អានតួអត្ថបទ
កម្ពុជា

ម្ចាស់​ក្លិប​​«ម៉ៃអាមី»​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​កា​ន់​តុលាការ​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿង​ញៀន​

បន្ទាប់​ពី​ត្រូវ​បាន​កងកម្លាំង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​បង្រ្កាប ​និង​នាំ​ខ្លួន​ទៅ​សាកសួរ​រួច​មក​ នៅ​ទីបំផុត​ម្ចាស់​ក្លិប​ «ម៉ៃអាមី»​ និង​បុគ្គលិក​ចំនួន​៦នាក់​ទៀត​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅកាន់​តុលាការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។ ​តាម​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ពួកគេ​ទាំងនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។

​ទិដ្ឋភាព​នៃ​បង្រ្កាប​នៅ​ក្លិប​ម៉ៃ​អាមី​
​ទិដ្ឋភាព​នៃ​បង្រ្កាប​នៅ​ក្លិប​ម៉ៃ​អាមី​ @FB
ផ្សាយពាណិជ្ជកម្ម

ម្ចាស់ក្លឹប​ «ម៉ៃអាមី»​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ផ្លូវច្បាប់​នេះ ​មាន​ឈ្មោះ​ថា ​ស្រេន វីរៈ​។ ​ចំណែក​បុគ្គលិក​ចំនួន​៦​នាក់​ផ្សេង​ទៀត​ គឺ​ពួកគេ​ជា​អ្នក​ធ្វើការ​ជា​មេកា ​និង ​សន្តិសុខ​។ ​អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក​លី សុផាណា ​មិន​អាច​ទាក់ទង​សុំការ​បញ្ជាក់​ពី​ចំណាត់ការ​របស់​តុលាការ​លើ​មនុស្ស​ទាំង៧​នាក់​នេះ​បាន​នោះទេ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។

យ៉ាង​ណា​ក៏ដោយ ​ការ​ចាប់​បញ្ជូន​ខ្លួន​មនុស្ស​ទាំង៧​នាក់​ទៅកាន់​តុលាការ​នេះ​ ធ្វើឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ក្រុងភ្នំពេញ​ បាន​ចុះ​ប្រតិបត្តិ​បង្ក្រាប​ក្លិប​កម្សាន្ត​«ម៉ៃអាមី»​ កាល​ពី​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១​ ខែ​មេសា ​ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុសស្រី​ជាង​៥០នាក់​។ ​សមត្ថកិច្ច​ក៏បាន​រឹបអូស​បាន​គ្រឿងញៀន​ជាង​១០​គីឡូ​ក្រាម​ ព្រម​ទាំង​ឧបករណ៍​ជក់ ​និង​កែច្នៃ​គ្រឿងញៀន​យ៉ាងច្រើន​នៅក្នុង​ក្លិប​នេះ​ផងដែរ​។​ ចំពោះ​យុវជន​ យុវតី​ជាង​៥០នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​វិញ ​សមត្ថកិច្ច​រកឃើញ​ថា​ មាន​យុវជន​ចំនួន​៣២​នាក់​មាន​សារធាតុញៀន​ក្នុង​ខ្លួន​។ ​យុវជន​ទាំងនេះ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន​ រីឯ​អ្នក​ផ្សេងទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​។

សូម​បញ្ជាក់​ឱ្យដឹង​ថា ​ការ​បង្ក្រាប​ក្លឹបកម្សាន្ត«ម៉ៃអាមី»នេះ គឺ​ជា​លើក​ទី២​ហើយ ដែល​សមត្ថកិច្ច​ប្រមូល​បាន​មនុស្ស​ដ៏​ច្រើនសន្ធឹកសន្ធាប់​ជាមួយគ្រឿងញឿន​ជាច្រើន​គីឡូ​ក្រាម​។ កាល​ពី​ចុង​ខែកុម្ភៈកន្លងទៅ ស្នង​ការ​ដ្ឋាន​នរគបាលក្រុង​ភ្នំពេញ បាន​សម្រុក​ចូល​ក្លឹប​កម្សាន្ត​រ៉ុកឃាត់​មនុស្ស​ជាង​៣០០​នាក់ ហើយរឹប​អូស​បាន​ថ្នាំ​ញៀន​ជាង​៥០​គីឡូ​ក្រាម​។ ម្ចាស់​ទីតាំង​ក្លឹប​កម្សាន្ត​រ៉ុក គឺលោក​ឧកញ៉ាគិត ធាង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​ PJ បន្ទាប់​ពី​តុលាការ​ចោទ​ប្រកាន់លោកថា ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ជាង​៥០​គីឡូ​ក្រាមនោះ​។

ក៏ប៉ុន្តែ​សម្រាប់​ម្ចាស់​ក្លិប«​ម៉ៃអាមី»​នេះ ​គេ​នៅ​មិនទាន់​ដឹងថា​ តុលាការ​នឹង​ចាត់ការ​យ៉ាងម៉េច​នោះ​ទេ​ ព្រោះ​ទើប​ទៅ​ដល់​ដៃ​តុលាការ​។ ​ដោយឡែក​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ជា​សាធារណៈ​ហើយដោយ​ឲ្យ​សមត្ថកិច្ច​ជីក​ឲ្យ​ជ្រៅ ដើម្បីគាស់​រំលើង​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ឱ្យ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ