អានតួអត្ថបទ
កម្ពុជា

នាយករដ្ឋ​មន្ត្រី​​ឡាវ​​នឹង​​មក​​កម្ពុជា​២​ថ្ងៃ​​នៅ​​សប្តាហ៍​​ក្រោយ​នេះ​​ដើម្បី​​ដោះស្រាយ​​បញ្ហា​​ព្រំដែន​

នាយករដ្ឋមន្ត្រី​ឡាវ លោក​ថង​លូន ស៊ី​ស៊ូ​លី​ត នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល២ថ្ងៃ​ចាប់ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី១៣ ខែកញ្ញា​សប្តាហ៍​ក្រោយនេះ។ នេះ​បើតាម​ប្រកាស​ឱ្យដឹង​របស់​ក្រសួង​បរទេស​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី​ឡាវ​មកកាន់​កម្ពុជា​នេះ​ក្នុង​គោលបំណង​ជួបពិភាក្សា​គ្នា​ដោយផ្ទាល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ព្រំដែន​ដែល​នៅ​សេ​សេ​សល់​រវាង​ប្រទេសជិតខាង​ទាំងពីរ។

ជំនួបទ្វេភាគី កម្ពុជា- ឡាវ ដើម្បីដោះស្រាយបញ្ហាព្រំដែន នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧។
ជំនួបទ្វេភាគី កម្ពុជា- ឡាវ ដើម្បីដោះស្រាយបញ្ហាព្រំដែន នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧។ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​អះអាង​ឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ឡាវ​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ហើយ​ជាពិសេស​នោះ គឺ​ពិភាក្សា​លើ​បញ្ហា​ព្រំដែន។ បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ឡាវ ដែល​នៅ​សេសសល់​ប្រមាណ​ជា ១៦%ទៀត នៅតែ​មិនទាន់បាន​ដោះស្រាយ​បញ្ចប់​បាន​នៅឡើយ​មកដល់ពេលនេះ។

គួរ​បញ្ជាក់ថា មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​ឡាវ​មកកាន់​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី១២-១៣ ខែកញ្ញា​ខាងមុខនេះ ប្រមុខ​ការទូត​កម្ពុជា គឺ​លោក​ប្រាក់ សុខុន ក៏បាន​ទៅកាន់​ប្រទេស​ឡាវ​រយៈពេល​ពីរ​ថ្ងៃ​ដែរ​កាលពី​ថ្ងៃទី០៥ និង ទី០៦ ខែកញ្ញា។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា លោក​ប្រាក់ សុខុន បាន​ជួប​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឡាវ​ដោយបាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​ដោយ​ត្រង់​ទៅ​ត្រង់​មក​អំពី​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នៅ​សេសសល់ និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

ក៏ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ មិនត្រូវ​បានបង្ហាញ​ឱ្យដឹង​នោះទេ ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទាំងពីរ​បានត្រឹមតែ​បញ្ជាក់​ពី​ការ​ឯកភាពគ្នា​ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឡាវ​មក​កម្ពុជា​ធ្វើឡើង​ដោយ​ជោគជ័យ​ប៉ុណ្ណោះ។

សូម​កត់សម្គាល់ថា ការ​ទៅកាន់​ប្រទេស​ឡាវ​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​គម្រោង​មកកាន់​ប្រទេស​កម្ពុជា​វិញ​របស់​នាយករដ្ឋមន្ត្រី​ឡាវ​នេះ ធ្វើឡើង​បន្ទាប់ពី​បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ​បាន​កើតឡើង​ជាថ្មី​នៅក្នុង​ខេត្តព្រះវិហារ​កាលពី​ខែសីហា រហូតដល់​មាន​ដាក់ពង្រាយ​កងទ័ពរៀងៗខ្លួន​នៅ​តំបន់​នោះ​ថែមទៀត។ បញ្ហា​ថ្មី​នេះ គឺ​បន្ថែម​ទៅលើ​បញ្ហា​ជម្លោះព្រំដែន​នៅក្នុង​ខេត្តស្ទឹងត្រែង​កាលពី​ឆ្នាំ២០១៧ ដែលមាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ។ ប៉ុន្តែ​បញ្ហា​ទាំងនេះ មិនបាន​បង្កឱ្យមាន​កា​រ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នោះទេ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ បាន​ជួបពិភាក្សា និង ព្រមព្រៀងគ្នា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ