អានតួអត្ថបទ
កម្ពជា

នូ​វែ​ល​សេ​ឡង់​​អំពាវនាវ​​ឲ្យ​​​​អន្តរជាតិ​​ឃ្លាំមើល​​ស្ថានភាព​​បោះឆ្នោត​​នៅ​​កម្ពុជា​​ដែល​​គ្មាន​​បក្ស​ប្រឆាំង​

ប្រទេស​នូ​វែ​ល​សេ​ឡង់​នៅ​ថ្ងៃទី១៩ មិថុនា​ម្សិលមិញ បានធ្វើ​សេចក្តីថ្លែងការណ៍​រួម​ថ្មី​មួយទៀត​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើក​ទី៣៨នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស។ សេចក្តីថ្លែងការណ៍​ដែលមាន​កម្រាស់​ពីរ​ទំព័រ​នេះ បាន​បរិយាយ​យ៉ាងច្រើន​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុងនោះ​ប្រទេស​នូ​វែ​ល​សេ​ឡង់​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឲ្យ​បន្ត​យកចិត្តទុកដាក់​និង​ឃ្លាំមើល​ស្ថានភាព​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា។

នូ​វែ​ល​សេ​ឡង់​​អំពាវនាវ​​ឲ្យ​​​​អន្តរជាតិ​​ឃ្លាំមើល​​ស្ថានភាព​​បោះឆ្នោត​​នៅ​​កម្ពុជា​​ដែល​​គ្មាន​​បក្ស​ប្រឆាំង​
នូ​វែ​ល​សេ​ឡង់​​អំពាវនាវ​​ឲ្យ​​​​អន្តរជាតិ​​ឃ្លាំមើល​​ស្ថានភាព​​បោះឆ្នោត​​នៅ​​កម្ពុជា​​ដែល​​គ្មាន​​បក្ស​ប្រឆាំង​ UN / Paulo Filgueiras
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ អ្នកតំណាង​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្លា​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។ ជាមួយគ្នានេះ អ្នកតំណាង​នូ​វែ​ល​សេ​ឡង់​ក៏បាន​ធ្វើការ​កត់សម្គាល់​ថា ការបោះឆ្នោតជាតិ​កម្ពុជា​នៅ​ថ្ងៃទី២៩ កក្កដា​ខាងមុខនេះ មិនអាច​ចាត់ទុកថា​ជាការ​បោះឆ្នោត​សេរី ពិតប្រាកដ យុត្តិធម៌ និង​ស្របច្បាប់​ឡើយ នៅពេលដែល​គ្មាន​ការចូលរួម​ពី​គណបក្សប្រឆាំង​ធំ​បំផុត​នោះ។ មិនតែប៉ុណ្ណោះ អ្នកតំណាង​នូ​វែ​ល​សេ​ឡង់​ក៏បាន​អះអាង​ដែរ​ថា ការចុះឈ្មោះ​គណបក្សតូចៗមួយចំនួន​មិនអាច​ចូលមក​ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​ការគាំទ្រ៤៤ភាគរយ​នៅក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់​ក្នុង​ឆ្នាំ២០១៧បានទេ។

ប្រឈម​នឹង​បញ្ហា​នេះ តំណាង​នូ​វែ​ល​សេ​ឡង់​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​ការរៀបចំ​ការបោះឆ្នោត។ បន្ថែម​លើ​នេះ នូ​វេ​ល​សេ​ឡង់​ក៏បាន​ជំរុញ​ឲ្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ឃ្លាំមើល​ស្ថានភាព​ទាំង​មុន ក្នុងអំឡុងពេល និង​ក្រោយ​ការបោះឆ្នោត និង​ធ្វើ​សេចក្តីរាយការណ៍​មកកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅក្នុង​សម័យប្រជុំ​បន្ទាប់។

គួរ​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ប្រទេស​នូ​វែ​ល​សេ​ឡង់​បានធ្វើ​សេចក្តីថ្លែងការណ៍​រួម​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អំពី​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា។ កាលពី​សម័យប្រជុំ​លើក​ទី៣៧ ថ្ងៃទី២១ ខែមីនា​កន្លងទៅ ប្រទេស​នូ​វែ​ល​សេ​ឡង់​ដែល​តំណាង​ឲ្យ​ប្រទេស​ចំនួន៤៥ក៏​ធ្លាប់​បានធ្វើ​សេចក្តីថ្លែងការណ៍​រួម​បែបនេះ​ដែរ​ដោយ​សម្តែង​ពី​ការព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិ​ទិ្ធ​មនុស្ស សិទ្ធិ​នយោបាយ និង​ការបោះឆ្នោត​នៅ​កម្ពុជា។ សេចក្តីថ្លែងការណ៍​នាពេលនោះ ត្រូវបាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ច្រានចោល​ដោយ​អះអាងថា សេចក្តីថ្លែងការណ៍​នោះ​មាន​ចរិត​នយោបាយ​បង្កប់​ទៅដោយ​បំណង​អាក្រក់ ដើម្បី​រារាំង​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការការពារ​ច្បាប់។

ដោយឡែក​ចំពោះ​សេចក្តីថ្លែងការណ៍​ថ្មី​នេះ​វិញ ក្រៅពី​តែ​បន្ត​សម្តែង​នូវ​ការព្រួយបារម្ភ តំណាង​ប្រទេស​នូ​វែ​ល​សេ​ឡង់​ក៏បាន​អំពាវនាវ​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា​ឲ្យ​ដោះលែង​លោក​កឹម សុខា និង​អ្នកទោស​ពាក់ព័ន្ធ​នឹង​នយោបាយ​ផ្សេងទៀត​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ បើក​ឲ្យ​ដំណើរការ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​បើក​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​អតីត​បក្ស​នេះ១១៨នាក់។ ក្រៅពីនេះ តំណាង​ប្រទេស​នូ​វែ​ល​សេ​ឡង់​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​សេចក្តី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ផ្សេងៗទៀត​ដែល​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ។ លើសពីនេះ តំណាង​ប្រទេស​នូ​វែ​ល​សេ​ឡង់​ក៏បាន​ស្នើ​ឲ្យ​បញ្ឈប់​ការយាយី​លើ​សមាជិក​បក្សប្រឆាំង អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ