អានតួអត្ថបទ
កម្ពុជា

លោកអ៊ូ ច័ន្ទរ័ត្ន ​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​ជេរ​ប្រមាថ​មន្រ្តី​បក្ស​ប្រឆាំង​ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​

អតីត​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​អ៊ូ ច័ន្ទរ័ត្ន​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​អំពាវនាវ​ដល់​បណ្តា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះជាតិ​ឱ្យ​ឈប់​បន្ត​វប្បធម៌​ជេរ​ប្រមាថ​លើ​មន្រ្តី​ដែល​ស្នើសុំ​ និង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។​ ការ​អំពាវនេះ​ ធ្វើឡើង​ក្រោយ​ពី​ព្រះមហា​ក្ស​ត្រ​​កម្ពុជា​បាន​សម្រេច​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ម្នាក់​ទៀត​កាល​ពី​ម្សិលមិញ​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

លោកអ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​បាន​សម្តែង​ការ​មិន​សូវ​សប្បាយ​ចិត្ត​សោះ​ឡើយ​ នៅពេល​ដែល​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះជាតិ​មួយចំនួន ​ជាពិសេស ​អ្នក​សម រង្ស៊ី ​និយម​ដែល​បាន​ជេរ​ប្រមាថ​ដោយ​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ទៅលើ​មន្រ្តី​ដែល​បាន​ស្នើសុំ ​និង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​សំណាក់​ព្រះមហាក្សត្រ​កម្ពុជា​។ សម្រាប់​លោក​អ៊ូ ច័ន្ទរ័ត្ន​ នេះ​គឺ​ជា​វប្បធម៌​មិន​ល្អប្រសើរ​ទាល់​តែសោះ​សម្រាប់​ប្រទេស​ជាតិ​។ ហេតុដូច្នេះហើយ​ លោក​បាន​អំពាវនាវ​ឱ្យ​ពួកគេ​ឈប់​បន្ត​វប្បធម៌​ជេរ​ប្រមាថ​បែប​នេះ​តទៅ​ទៀត​ចំពោះ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។

ការ​លើកឡើង​របស់​លោក​អ៊ូ ច័ន្ទរ័ត្ន​នៅ​ពេល​នេះ ​គឺ​បន្ទាប់​ពី​លោក​ស៊ីម សុវណ្ណនី ​ហៅ ​ស៊ីម វ៉ាន់នី ​ដែល​ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ​មួយ​រូបទៀត​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា​ផ្តល់​នីតិសម្បទា​ឱ្យ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ​ លោក​ស៊ីម សុវណ្ណនី ​គឺជា​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ទីបី​ហើយ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ​បន្ទាប់​ពី​លោក​គង់ គាំ​ ​អតីត​ទីប្រឹក្សាជាន់ខ្ពស់ ​និង​លោក​គង់ បូរ៉ា ​ដែល​ជា​អតីត​តំណាងរាស្រ្ត​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ​។ ​ប៉ុន្តែ​អ្វី​ជាកត់​សម្គាល់​ គឺ​ក្រោយ​ទទួល​បាន​សិទ្ធិ​នេះ​មក​វិញ​ ពួកគេ​ត្រូវ​បាន​អ្នក​គាំទ្រ​អតីត​ប្រឆាំង​ដែល​និយមខ្លាំង​លើ​លោក​សម រង្ស៊ី ​បាន​ស្តីបន្ទោស ​និង​ជេរ​ប្រមាថ​ឥត​ល្ហែរ​។

ការណ៍​នេះ ​ធ្វើ​ឱ្យ​លោក​អតីត​តំណាងរាស្រ្ត​អ៊ូ ច័ន្ទរ័ត្ន ​ខកចិត្ត​។ ​ខកចិត្ត ​ដោយសារ​តែ​លោក​អះអាង​ថា​ មន្រ្តី ​និង​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ជេរ​ប្រមាថ​មន្រ្តី​ខ្លួនឯង​ខ្លាំង​ជាង​ដៃគូរ​បដិបក្ខ​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ​ទៅទៀត​។ ​តាមលោក​អ៊ូ ច័ន្ទរ័ត្ន ​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ ​គឺ​ជា​ជម្រើស​និង​ការ​សម្រេច​ចិត្ត​របស់​មន្រ្តី​ម្នាក់​ៗ​ដោយ​ផ្អែកទៅ​តាម​ហេតុផល​ផ្ទាល់​ខ្លួន​។ ​ដូចនេះ ​ពួកគេ​មិន​គួរ​ត្រូវ​រង​នូវ​ការ​ជេរប្រមាថ​ព្រោះ​តែ​ការ​សម្រេចចិត្ត​នេះ​ឡើយ​។

ដោយឡែក​ ចំពោះ​គណបក្ស​កាន់អំណាច​វិញ​ ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​របស់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​នេះ​ប្រៀបបី​ដូច​ជា​កំពុង​រុញ​លោក​សម រង្ស៊ី​ទៅ​កាន់​តំបន់​ឯកកោ​ពី​សង្គម​នយោបាយ​កម្ពុជា​។ ​លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច​លើកឡើង​ថា​ អ្វីៗ​ដោយសារ​តែ​លោក​ សម រង្ស៊ី​ខ្លួនឯង​លាឈប់​ពី​សមាជិក​ និង​ប្រធាន​បក្ស​ដែល​មិន​ចូល​ក្នុង​កញ្ចប់​នយោបាយ​តែ​មួយ​ជាមួយ​មន្ត្រី​ផ្សេងៗ​ទៀត​។ សម្រាប់​លោក​សុខ ឥសាន​ ឥឡូវនេះ​ហួស​ពេល​ហើយ​សម្រាប់​លោក​សម រង្ស៊ី ​ព្រោះ​អ្នក​នៅ​ក្នុង​កញ្ចប់​១១៨​នាក់​បាន​ប្រើ​សិទ្ធិ​នយោបាយ​រៀង​ៗ​ខ្លួន​ ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ