អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្ត្រី​​កម្ពុជា​៖​ការ​បោះឆ្នោត​​នៅ​​ឆ្នាំ​នេះ​​គ្មាន​​ផ្លាស់ប្តូរ​​អ្វី​​ទាំងអស់​ ទោះ​​មាន​រឿង​​អ្វី​កើត​ឡើង​​ក៏ដោ​យ​

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់​ឆ្នាំ២០១៧-ឆ្នាំ២០៣០ នៅ​វិមាន​សន្តិភាព​នា​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ដោយ​សង្កត់ធ្ងន់ថា ការបោះឆ្នោតជាតិ​នៅ​ឆ្នាំនេះ គឺ​ប្រព្រឹត្ត​ទៅតាម​ការ​កំណត់ដោយ​គ្មានអ្វី​ប្រែប្រួល​នោះទេ។ ការបញ្ជាក់​របស់លោក​ហ៊ុន សែន​នេះ ជា​ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​លើកឡើង​ពី​លទ្ធភាព​នៃ​ការពន្យារពេល​បោះឆ្នោត ហើយក៏​ជា​ប្រតិកម្ម​ទៅនឹង​ការជំរុញ​ឲ្យ​ពន្យារពេល​ការបោះឆ្នោត​ពី​សំណាក់​លោក​សម រង្ស៊ី​ផងដែរ។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​​​បញ្ជាក់ថា ៖“ការបោះឆ្នោត​នៅពេល​ខាងមុខ គ្មាន​ការផ្លាស់ប្តូរ​អ្វី​ទាំងអស់​មិន​ថា​មានរឿង​អ្វី​កើតឡើង​ទេ ដោយ​តម្លៃ​ណាក៏ដោយ យើង​ត្រូវតែ​បោះឆ្នោត​ឲ្យ​ខាន​តែ​បាន។ ការបញ្ជាក់​ជាថ្មី​ដោយ​សម្តី​ម៉ឹងម៉ាត់​របស់លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នាពេល​នេះ គឺជា​ការឆ្លើយ​បតភ្លាមៗមិន​អ​ង្អ​ស់​យូរ​ទៅនឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ចុះផ្សាយ​នៅថ្ងៃនេះ ថា នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ការបោះឆ្នោត​អាចធ្វើ​មិនបាន បើ​មានការ​ច្របូកច្របល់។ ចំពោះ​ការចុះផ្សាយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សង្ឃឹមថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​រៀន​ស្តាប់​របៀប​អត្ថាធិប្បាយ​របស់លោក​ឲ្យ​បានច្បាស់លាស់​និង​មានការ​ចេះដឹង​ច្រើនជាង​នេះ។ ជាមួយគ្នានេះ លោក​ក៏បាន​រិះគន់​ទៅកាន់​អ្នកវិភាគ​ដែល​បញ្ចេញយោបល់​ជុំវិញ​រឿងនេះ​ផងដែរ។

ជាការ​កត់សម្គាល់ ប្រតិកម្ម​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ ក៏​ទំនងជា​ចង់​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី ដែល​តាមរយៈ​បណ្តាញ​ធ្វី​ត​ធ័​រ(Tweeter)របស់​ខ្លូន​កាលពី​ថ្ងៃ​ពុធ​បានសរសេរថា លោក​ចង់​ដាក់សំណើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​ពន្យារពេល​ការបោះ​ជាតិ​នៅក្នុង​ឆ្នាំ២០១៨នេះ រហូត​ដរាបណា លោក​និង​លោក​ហ៊ុន សែន អាច​ធានាបាន​ថា ការបោះឆ្នោត​ទាំង​ព្រឹទ្ធសភា និង​ជ្រើសរើស​តំណាងរាស្ត្រ​នាពេលខាងមុខ អាច​ធ្វើឡើង​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ក្នុង​កម្រិត​អប្បបរមា​ដែរ។ បើតាម​លោក​សម រង្ស៊ី ការធ្វើ​បែបនេះ គឺ​ដើម្បី​ជៀសវាង​អំពើហិង្សា និង ដើម្បី​ជៀសវាង​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដែល​មិន​ទទួលស្គាល់​ពី​សំណាក់​សហគមន៍​អន្តរជាតិ។

សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ជ្រើសរើស​តំណាងរាស្ត្រ​នាពេលខាងមុខ​នេះ គឺ​គ្មាន​ការប្រែប្រួល​នោះទេ បើទោះបី​ជាមាន​ហេតុការណ៍​អ្វី​កើតឡើង​ក៏ដោយ។លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែមទៀតថា ការបោះឆ្នោត​នៅ​កម្ពុជា គឺ​តម្រូវ​ឲ្យ​ប្រជា​រដ្ឋ​កម្ពុជា​ចូលរួម​បោះឆ្នោត ដោយ​មិនចាំបាច់​មានការ​ទទួល​ស្គា​ល់ពី​សំណាក់​សហគមន៍​អន្តរជាតិ​ឡើយ​ហើយ​បញ្ហាសំខាន់​គឺ​ស្ថិត​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទៅវិញ​ទេ។

សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ដែលជា​ការបោះឆ្នោត​អសាកល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៥ ខែកុម្ភៈ រីឯ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែលជា​បោះឆ្នោត​សាកល​វិញ នឹង​ធ្វើឡើង​ថ្ងៃទី២៩ ខែកក្កដា​ឆ្នាំ២០១៨។ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​បរទេស​ខ្លះ និង​អ្នកវិភាគ​មួយចំនួន​ផង​បាន​លើកឡើងថា ការបោះឆ្នោត​ខាងមុខនេះ​នឹងមិន​ធ្វើឡើង​ស្របតាម​បែបបទ​ប្រជាធិបតេយ្យ​នោះឡើយ។ នេះ​ក៏​ព្រោះតែ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា​ចូលរួម ដោយសារតែ​គណបក្ស​នេះ​ត្រូវ​តុលាការ​កំពូល​កម្ពុជា​រំលាយចោល​ទៅហើយ​កាលពី​ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ