អានតួអត្ថបទ
កម្ពុជា

គម្រោង​​អភិវឌ្ឍ​​បឹង​​តា​មោក​៖​រដ្ឋសភា​​ពិចារណា​​កោះ​ហៅ​​មន្ដ្រី​​រដ្ឋាភិបាល​​ទៅ​​បំភ្លឺ​

គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា កំពុង​ពិនិត្យ និង​ពិចារណា​លើ​ញត្តិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ជា​ញត្តិ​ស្នើសុំ​ការ​អន្តរា​គម​ពី​រដ្ឋសភា ដើម្បី​កោះហៅ​រដ្ឋាភិបាល​មក​បំភ្លឺ​ជុំវិញ​គម្រោង​អភិវឌ្ឍ​តា​មោក។ បើទោះបី​មិនទាន់មាន​ការសម្រេច​បែប​ណា​ក្តី ក៏ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅតែ​ចង់ឱ្យ​រដ្ឋាភិបាល​បំភ្លឺ​រឿងនេះ​ឱ្យបាន​ច្បាស់​មុន​ធ្វើការ​អភិវឌ្ឍ។

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន @សហការី
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​រដ្ឋសភាជាតិ​កម្ពុជា លោក​ឡេង ប៉េងឡុង បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋសភាជាតិ​មិនទាន់បាន​សម្រេច​ថា ត្រូវ​កោះហៅ ឬ​មិន​កោះហៅ​តំណាង​រដ្ឋាភិបាល​មក​បំ​ភ្លឺ​ជុំវិញ​គម្រោង​អភិវឌ្ឍ​បឹង​តា​មោក​នៅឡើយ​ទេ។ បើតាម​លោក​ឡេង ប៉េងឡុង នៅពេលនេះ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ដែលជា​គណៈកម្មការ​ទី១នៃ​រដ្ឋសភា​កំពុងធ្វើការ​ពិនិត្យ និង​ពិចារណា​លើ​សំណើ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។

សូមបញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កាលពី​ថ្ងៃទី១១ មិថុនា​កន្លងទៅ បានដាក់​ញត្តិ​ទៅ​រដ្ឋសភា ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​គម្រោង​អភិវឌ្ឍ​បឹង​ត​មោក។ ជាមួយនឹង​ការព្រួយបារម្ភ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏បាន​ស្នើ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា ដើម្បីឱ្យ​មានការ​បំភ្លឺ​បី​រដ្ឋាភិបាល​កម្ពុជា​ឱ្យបាន​ច្បាស់លាស់​លើ​គម្រោង​អភិវឌ្ឍ​បឹង​តា​មោក។ បឹង​តា​មោក ដែល​រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែសីហា ឆ្នាំ២០១៨កន្លងទៅ បានចេញ​សេចក្តីសម្រេច​ឱ្យ​បង្កើត​ផ្សារ​បន្លែ​ថ្មី និង ចំណតរថយន្ត​នៅ​បឹង​នេះ។ ប៉ុន្តែ​ដី​សម្រាប់​សាងសង់​ផ្សារ​បន្លែ និង​ចំណតរថយន្ត​នេះ គឺ​ត្រូវការ​តែ២០ហិកតា​ប៉ុណ្ណោះ។

បើទោះបី​រដ្ឋសភា​មិនទាន់​សម្រេច​យ៉ាងណាក៏ដោយ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅតែ​រក្សា​ជំហរ​ចង់ឱ្យ​រដ្ឋសភា​កោះហៅ​ខាង​រដ្ឋាភិបាល​មក​បំភ្លឺ​ជុំវិញ​ប្លង់​មេ​នៃ​គម្រោង​អភិវឌ្ឍ​បឹង​តា​មោក​នេះ។ សម្រាប់​លោក យ៉េ​ង វីរៈ ការបំភ្លឺ​របស់​រដ្ឋាភិបាល មាន​សារៈសំខាន់​ណាស់។ សំខាន់ ព្រោះ​គម្រោង​អភិវឌ្ឍ​បឹង​តា​មោក ដែលជា​បឹង​ចុងក្រោយ​នៅក្នុង​រាជធានី​ភ្នំពេញ នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ។ ហើយ​ប្រសិនបើ​អភិវឌ្ឍ​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់ លោក យ៉េ​ង វីរៈ បារម្ភ​ថា បឹង​តា​មោក នឹង​អាចមាន​វាសនា​ដូច​បឹងកក់​ដូច្នោះ​ដែរ​នៅពេល​អនាគត​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ