អានតួអត្ថបទ
កម្ពជា

រដ្ឋសភា​កម្ពុជា​​កំពុង​​រៀបចំ​​បង្កើត​​ក្រមសីលធម៌​​សម្រាប់​​អ្នក​តំណាងរាស្ត្រ​

នៅ​ព្រឹក​នេះ គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា និង​សមាគម​សមាជិកសភា​កម្ពុជា ដើម្បី​ប្រជារាស្ត្រ​និង​ការអភិវឌ្ឍ​និង​មជ្ឈមណ្ឌល​សម្រាប់​ការសន្ទនា​មនុស្សធម៌​បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ក្រមសីលធម៌​សម្រាប់​អ្នកតំណាងរាស្ត្រ។ រដ្ឋសភា​កម្ពុជា​អះអាងថា ក្រមសីលធម៌​តំណាងរាស្ត្រ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការប្រព្រឹត្ត​ខ្លួន​របស់​សមាជិកសភានីមួយ។

គណៈកម្មការ​នីតិកម្ម​របស់​រដ្ឋសភា​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ក្រមសីលធម៌​អ្នក​តំណាងរាស្រ្ត​
គណៈកម្មការ​នីតិកម្ម​របស់​រដ្ឋសភា​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ក្រមសីលធម៌​អ្នក​តំណាងរាស្រ្ត​ @RFI
ផ្សាយពាណិជ្ជកម្ម

ក្រមសីលធម៌​សម្រាប់​អ្នកតំណាងរាស្ត្រ ត្រូវបាន​ព្រាង​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ឲ្យ​សាធារណជន​ឃើញថា សមាជិកសភា​បាន​ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន​មួយ​ដែល​ទុក​ផលប្រយោជន៍​សាធារណៈ​ធំ​ជាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បង្កើត​នូវ​ប្រព័ន្ធ​មួយ​ដែលមាន​តម្លាភាព​ហើយ​អាច​ឲ្យ​សាធារណជន​មើលឃើញ​និង​វាយតម្លៃ​បាន​ថា​សមាជិកសភា​បាន​អនុវត្ត​បែប​នោះ​មែន។នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋសភា។

រដ្ឋសភា​កម្ពុជា តាមរយៈ​អត្ថបទ​ស្រាវជ្រាវ​ស្តីពី​ក្រមសីលធម៌​សភា ក៏បាន​អះអាង​ទៀតថា ការបង្កើត​ក្រមសីលធម៌​នេះ ក៏​ដើម្បី​ថែរក្សា និង​ពង្រឹង​នូវ​ទំនុកចិត្ត​និង​ការជឿជាក់​របស់​ពលរ​ដ្ឋ​ទៅលើ​ភាពស្មោះត្រង់ សុចរិត និង​សីលធម៌​របស់​សមាជិក​សភា​ព្រមទាំង​ធ្វើ​ឲ្យ​ស្ថាប័ន​សភា​ទទួលបាន​នូវ​ការគោរព និង​ទំនុកចិត្ត​ខ្ពស់​ពី​សង្គម។ បន្ថែម​លើ​នេះ វា​ក៏មាន​គោលដៅ​ផ្តល់​គោលការណ៍​ណែនាំ​ដែល​ជាក់លាក់​ដល់​សមាជិក​សភា​អំពី​ការប្រកាន់យក​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ផលប្រយោជន៍​រួម​ក្នុងការ​បំពេញ​មុខងារ​និង​តួនាទី​របស់ខ្លួន​ផងដែរ។

ក្រមសីលធម៌​អ្នកតំណាងរាស្ត្រ​នេះ មាន២ប្រការ និង​ចែកចេញជា៩ចំណុច។ អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា លោក​ឡេង ប៉េងឡុង បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែមថា ក្រមសីលធម៌​នេះ នឹង​កំណត់​ពី​សកម្មភាព​របស់​អ្នកតំណាងរាស្ត្រ​កម្ពុជា​ថា​អ្វី​គួរ​ធ្វើ និង​អ្វី​មិនគួរ​ធ្វើ។ ម្យ៉ាងវិញទៀត វា​ក៏​កំណត់​ពី​សីលធម៌​ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​ថា គួរប្រើ​ប្រាស់​សម្តីសំដៅ និង​រៀបចំ​ឥរិយាបថ​បែបណា​ផងដែរ។

សូមបញ្ជាក់ថា នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​រដ្ឋសភា​ខ្មែរ​ផ្តើម​រៀបចំ​ឲ្យ​មាន​ក្រមសីលធម៌​សម្រាប់​អ្នកតំណាងរាស្ត្រ​នេះ។ ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក ជាពិសេស​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ជាមួយ​កម្ពុជា​តែម្តង​ដូច​យ៉ាង​ប្រទេស​ថៃ និង​ហ្វីលីពីន​ជាដើម បាន​តាក់តែង​ក្រមសីលធម៌​សម្រាប់​អ្នកតំណាងរាស្ត្រ​នេះ​យូរ​មកហើយ។ សម្រាប់​អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុ​ជា មូល​ហេតុដែល​រដ្ឋសភា​យឺតយ៉ាវ​ក្នុងការ​រៀបចំ​បង្កើត​ក្រមសីលធម៌​អ្នកតំណាងរាស្ត្រ គឺ​ដោយសារ​កន្លងមក​អ្នកតំណាងរាស្ត្រ​ខ្មែរ​មិន​ចុះសម្រុង​គ្នា ចេះតែមាន​ទំនាស់​នឹង​គ្នា​ទើប​មិនអាច​ធ្វើបាន។ ប៉ុន្តែ​ពេលនេះ គឺ​ខុសគ្នា ដូច្នេះហើយ​ទើប​រដ្ឋសភា​ចាប់ផ្តើម​រៀបចំ​បង្កើត​ក្រមសីលធម៌​សម្រាប់​អ្នកតំណាងរាស្ត្រ​នេះ​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ