អានតួអត្ថបទ
កម្ពុជា

ក្រសួង​យុត្តិធម៌​​បញ្ឈរ​ជើង​​ព្រះរាជ​អាជ្ញារ​ង​​ខេត្ត​កំពង់ធំ​​ម្នាក់​​ពាក់ព័ន្ធ​​បទ​ល្មើស​​កាប់​ឆ្ការ​​ព្រៃ​​លិច​​ទឹក​

ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​ម្នាក់ ត្រូវបាន​ក្រសួងយុត្តិធម៌​កម្ពុជា​សម្រេច​បញ្ឈរជើង​ក្រោម​ការចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់ឆ្ការ​ព្រៃ​លិច​ទឹក​មួយកន្លែង​នៅក្នុង​ខេត្តកំពង់ធំ។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា នៅពេលនេះ សាលាដំបូង​ខេត្តកំពង់ធំ​កំពុងដំណើរកា​រ​នីតិវិធី​លើ​ព្រះរាជអាជ្ញារង​រូបនោះ។

ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌ @Trip Advisor
ផ្សាយពាណិជ្ជកម្ម

ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តកំពង់ធំ​ដែល​រង​នូវ​ការចោទប្រកាន់​នេះ​មាន​ឈ្មោះថា ជា សុវណ្ណ​ថេត ហើយ​លោក​ត្រូវបាន​ក្រសួងយុត្តិធម៌​ចេញ​លិខិត​ផ្អាក​មុខងារ​បណ្តោះអាសន្ន​នៅ​ថ្ងៃទី២២ ខែមេសា ។ ការបញ្ឈប់​មុខងារ​បណ្តោះអាសន្ន​នេះ ដោយសារតែ​លោក​ជា សុវណ្ណ​ថេត បាន​រង​នូវ​ការចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​កាប់ឆ្ការ​គាស់ ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ប្រ​ពឹ​ត្ត​នៅ​ចំណុច​បឹង​អាត្រា​ព្រួល ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។

លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការសម្រេច​បញ្ឈរជើង​ព្រះរាជអាជ្ញារង​រូបនេះ គឺ​ដើម្បី​បើកផ្លូវ​ឱ្យ​តុលាការ​សាលាដំបូង​ខេត្តកំពង់ធំ​ចាត់ការ​សំណុំរឿង​បទល្មើស​កាប់ឆ្ការ​ព្រៃ​លិច​ទឹក​នេះ​ទៅតាម​ផ្លូវច្បាប់។ បើតាម​លោក​ជិន ម៉ា​លីន នៅពេលនេះ លោក​ជា សុវណ្ណ​ថេត និង អ្នកពាក់ព័ន្ធ​ផ្សេងទៀត​កំពុងស្ថិត​ក្នុង​ដំណើរ​ការបស់​តុលាការ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ​បាន​អះអាង​ឱ្យដឹង​បន្ថែមទៀតថា ប្រសិនបើ​តុលា​ការរក​មិនឃើញ​ពី​កំហុស​របស់លោក​ជា សុវណ្ណ​ថេត​ទេ នោះ​លោក​នឹងត្រូវ​ផ្តល់​មុខងារ​ឱ្យបំពេញ​ការងារ​ជាធម្មតា​ឡើងវិញ។ ផ្ទុយទៅវិញ ប្រសិនបើ​តុលាការ​រកឃើញថា លោក​ពិតជា​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​នោះ​មែន លោក​នឹងត្រូវ​រង​ពិន័យ​ផ្នែក​រដ្ឋបាល​ដោយ​លុបឈ្មោះ​ជា​ព្រះរាជា​អាជ្ញា​រង​ចេញពី​ក្របខណ្ឌ។ បន្ថែម​លើ​នេះ លោក​ជា សុវណ្ណ​ថេត ក៏​នឹងត្រូវ​រង​ទោសទណ្ឌ​ព្រហ្មទណ្ឌ​ទៅតាម​ការសម្រេច​របស់​តុលាការ​ផងដែរ។

សូមបញ្ជាក់ថា ដីព្រៃ​លិច​ទឹក និង​ដី​ជម្រក​ត្រី​ពង​កូន​ដែល​គេ​ឈូសឆាយ​ដោយ​ខុសច្បាប់​រហូត​ជាប់​រឿង​ដល់​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពង់ធំ​ផង​នេះ មាន​ទំហំ​ប្រមាណ​ជា១០ហិកតា។ សារព័ត៌មាន​អន​ឡាញ​ហ្រេ​ស​ញូ​វ​បាន​ចុះផ្សាយ​ថា ដីព្រៃ​លិច​ទឹក​នេះ​ត្រូវបាន​គេ​បំផុសបំផុល​ឱ្យ​ចុះទៅ​កាប់ឆ្ការ ឈូសឆាយ​យក​កាលពី​ថ្ងៃទី១៣ ខែមេសា កន្លងទៅ ហើយ​បច្ចុប្បន្ននេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​រួមជាមួយ​ត្រាក់ទ័រ​ផង ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន និង​រឹបអូស​យកមក​រក្សាទុក ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ