អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​​មាន​​ជម្លោះ​ដីធ្លី​​ស្នើ​​ទូត​​បរទេស​​ចូលរួម​​ឃ្លាំមើល​​សវនាកា​រ​លើ​​ស្ត្រី​​បឹងកក់​

នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​ប្រជាពលរដ្ឋ​​ដែល​មាន​​ជម្លោះ​ដីធ្លី​​នៅ​ក្នុង​​តំបន់​​បឹងកក់ ​បុរី​កីឡា ​និង​​ថ្មគោល​​ជា​ដើម ​ប្រមាណ​​ជាង​១០០នាក់​​ក្នុង​នោះ​​មាន​​ទាំង​​ព្រះសង្ឃ​​មួយចំនួន​​ផង ​បាន​​ដង្ហែ​​ក្បួន​​ដាក់​​លិខិត​អញ្ជើញ​​ទៅ​កាន់​​ស្ថានទូត​​បរទេស​​ចំនួន​៩​ប្រចាំ​​នៅ​​កម្ពុជា ​និង​​រដ្ឋសភា​​ជាតិ​ខ្មែរ​​ ដើម្បី​​ចូល​រួម​​ឃ្លាំមើល​​សវនាការ​​លើ​​ស្ត្រី​​បឹងកក់​​នៅ​​សាលាឧទ្ធរណ៍​។ ​សាលាឧទ្ធរណ៍​​នឹង​​បើក​សវនាការ​​ជំនុំជម្រះ​​លើ​​ស្ត្រី​​អ្នក​​ភួ​មិ​បឹងកក់​​ចំនួន​១០​នាក់ ​និង​​អតីត​​ព្រះសង្ឃ​​មួយ​អង្គ​​ផង​​នៅ​​ថ្ងៃ​ទី​២២ ​មករា​ ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ។​

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ និង​ព្រះសង្ឃ ​ដង្ហែ​ក្បួន​ដាក់​លិខិត​អញ្ជើញ​តាម​បណ្តា​ស្ថានទូត​នានា​នៅ​ព្រឹក​ថ្ងៃ​ទី១៥​ ខែ​មករា ​ឆ្នាំ២០១៥​
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ និង​ព្រះសង្ឃ ​ដង្ហែ​ក្បួន​ដាក់​លិខិត​អញ្ជើញ​តាម​បណ្តា​ស្ថានទូត​នានា​នៅ​ព្រឹក​ថ្ងៃ​ទី១៥​ ខែ​មករា ​ឆ្នាំ២០១៥​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ព្រោះតែ​អស់ជំនឿ​លើ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទាំងនោះ បានសម្រេច​ប្រមូលផ្តុំ​គ្នា​ដង្ហែ​ដាក់​លិខិតអញ្ជើញ​ទៅកាន់​ស្ថានទូត​ចំនួន៩ប្រចាំ​នៅ​កម្ពុជា និង​រដ្ឋសភាជាតិ ដើម្បី​ចូលរួម​ឃ្លាំមើល​សវនាកា​រលើ​ស្ត្រី​បឹងកក់​ចំនួន១០ រូប និង អតីត​ព្រះសង្ឃ​មួយអង្គ​ផង ដែល​ពេលនេះ​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស។

ក្បួន​ដង្ហែ​ដាក់​លិខិតអញ្ជើញ បាន​ផ្តើមធ្វើ​មុនគេ​នៅ​ស្ថានទូត​បារាំង​ក្នុង​ទីក្រុង​ភ្នំពេញ។ សម្រាប់​ស្ថានទូត​បារាំង ក្រៅពី​ដាក់​លិខិតអញ្ជើញ ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ក៏បាន​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​អ្នកកាសែត​បារាំង​របស់​ទស្សនា​វ​ដ្តី Charlie Hebdo ដែល​រង​ការបាញ់ប្រហារ​ពី​ក្រុម​ភេរ​វករ​អ៊ីស្លាម​ជ្រុលនិយម​កាលពី​សប្តាហ៍​មុន​នៅក្នុង​ទីក្រុង​បារី​ស​ផងដែរ។

បន្ទាប់ពី​ស្ថានទូត​បារាំង ក្រុម​ប្រជាពលរដ្ឋ​បាន​ដង្ហែ​លិខិតអញ្ជើញ​ទៅ​ដាក់​នៅ​ស្ថានទូត​អង់គ្លេស អាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី ជប៉ុន និង​ស្ថានទូត​ចំនួន៣ ទៀត​មុននឹង​បញ្ចប់​នៅ​រដ្ឋសភាជាតិ​កម្ពុជា។ អ្នកស្រី​ប៉ូវ សោភា តំណាង​អ្នកភូមិ​បឹងកក់ បាន​ថ្លែងថា ការដាក់​លិខិតអញ្ជើញ​នេះ ក្រុម​ប្រជាពលរដ្ឋ​សង្ឃឹមថា ឯកអគ្គរាជទូត និង​រដ្ឋទូត​នៃ​ស្ថានទូត​ទាំងនោះ នឹងចូលរួម​ឃ្លាំមើល​ស​វនា​ការ​លើ​ស្ត្រី​បឹងកក់​នេះ ដើម្បី​បានដឹងថា តើ​តុលាការ​នៅ​ស្រុក​ខ្មែរ​មាន​ឯករាជ្យ ឫ ស្ថិតក្រោម​ការបង្គាប់បញ្ជា​ពី​រដ្ឋាភិបាល។ អ្នកស្រី​បន្តថា ស្ថានទូត​ប្រទេស​មហាអំណាច​ដូចជា​បារាំង​ជាដើម​ដែលជា​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​បារី​ស២៣ តុលា អាចដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តុលាការ​ស្រុក​ខ្មែរ​មាន​ឯករាជ្យ ដែល​អាច​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី​បឹងកក់​ដែល​កំពុង​ជាប់ឃុំ​ទាំង​នោះបាន។

លោក​អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​ដែល​បាន​ឃ្លាំមើល​ការ​ដង្ហែ​ដាក់​លិខិតអញ្ជើញ​របស់​ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នេះ យល់ថា ការស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស​របស់​ក្រុម​ប្រជាពលរដ្ឋ​នេះ គឺ​ដោយសារ​ពួកគេ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធតុលាការ​ស្រុក​ខ្មែរ ហើយ​ពួកគេ​រំពឹងថា ស្ថានទូត​បរទេស​ទាំង​នោះ​ជាពិសេស​ប្រទេស​ផ្តល់ជំនួយ​ដល់​កម្ពុជា អាចមាន​ឥទ្ធិពល​ជំរុញ​ឲ្យ​មានការ​ដោះលែង​អ្នក​កំពុង​ឃុំ​ទាំងនោះ។

សូមបញ្ជាក់ថា ស្ត្រី​អ្នកភូមិ​បឹងកក់​ដែល​កំពុង​ជាប់ឃុំ​ទាំងនោះ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ខែវិច្ឆិកា​ឆ្នាំ២០១៤ បានសម្រេច​ផ្ទ​ន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្នុងម្នាក់ៗរយៈពេល​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន២ លាន​រៀល ពីបទ​ធ្វើ​ឲ្យ​កកស្ទះ​ចរចា​ចរណ៍ និង​ប្រឆាំង​មន្ត្រីរាជការ​សាធារណៈ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​បិទផ្លូវ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ រឿង​ទឹក​លិច​ផ្ទះ​របស់ខ្លួន។ ស្ត្រី​បឹងកក់​ទាំងនោះ និង​អតីត​ព្រះអង្គ​មួយអង្គ​ផង​ដែល​តែងតែ​ចេញមុខ​តវ៉ាជារឿយៗ នឹងត្រូវ​តុលាការ​សាលាឧទ្ធរណ៍​បើកសវនាការ​ជំនុំជម្រះ​ឡើងវិញ​នៅ​ថ្ងៃទី២២ មករា ខាងមុខនេះ។ យ៉ាងណាក៏ដោយ លោក​អំ សំអាត បាន​សម្តែង​សុ​ទុ​ដ្ឋិ​និយម​ថា សាលាឧទ្ធរណ៍​នឹង​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយសារ​មិនមាន​ភ​ស្ត​តាង​ណាមួយ​បញ្ជាក់ថា ពួកគេ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះឡើយ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ