លោកហ៊ុន សែន ដាក់បញ្ជាឲ្យស្ដារមុខមាត់ខេត្តព្រះសីហនុឡើងវិញ ក្រោយមានការរិះគន់ខ្លាំងពីពលរដ្ឋ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ឲ្យអាជ្ញាធរខេត្តព្រះសីហនុស្តារមុខមាត់ខេត្តនេះឡើងវិញដោយត្រូវបង្ក្រាបមិនរើសមុខចំពោះអ្នកដែលប្រព្រឹត្តបទល្មើសនានា។ លោកហ៊ុន សែន បានបញ្ជាដូច្នេះក្នុងពេលលោកចូលរួមបើកពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុងកាលពីយប់មិញនេះ។ បទបញ្ជារបស់នាយរដ្ឋមន្ត្រី កើតឡើងបន្ទាប់ពីមានការរិះគន់ខ្លាំងពីពលរដ្ឋថា ខេត្តព្រះសីហនុមានភាពអនាធិបតេយ្យក្រោយមានវត្តមានជនជាតិចិនច្រើនឡើង។
ចុះផ្សាយនៅថ្ងៃ៖
ជាមួយនឹងបទបញ្ជាផ្ទាល់មាត់យ៉ាងដាច់ណាត់នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបង្គាប់ឲ្យអាជ្ញាធរខេត្តព្រះសីហនុត្រូវធ្វើយ៉ាងណាកុំឲ្យជនល្មើសគ្រឿងញៀន និងអ្នកប្រព្រឹត្ដិខុសច្បាប់ប្រើតំបន់មាត់សមុទ្រធ្វើសកម្មភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ត្រង់ចំណុចនេះថា អាជ្ញាធរត្រូវខិតខំដោះស្រាយឲ្យខាងតែបាន។
គួរកត់សម្គាល់ថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ ធ្វើឡើងក្រោយពីប្រជាពលរដ្ឋខ្មែរមួយចំនួនបានរិះគន់យ៉ាងខ្លាំងជុំវិញបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុបន្ទាប់ពីមានវត្តមានជនជាតិចិនមកវិនិយោគ និងរកស៊ីច្រើនឡើង។ ជនជាតិចិនខ្លះ បានបង្កជម្លោះ និងបញ្ហាយ៉ាងអានាធិបតេយ្យបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុក។ ការណ៍នេះធ្វើឲ្យចំនួនភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុ ជាពិសេសភ្ញៀវទេសចរជាតិតែម្តងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ទទួលស្គាល់ដែរពីមូលហេតុនៃការធ្លាក់ចុះនៃចំនួនអ្នកទេសចរនៅខេត្តព្រះសីហនុនេះ។ ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី វាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ពោល គឺ ការធ្លាក់ចុះនេះក៏ដោយសារតែប្រជាពលរដ្ឋកម្ពុជាមានជម្រើសច្រើនក្នុងការទៅលេងកម្សាន្ត។ តែទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីនៅតែបញ្ជាឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវពង្រឹងឲ្យបានរឹងមាំនូវបញ្ហាសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ជាពិសេសច្បាប់របស់កម្ពុជាគឺត្រូវតែបានអនុវត្តន៍ដោយម៉ឹងម៉ាត់គ្រប់មនុស្សទាំងអស់ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ