អានតួអត្ថបទ
កម្ពជា​

លោក​កែវ រ៉េមី​​ប្រាប់​​លោកស្រី​​រ៉ូ​ណា ស្មី​ត​​ថា ​រដ្ឋាភិបាល​​កម្ពុជា​​កំពុង​​ដើរ​​លើ​ផ្លូវ​ត្រូវ​​ក្នុង​​វិស័យ​​សិទ្ធិ​មនុស្ស​

នៅក្នុង​ជំនួប​មួយ​នៅ​ព្រឹក​មិញ​នេះ លោក​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ជជែក​គ្នា​យ៉ាងច្រើន​លើ​បញ្ហា​សិទ្ធិមនុស្ស ប៉ុន្តែ​ក៏មាន​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​មួយចំនួន​ដែរ។ ទោះជា​យ៉ាងណាក៏ដោយ លោក​កែវ រ៉េមី បាន​គូស​បញ្ជាក់ប្រាប់​ទៅ​លោកស្រី​រ៉ូ​ណា ស្មី​ត ថា ពេលនេះ​រដ្ឋាភិបាល​កម្ពុ​ជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ ហើយ​ថា​ថ្ងៃ​ណាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​យល់​ពី​បញ្ហា​នេះ។

លោកកែវ រ៉េមី ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកកាសែត​ក្រោយ​ជំនួប​ជាមួយ​លោកស្រី​រ៉ូណា ស្មីត​
លោកកែវ រ៉េមី ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកកាសែត​ក្រោយ​ជំនួប​ជាមួយ​លោកស្រី​រ៉ូណា ស្មីត​ @RFI
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​សន្និសីទកាសែត​ក្រោយ​ជំនួប​ជាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត ដែលជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​អះអាងថា លោក​បាន​ប្រាប់​លោកស្រី​រ៉ូ​ណា ស្មី​ត ពី​បញ្ហា​សន្តិភាព និង​ស្ថិរភាព ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស ហើយ​ថា​មាន​សន្តិភាព និង​ស្ថិរភាព គឺ​ស្មើនឹង​ការលើកស្ទួយ​បញ្ហា​សិទ្ធិមនុស្ស។ ដូច្នេះហើយ លោក​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បកស្រាយ​ថា អ្វីដែល​រដ្ឋាភិបាល​ខ្មែរ​បានធ្វើ និង​កំពុងតែ​ធ្វើ​នាពេលនេះ គឺ​ដើរ​នៅលើ​ផ្លូវត្រូវ។ ជាការ​ឆ្លើយតប​វិញ លោកស្រី​រ៉ូ​ណា ស្មី​ត បាន​ប្រាប់​ទៅ​លោក​កែវ រ៉េមី​ថា បញ្ហា​សន្តិភាព និង​ស្ថិរភាព​គឺ​សំខាន់​ហើយ ប៉ុន្តែ​ត្រូវតែ​ដើរទៅ​ទន្ទឹមគ្នា​នឹង​សិទ្ធិមនុស្ស ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា។

ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការដាក់ទោសទណ្ឌ​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ក៏​ជា​ចំណុច​មួយ​ដែល​លោកស្រី​រ៉ូ​ណា ស្មី​ត លើក​ទៅ​និយាយ​ជាមួយ​លោក​កែវ រ៉េមី​ដែរ។ លោកស្រី​រ៉ូ​ណា ស្មី​ត​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការកែប្រែ​ច្បាប់​ទាំងនេះ ព្រោះ​បើតាម​លោកស្រី វា​ជាការ​រឹតបន្តឹង​សិទ្ធិសេរីភាព​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា។ យ៉ាងណាក៏ដោយ សម្រាប់​លោក​កែវ រ៉េមី វិញ ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ មិនមាន​អ្វី​ចម្លែក​ទេ គឺ​ដូច​តែ​ប្រទេស​ដទៃទៀត​អ៊ីចឹង​ដែរ។ លោក​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ ដូចនេះហើយ ការអនុវត្ត​ច្បាប់ គឺជា​រឿង​ចាំបាច់។

គួរបញ្ជាក់​ឲ្យ​ដឹងថា មុន​ធ្វើដំណើរ​មក​ទស្សនកិច្ច​រយៈពេល១០ថ្ងៃ​ដូច​សព្វមួយដង​នៅក្នុង​ប្រទេស​កម្ពុជា​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត ក៏​ធ្លាប់​លើកឡើង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ផងដែរ​អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងពីរ​នេះ។ ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​ក្រោយ​ពេលមកដល់​កម្ពុជា​ភ្លាម លោកស្រី​រ៉ូ​ណា ស្មី​ត​ក៏​លើក​និយាយ​ពី​បញ្ហា​នេះ​ភ្លាម​តែម្តង ហើយ​លោកស្រី​ក៏​បង្ហាញ​ក្តីកង្វល់​អំពី​វិសោធនកម្ម​ច្បាប់​នេះ​ជាមួយ​លោក​កែវ រ៉េមី​ទៀត ដោយ​មិនបាន​និយាយ​ពី​បញ្ហា​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការឃុំខ្លួន​លោក​កឹម សុខ នៅក្នុង​ពន្ធនាគារ​ឡើយ។ នេះ​បើតាម​ការអះអាង​របស់​លោក​កែវ រ៉េមី។

សម្រាប់​លោក​កែវ រ៉េមី ការដែល​លោកស្រី​រ៉ូ​ណា ស្មី​ត លើកឡើង​ពី​កង្វល់​នានា​អំពី​កម្ពុជា គឺ​ដោយសារតែ​នៅពេលនេះ​លោកស្រី​មិនទាន់​យល់​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​លោក​ជឿជាក់ថា ថ្ងៃ​ណាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​យល់ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ត្រឹមត្រូវ។ លោក​កែវ រ៉េមី ហ៊ាន​ទាំង​សន្និដ្ឋាន​ទុកជាមុន​ទៀតថា ប្រសិនបើ​នៅពេលណា​ដែល​លោកស្រី​រ៉ូ​ណា ស្មី​ត យល់ថា​កម្ពុជា​ធ្វើ​ត្រូវ នោះ​លោកស្រី​ច្បាស់​ជា​ប្តូរ​តួនាទី​ពី​តំណែង​ជា​អ្នករាយការណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ថែមទាំង​កោតសរសើរ​កម្ពុជា​ផង​ទៀត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ