ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
កម្ពុជា

គ.ជ.ប​​ប្រាប់​​បក្ស​នយោបាយ​៦ឲ្យ​​ផ្តល់​ព័ត៌មាន​​ចាំបាច់​​ដើម្បី​​យក​ទៅ​​បែងចែក​​អាសនៈ​​បក្ស​​សង្គ្រោះ​ជាតិ​

media  
​គ.ជ.ប.

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) កាលពី​ថ្ងៃទី១៨ វិ​ចិ្ឆ​កា​ម្សិលមិញ បានចេញ​សេចក្តីជូនដំណឹង​ដល់​គណបក្ស​ក្រៅ​រដ្ឋសភា​ចំនួន៦ ឲ្យ​ផ្តល់ព័ត៌មាន​ចាំបាច់​មួយចំនួន ដើម្បី​ខ្លួន​យកទៅ​ចាត់ចែង​អនុវត្ត​បែងចែក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើបតែ​ត្រូវបាន​រំលាយចោល។ ចំណាត់ការ​របស់​គ.ជ.ប​នេះ ធ្វើឡើង​រំលង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​តុលាការ​កំពូល​កម្ពុជា​បានសម្រេច​រំលាយចោល​គ​ណ​បក្សប្រឆាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

គណបក្សនយោបាយ​ទាំង៦ដែលមាន​សិទ្ធិ​ទទួលបាន​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រួមមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ គណបក្សនយោបាយ​ទាំងនេះ សុទ្ធតែ​បាន​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅក្នុង​ឆ្នាំ២០១៣ តែ​មិនបាន​ជាប់​សូម្បី​តែមួយ​កៅអី​ឡើយ។

ក្នុងចំណោម​គណបក្ស​ទាំង៦នេះ គណបក្ស​យ៉ាងហោចណាស់​ចំនួន៣ សុទ្ធតែ​ធ្លាប់បាន​ប្រកាស​ទទួលយក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាត​តាំងតែ​ពីមុន​គណបក្សប្រឆាំង​ដ៏​ធំជាងគេ​នៅ​កម្ពុ​ជាមួយនេះ​ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល។ គណបក្ស​ទាំងបី​នោះ​រួមមាន គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​នរោត្តម រណឫទ្ធិ គណបក្ស​សញ្ជាតិ​កម្ពុជា និង គណបក្ស​ខ្មែរ​អភិ​វ​ឌ្ឈ​សេដ្ឋកិច្ច។

បើទោះបីជា​យ៉ាងណាក៏ដោយ ក៏មាន​គណបក្សនយោបាយ​យ៉ាងហោចណាស់​ចំនួន​ពីរ​ដែរ គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​ដែល​ធ្លាប់​ប្រកាស​មិន​ទទួលយក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ ។ សម្រាប់​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក​ក្រវ៉ា​ញ ដា​រ៉​ន ដែលជា​ប្រធាន​បក្ស​ធ្លាប់​អះអាងថា ការទទួលយក​អាសនៈ​បក្សប្រឆាំង​ជា​រឿង​គ្មាន​ន័យ និង​អយុត្តិធម៌​សម្រាប់​បក្សប្រឆាំង។ ចំណែក​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​វិញ លោក​ខឹម វាសនា ដែលជា​ប្រមុខ​ធ្លាប់បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ពី​ហេតុផល​ថា ដោយសារតែ​លោក​មិន​ឲ្យ​តម្លៃ​ទៅលើ​អាសនៈ​ទាំងនោះ។ លោក​ខឹម វាសនា លើកឡើងថា ពលរដ្ឋ​អ្នកបោះឆ្នោត​ទាំងនោះ​គ្មាន​តំលៃ​បន្តិច​ណា​សោះ​ដែល​សក្តិសម​នឹង​លោក​ធ្វើ​តំណាង​ឲ្យ​ពួកគាត់។

ដោយឡែក​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វិញ ហាក់​មិនទាន់​ច្បាស់លាស់​នៅឡើយ​ចំពោះ​ការទទួលយក​ឬ​មិន​ទទួលយក​អាសនៈ​គណបក្សប្រឆាំង។ លោក​ចាន់ យ៉េត ប្រធានស្តីទី​គណបក្ស​នេះ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា គណបក្ស​ត្រូវការ​ប្រជុំពិភាក្សា​ជាមួយ​គណៈកម្មាធិការ​នា​យក​សិន​មុននឹង​សម្រេច​បែបណា​នោះ។ បើតាម​លោក​ចាន់ យ៉េត ការសម្រេច​យ៉ាងណា​របស់​គណបក្ស​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​អំឡុង​សប្តាហ៍​ក្រោយនេះ។

សូមបញ្ជាក់ថា ការបែងចែក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ត្រូវបាន​រំលាយចោល​នេះ គឺ​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ត្រូវបាន​រដ្ឋសភា​ខ្មែរ​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​វិសោធនកម្ម មុន​ការរំលាយ​គណ​ក្ស​សង្គ្រោះ​ជាតិ​បន្តិច។ បើតាម​ច្បាប់​ថ្មី​នេះ គឺ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវធ្វើ​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​ក្នុង​រយៈពេល​យ៉ាងយូរ៧ថ្ងៃ​ទៅ​ឲ្យ​គណបក្ស​នានា​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ដោយ​មិន​គិត​បញ្ចូល​គណបក្សនយោបាយ​ដែល​បោះបង់ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ដែល​ត្រូវ​រំលាយ​និង​គណបក្សនយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ