ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
កម្ពុជា

អ្នកវិភាគ​​នយោបាយ​​គឹម សុខ​ត្រូ​វ​បាន​​ដោះលែង​​ឲ្យ​​មាន​​សេរីភាព​ ក្រោយ​​ជាប់​ពន្ធនាគារ​​គ្រប់​​កំណត់​១ឆ្នាំ​កន្លះ​

media  
អ្នកវិភាគនយោបាយគឹម សុខ ត្រូវបានដោះលែងឲ្យមានសេរីភាព ក្រោយជាប់ពន្ធនាគារគ្រប់កំណត់១ឆ្នាំកន្លះ @Facebook

អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​កម្ពុជា លោក​គឹម សុខ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​បាន​អនុវត្ត​ទោស​គ្រប់​កំណត់១ឆ្នាំកន្លះ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស។ ប៉ុន្តែ​លោក​គឹម សុខ ក៏ត្រូវ​ប្រឈមមុខ​នឹង​សំណុំរឿង​មួយទៀត​ដែរ​គឺ​រឿង​លោក​ចោទថា​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ហើយ​រក​ឃាតករ​មិនឃើញ។ ទោះជា​បែបនេះ​ក្តី​លោក​គឹម សុខ អះអាងថា នឹង​នៅតែ​ធ្វើការ​វិភាគ​លើ​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​បន្តទៀត។

នៅ​ម៉ោង​ប្រមាណ​ជាង៩កន្លះ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​គឹម សុខ បាន​ដើរ​ចេញពី​ពន្ធនាគារ​ដោយ​ទឹកមុខ​សប្បាយរីករាយ​ក្រោម​ស្នូរ​ទះដៃ​អប​សាទរ​យ៉ាង​កងរំពង​ពី​សំណាក់​ពលរដ្ឋ​មួយចំនួន​រួមទាំង​ព្រះសង្ឃ​ផង​ដែល​បាន​ទៅ​រង់ចាំ​ទទួល​លោក​នៅ​ពីមុខ​ពន្ធនាគារ។ បន្ទាប់ពី​ត្រូវបាន​ព្រះសង្ឃ​ធ្វើ​ពិធី​សាសនា​សូត្រមន្ត​បណ្តេញ​គ្រោះ​រួចរាល់ លោក​គឹម សុខ បានផ្តល់​បទសម្ភាសន៍​ខ្លី​មួយ​ដល់​អ្នកសារព័ត៌មាន។ ក្នុងនោះ លោក​អះអាងថា ការវិភាគ​របស់លោក​មិនមែន​ជាការ​ញុះញង់ និង​បរិហារកេរ្តិ៍​អ្វី​នោះទេ ប៉ុន្តែ​គឺជា​សិទ្ធិ​ដែលមាន​ចែង​នៅក្នុង​ច្បាប់។ ដូច្នេះហើយ លោក​គឹម សុខ គូសបញ្ជាក់ថា លោក​នឹង​នៅតែ​បន្តធ្វើ​ការវិភាគ​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​ទៀត ដោយ​លោក​ចាត់ទុកថា វា​គឺជា​កាតព្វកិច្ច​របស់លោក។

លោក​គឹម សុខា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហាកេរ្តិ៍ ដោយបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ១៨ខែ និង​ពិន័យ​ជា​ទឹកប្រាក់៨លាន​រៀល បូករួម​ទាំង​ប្រាក់​សំណង​ទៅ​ដើមបណ្តឹង៨០០លាន​រៀល​ទៀត។ ការ​ផ្ទ​ន្ទា​ទោស​នេះ ធ្វើតាម​បណ្តឹង​របស់​មេធាវី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្ទាប់ពី​លោក​គឹម សុខ បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត​កែម ឡី។ ការដោះលែង​លោក​គឹម សុខ នៅពេលនេះ គឺ​ដោយសារ​តុលាការ​បាន​អនុវត្ត​ទោស​លើ​រូបលោក​គ្រប់​កំណត់១៨ខែ​ហើយ​នៅក្នុង​ពន្ធនាគារ។

ប៉ុន្តែ​នេះ គឺ​គ្រាន់​ជា​សំណុំរឿង​ដាច់ដោយឡែក​មួយ​ប៉ុណ្ណោះ ខណៈ​លោក​គឹម សុខ កំពុង​ជាប់​សំណុំរឿង​មួយទៀត​គឺ​រឿង​លោក​ចោទថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​មួយ​សម្លាប់​មនុស្ស ហើយ​រក​ឃាតករ​មិនឃើញ។ កាលពី​ថ្ងៃ​អង្គារ​ទី១៤ សីហា តុលាការក្រុង​ភ្នំពេញ​បានចាប់ផ្តើម​ដំណើរការ​សំណុំរឿង​ថ្មី​នេះ ដោយបាន​ធ្វើការ​សាកសួ​រលោក​គឹម សុខ។ ប៉ុន្តែ​មិនទាន់បាន​ចោទប្រកាន់​បែបណា​នៅឡើយ​ទេ។ សំណុំរឿង​ថ្មី​នេះ មេធាវី​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត១០លាន​រៀល។

បើទោះបី​សំណុំរឿង​ថ្មី​នេះ​មិនទាន់​ត្រូវបាន​តុលាការ​ចោទប្រកាន់​ក៏ដោយ ក៏ប៉ុន្តែ​លោក​គឹម សុខ បាន​អះអាង​រួចហើយ​ថា លោក​នឹងមិន​ចេញទៅ​ក្រៅប្រទេស ដើម្បី​គេចខ្លួន​ឫ​ចង់ទៅ​រស់នៅ​សំងំ​តែម្នាក់ឯង​នោះឡើយ។ ផ្ទុយទៅវិញ លោក​បញ្ជាក់ថា ការ​ចេញទៅ​ក្រៅប្រទេស​របស់លោក អាច​នឹង​ធ្វើឡើង​ក្នុងករណី​ដែល​លោក​ត្រូវ​ទៅ​រៀនសូត្រ​បន្ថែម ឫ​ក៏ត្រូវ​ទៅ​ចូលរួម​សិក្ខាសាលា​អ្វីមួយ​តែប៉ុណ្ណោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ