អានតួអត្ថបទ
កម្ពុជា

មីក្រូ​ហិរញ្ញវត្ថុ​​នៅ​​កម្ពុជា​​ចេញ​មុខ​​ការពារ​​ភាព​​ស្អាត​ស្អំ​​របស់​ខ្លួន ​ក្រោយ​​ធនាគារ​ជាតិ​​ប្រកាស​​ធ្វើ​ការ​​ស៊ើប​អង្កេត​

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃទី០៩ ខែសីហា​ម្សិលមិញ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​ក្នុងការ​ផ្តល់​កម្ចី​ដល់​ប្រជាពលរដ្ឋ។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី​ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាសថា នឹងធ្វើ​ការស៊ើបអង្កេត​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បន្ទាប់ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ពីរ បាន​រកឃើញ​ពី​ភាពមិនប្រក្រតី​មួយចំនួន​នៃ​ការផ្តល់​កម្ចី​ដល់​ពលរដ្ឋ​ក្រី​ក្រពី​សំណាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

លោកស្រីជា សេរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ
លោកស្រីជា សេរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ @facebook
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ស្តីពី​ភាពមិនប្រក្រតី​នៃ​ការផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នេះ កើតឡើង​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង សមាគម​ធាងត្នោត។ អង្គការ​ទាំងពីរ​នេះ​បាន​រកឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ២លាន​នាក់​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ការ​ខ្ចីបុល​នេះ​បណ្តាលឱ្យ​អាច​កើតមាន​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន រួមមាន​ការបង្ខំ​ឱ្យ​លក់​ដី ការកេងប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល។ តាម​អង្គការ​ទាំងពីរ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផ្តល់​កម្ចី​ជាមួយ​ការប្រាក់​ខ្ពស់​ធ្វើ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។ មិនតែប៉ុណ្ណោះ អង្គការ​ទាំងពីរ​ថែមទាំង​ចាត់ទុក​ប្រតិបត្តិការ​នេះ ថា​ជា​សកម្មភាព​ហិរញ្ញវត្ថុ​អសីលធម៌​ថែមទៀត។

ភ្លាមៗ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ចេញមក​ទាត់ចោល​នូវ​ការរកឃើញ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាំងពីរ​នេះ។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ហៅ​ការរកឃើញ​នេះ​ថា បាន​មួលបង្កាច់​លើ​ការផ្តល់​ប្រាក់កម្ចី ដែល​បង្ហាញ​ពី​រូបភាព​ផ្ទុយគ្នា​ស្រឡះ និង​មើលរំលង​តួនាទី​ដ៏​សំខាន់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅលើ​ការកាត់បន្ថយ​ភាព​ក្រី​ក្រី និង​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ។ ជាមួយគ្នានេះ សមាគម​មួយ​នេះ ក៏បាន​ចាត់ទុក​ការរកឃើញ​នេះ​ថា ជាការ​បង្ខូច​កេរ្តិ៍ឈ្មោះរ​បស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​ថែមទៀត។

បើ​ទោះ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ចេញមក​បដិសេធ​ក៏ដោយ ប៉ុន្តែ​ធនាគារជាតិ​កម្ពុជា​វិញ មិនបាន​បដិសេធ ឫ​ឯកភាព​នឹង​ការរកឃើញ​នេះ​ទេ។ ផ្ទុយទៅវិញ ធនាគារជាតិ​បានធ្វើការ​ថ្កោលទោស​ចំពោះ​ការប្រតិបត្តិ​ដែល​គ្មាន​សីលធម៌​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា និង ប្រកាស​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ។ លោកស្រី​ជា សេរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​បានប្រកាស​កាលពី​ថ្ងៃទី០៨ សីហា​ថា នឹងធ្វើ​ការស៊ើបអង្កេត និង ចាត់វិធានការ​ចាំបាច់​ចំពោះ​បញ្ហា​ផ្តល់​កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ​នេះ។

ប្រឈមមុខ​នឹង​បញ្ហា​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានចេញ​មុខជា​ថ្មី​ម្តងទៀត​ដោយ​ប្រកាស​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន។ តាមរយៈ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី០៩ ខែសីហា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​អះអាងថា​ខ្លួន​បាន​ចូលរួម​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ឱ្យ​ចាក​ផុតពី​ភាពក្រីក្រ​តាមរយៈ​ការផ្តល់​កម្ចី​ដោយ​តម្លាភាព និង យុត្តិធម៌។ សម្រាប់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ការព្យាយាម​ណាមួយ​ក្នុង​ការយក​ការស្រាវជ្រាវ​ដែល​សមាគម​នេះ​ចាត់ទុកថា គ្មាន​មូលដ្ឋាន​ពិតប្រាកដ​ទៅធ្វើជា​រឿង​នយោបាយ គឺ​គួរតែ​ត្រូវបាន​ច្រានចោល។

យ៉ាងណាក៏ដោយ លោក​ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយរូប​នៅ​កម្ពុជា​យល់ឃើញថា កា​រកឃើញ​របស់​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត មិន​ឆ្លុះ​ប​ញ្ចំ​ង​រូបភាព​រួម​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​នោះទេ។ ចំណែក ការអះអាង​របស់​សមា​គម​មីក្រូ​ហិរ​ញ្ញ​វត្ថុ​កម្ពុជា​ដែលថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចូលរួម​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​រាប់លាន​នាក់​ឱ្យ​ចាក​ផុតពី​ភាពក្រីក្រ​ដោយ​ទាត់ចោល​នូវ​ភាព​អសកម្ម​មួយចំនួន​នោះ ក៏​មិន​ឆ្លុះបញ្ចាំង​ពី​រូបភាព​រួម​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ