យ​ផ្តាំផ្ញើ​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី០៧ កក្កដា ដែលជា​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត របស់​បណ្តា​គណបក្សនយោបាយ​នានា​នៅក្នុង​ប្រទេស​កម្ពុជា។

តាមរយៈ​លោក​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ​ដដែល លោក​កឹម សុខា បាន​ប្រាប់​ទៅ​សហការី​របស់លោក​ទៀត​ថា ឲ្យ​អត់ធ្មត់ ដើម្បី​ជាតិ​ទាំងមូល មិនមែន​ដើម្បី​បុគ្គល និង​បក្ខពួក​គ្រួសារ​ឡើយ ហើយក៏​មិនត្រូវ​បោះបង់ចោល​ប្រជាជាតិ​និង ក្បត់​ឆន្ទ:ប្រជារាស្ត្រ​នោះទេ។ បើតាម​លោក​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ លោក​កឹម សុខា ក៏បាន​សង្កត់ធ្ងន់​បន្ថែ​ម​ថា មានអី​ហូប​ហ្នឹង គ្រាន់តែ​ហូប​ដើម្បី​រស់​មិន​សំខាន់​ទេ តែ​កុំ​ឲ្យ​ក្បត់​ឆន្ទ:រាស្ត្រ។

ខណៈ​លោក​កឹម សុខា ផ្តាំ​សហការី​ឲ្យ​អត់ធ្មត់​នេះ លោក​សម រង្ស៊ី ដែលជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​ជា​ដៃគូ​របស់លោក​កឹម សុខា ឯណោះ​វិញ បាន​បន្ត​វាយប្រហារ​ទៅលើ​បក្ស​កាន់អំណាច និង​បក្ស​ដទៃទៀត ព្រមទាំង​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី០៨ កក្កដា លោក​សម រង្ស៊ី បានចាត់ទុក​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​គណបក្ស​បំផ្លាញ​ជាតិ និង​ក្បត់ជាតិ។ រីឯ​គណបក្ស​ចំនួន១៩ ទៀត ត្រូវបាន​លោក​សម រង្ស៊ី ហៅថា ជា​គណបក្ស​អាប ឬ គណបក្ស​អំពិលអំពែក​ដែល​គណបក្ស​ទាំងនេះ គ្រាន់តែ​ជា​គណបក្ស​មកជួយ​បង្គ្រប់កិច្ច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។

ចំណែក​ការបោះឆ្នោត​នៅ​កម្ពុជា​វិញ លោក​សម រង្ស៊ី នៅតែ​បន្ត​ចាត់ទុកថា ជា​ឆាកល្ខោន ដើម្បី​កម្ចាត់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ប្រថាប់ត្រា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត១០០ ភាគរយ ហើយ​កាន់អំណាច​តទៅទៀត។

ជាការ​ឆ្លើយតប​វិញ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក​សុខ ឥសាន បាន​អះអាងថា ការលើកឡើង​របស់លោក​កឹម សុខា និង​លោក​សម រង្ស៊ី​នេះ គឺជា​សិទ្ធិ​របស់​ពួកគេ។ ប៉ុន្តែ​លោក​ក៏បាន​គូស​បញ្ជាក់ដែរថា ដំណើរការ​បោះឆ្នោត​នៅតែ​បន្ត​ទៅមុខ បើទោះបី​ជាមាន​ការលើក​ឡើង​បែបណាក៏ដោយ និយាយ​ឲ្យ​ខ្លី គឺ​គ្មានអ្វី​អាចមក​រារាំង​ការបោះឆ្នោត​បានឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ