អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ីវិល​​បារម្ភ​​ខ្លាំង​ឡើងៗ​ពី​​​សន្តិសុខ​​នៅខេត្ត​​ព្រះសីហនុ ​ក្រោយ​​មាន​ការ​​បាញ់ស​ម្លាប់​​គ្នា​​ជា​​បន្ត​បន្ទាប់​

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ មាន​ករណី​បាញ់សម្លាប់​យ៉ាង​សហាវ​មួយទៀត​ហើយ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ។ ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​ជនជាតិ​ចិន​ដូចគ្នា​បាញ់សម្លាប់​ទម្លាក់​ពីលើ​រថយន្ត​នៅ​កណ្តាល​ក្រុងព្រះសីហនុ​តែម្តង។ នេះ មិនមែនជា​ករណី​ថ្មីថ្មោង​ទេ​នៅ​ខេត្ត​ព្រះសីហនុ ពោល គឺ​កន្លងមក​ក៏​ធ្លាប់មាន​ករណី​បាញ់សម្លាប់​គ្នា​បែបនេះ​កើត​ឡើងជា​បន្តបន្ទាប់​ផងដែរ។ ចំណែក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​ជនដៃដល់​ជា​ជន​ជាតិចិន​ម្នាក់​ពី​ករណី​ប្លន់​សម្លាប់​កាត់​ជាកង់ៗទៅលើ​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា។ បញ្ហា​នេះ​បានធ្វើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​សម្តែង​ការព្រួយបារម្ភ​ខ្លាំងឡើងៗពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ទីនោះ។

ជនជាតិ​ចិន​​ម្នាក់​​ត្រូវ​​បាន​​ជន​ជាតិ​ចិ​ន​ដូច​គ្នា​​បាញ់​​សម្លាប់​​ទម្លាក់​​ពី​​លើ​​រថយន្ត​​នៅ​​ក្រុង​​ព្រះ​សីហនុ​ ​នៅ​​ព្រឹក​​ថ្ងៃ​​អាទិត្យ​ ​ទី​០៦ ​​ខែ​​តុលា ​ឆ្នាំ​​​២០១៩​​
ជនជាតិ​ចិន​​ម្នាក់​​ត្រូវ​​បាន​​ជន​ជាតិ​ចិ​ន​ដូច​គ្នា​​បាញ់​​សម្លាប់​​ទម្លាក់​​ពី​​លើ​​រថយន្ត​​នៅ​​ក្រុង​​ព្រះ​សីហនុ​ ​នៅ​​ព្រឹក​​ថ្ងៃ​​អាទិត្យ​ ​ទី​០៦ ​​ខែ​​តុលា ​ឆ្នាំ​​​២០១៩​​ @FB
ផ្សាយពាណិជ្ជកម្ម

លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​លើកឡើងថា បញ្ហា​បាញ់សម្លាប់​គ្នា​យ៉ាង​អាណាធិបតេយ្យ និង​អសន្តិសុខ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ ជា​រឿង​មួយ​ដ៏​គួរឱ្យ​ព្រួយបារម្ភ និង​មិនមែនជា​រឿង​តូចតាច​នោះទេ។ សម្រាប់​លោក​ព្រាប កុល បញ្ហា​ទាំងនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង ភ្ញៀវទេសចរ​ផ្សេងទៀត​មានការ​ភ័យខ្លាច និង មិន​ហ៊ាន​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ។

ចំណែក លោក​យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើ​ម្ប​អភិវឌ្ឍ និង​សន្តិភាព​វិញ ក៏​យល់ឃើញ​មិន​ខុសគ្នា​នឹង​លោក​ព្រាប កុល​ដែរ។ លោក​អះអាងថា បញ្ហា​នេះ​នឹង​ដល់​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ។ ជាមួយគ្នានេះ វា​ក៏​ជា​មេរៀន​ដ៏​អាក្រក់​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​អាច​នឹង​យកតម្រាប់​តាម។ ម្យ៉ាងវិញទៀត លោក​គូសបញ្ជាក់ថា បញ្ហា​នេះ​ក៏​នឹង​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ។

ទាំង​លោក​យង់ គឹមអេង និង លោក​ព្រាប កុល សុទ្ធតែ​យល់ឃើញ​ដូចគ្នា​ថា បញ្ហា​បាញ់បោះ​យ៉ា​អាណាធិបតេយ្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ គឺ​កើតឡើង​ដោយសារតែ​ការ​រឹតបន្តឹង​របស់​អាជ្ញាធ​រ​នៅ​ទីនោះ​នៅមានកម្រិត​នៅឡើយ។ ការលើកឡើង​ដូច្នេះ ដោយសារតែ​ពួកគេ​មើលឃើញ​ពី​ការប្រើប្រាស់​អាវុធ​ដោយ​សេរី​ពី​ជនបង្ក។ ដូចគ្នានេះដែរ លោក​អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​វិញ​ក៏បាន​សម្តែង​នូវ​ការងឿងឆ្ងល់​ ថា​តើ​ជនជាតិ​ចិន​ទាំង​នោះបាន​អាវុធ​ពី​ណា​មកប្រើប្រាស់។

ចំពោះ​ការប្រើប្រាស់​អាវុធ​ដោយ​សេរី​នេះ អាជ្ញាធរខេត្ត​ព្រះសីហនុ​កំពុងតែធ្វើការ​ស៊ើបអង្កេត។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង​របស់លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ។ លោក​ក៏​ទទួលស្គាល់​ផងដែរ​នូវ​ចំណុច​ខ្វះចន្លោះខ្លះៗ បើទោះបី​អាជ្ញាធរ​ខិតខំ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​យ៉ាងណា​ក៏ដោយចុះ។

យ៉ាងណាក៏ដោយ ប្រឈមមុខ​នឹង​បញ្ហា​នេះ តំណាង​អង្គការ​សង្គម​ស៊ីវិល​ខាងលើ បាន​ទទូច​ឱ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ត្រូវតែ​ពង្រឹង​វិធាន​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ជាង​នេះ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាព​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ។ ពួកគេ​ក៏បាន​ទទូច​ឱ្យ​អាជ្ញាធរ​យកចិត្តទុកដាក់ និង​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ពី​ការ​ស្នាក់នៅ អត្តសញ្ញាណ និង មុខរបរ​របស់​ជន​ជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ និង មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ចំពោះ​ពួកគេ។

ជាការ​ឆ្លើយតប លោក​ឃាង ភារ​ម្យ បាន​អះអាងថា អាជ្ញាធរ​នឹង​បង្កើន​កិច្ចខិតខំ​របស់ខ្លួន និង​រឹង​បន្តឹង​ច្បាប់​បន្ថែមទៀត ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ