អានតួអត្ថបទ
កម្ពុជា

លោក​គង់ គាំ ​បរិហារ​​លោក​​សម រង្ស៊ី​​ថា​​កំពុង​​ធ្វើ​​សកម្មភាព​​បំផ្លាញ​​អនាគត​​អ្នក​​ប្រជា​ធិ​តេ​យ្យ​

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក​គង់ គាំ ដែល​ធ្លាប់ជា​អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​វាយប្រហារ​ទៅលើ​លោក​សម រង្ស៊ី។ ម្តងនេះ លោក​គង់ គាំ ធ្វើការ​ទស្សន៍ទាយ​ថា គ្មាន​លើកលែងទោស​ឱ្យ​លោក​សម រង្ស៊ី លើក​ទី​បី​ឡើយ។ មិនតែប៉ុណ្ណោះ លោក​ថែមទាំង​បរិហារ​លោក​សម រង្ស៊ី​ថា កំពុង​ធ្វើ​សកម្មភាព​ដែល​បំផ្លាញ​អនាគត​អ្នកប្រជាធិបតេយ្យ​ថែមទៀត។ ការ​បរិហារ​របស់លោក គង់ គាំ គឺ​ខណៈ​លោក​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។

លោក គង់ គាំ
លោក គង់ គាំ ©Channa/rfi
ផ្សាយពាណិជ្ជកម្ម

“គោលការណ៍ ឬ​យុទ្ធសាស្ត្រ​ប្រាំ​ចំណុច​របស់​ប្រធានស្តីទី​នៃ (មួយ​ចំហៀង​CNRP​រលា​យ) គឺជា​អំពើ​បំពាន​សីលប្រាំ គឺ កុហក​បោកប្រាស់ ការពារ​នី​ទណ្ឌ​ភាព បំផ្លាញ​អនាគត​អ្នកប្រជាធិបតេយ្យ ស​ន្និ​ដ្ឋិ​ភាព​យក​បរទេស​ចោល​ខ្មែរ និង ស្រវឹង វង្វេង​យក​ខ្មៅ​ជាស។ នេះ គឺជា​សារ​បាញ់​ឆ្ពោះ​របស់លោក​គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅកាន់​លោក​សម រង្ស៊ី ដែល​តាំង​នាម​ជា​ប្រធានស្តីទី​អតីត​គណបក្សប្រឆាំង។

សារ​របស់​អតីតមន្ត្រី​ជំនិត​របស់លោក​សម រង្ស៊ី​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក​សម រង្ស៊ី ប្រកាស​វិល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ តែ​មកដល់ពេលនេះ​មិនទាន់​កំណត់ពេល​ចូលមក​នៅឡើយ។ លោក​គង់ គាំ មិន​ជឿថា លោក​សម រង្ស៊ី ហ៊ាន​ចូល​ប្រទេស​កម្ពុជា​ដូច​ការលើកឡើង​នោះទេ។ សម្រាប់​លោក​គង់ គាំ ការប្រកាស​ចូល​ប្រទេស​វិញ​របស់លោក​សម រង្ស៊ី ប្រៀបបាន​ទៅនឹង​ផ្គរ តែ​មិន​ភ្លៀង​ដូច្នេះ​ដែរ។ ជាមួយគ្នានេះ លោក​ថែមទាំង​ធ្វើការ​ទស្សន៍ទាយ​ថា ដាច់ខាត​គ្មាន​ការស្នើសុំ​លើកលែងទោស​លើក​ទី​បី​ឱ្យ​លោក​សម រង្ស៊ី ព្រោះ​មានការ​ប្តេជ្ញា​ច្បាស់លាស់​រួចហើយ។

សូមបញ្ជាក់ថា លោក​គង់ គាំ បច្ចុប្បន្ន គឺជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​បង្កើតឡើង​ដោយ​កូនប្រុស​របស់លោក​ផ្ទាល់។ លោក​ត្រូវបានតែងតាំង​ជា​ប្រធានកិត្តិយស​នេះ បន្ទាប់ពី​ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​ព្រះរាជទាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយពី​ដាក់សំណើ​ទៅកាន់​ក្រសួងមហាផ្ទៃ។ គិត​មកដល់ពេលនេះ មានតែ​លោក​គង់ គាំ និង​កូនប្រុស​ម្នាក់ទៀត គឺ​លោក​គង់ បូរ៉ា ប៉ុណ្ណោះ​ដែល​បានដាក់​ពាក្យស្នើសុំ និង​ត្រូវ​បានផ្តល់​សិទ្ធិ​ឱ្យធ្វើ​នយោបាយ​ឡើងវិញ។

ចំណែកឯ​មន្ត្រី​អតីត​បក្សប្រឆាំង​ផ្សេងទៀត​បានធ្វើ​តាម​ការអំពាវនាវ​របស់លោក​សម រង្ស៊ី ដោយ​មិនបាន​ដាក់សំណើ​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទេ។ ពួកគេ​ក៏​ដូច​លោក​សម រង្ស៊ី ដែរ​នៅតែ​សង្ឃឹមថា គណបក្ស​សង្គ្រោះ​ជាតិ​របស់​ពួកគេ​នឹង​រស់រានមានជីវិត​ក្នុង​ឆាកនយោបាយ​កម្ពុជា​ឡើងវិញ។ ប៉ុន្តែ​លោក​គង់ គាំ បាន​ទស្សន៍ទាយ​ថា នឹង​គ្មាន​បក្សប្រឆាំង​ជាថ្មី​វិញ​ទេ និង​ថា ក៏​គ្មាន​អតីត​អ្នកនយោបាយសំខាន់ៗនៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អាចមាន​វត្តមាន ឬ​បង្កើត​គណបក្សនយោបាយ​ថ្មី ដែល​ឆ្លើយតប​ដល់​ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​កន្លងមក​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ