អានតួអត្ថបទ
កម្ពុជា

ឯក​អគ្គរដ្ឋ​ទូត​​ថ្មី​​អាមេរិក​​ប្តេជ្ញា​​ជួយ​​ឱ្យ​​កម្ពុ​​ជាមាន​​លទ្ធិ​ប្រជាធិបតេយ្យ ​និង ​ឯករាជ្យភាព​

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ បាន​បញ្ចេញ​នូវ​វីដេអូ​ឃ្លី​ប​ខ្លី​មួយ​របស់លោក W.Patrick Murphy ដែលជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា។ តាមរយៈ​វីដេអូ​ឃ្លី​ប​នេះ លោក W. Patrick Murphy បានបង្ហាញ​នូវ​មោទកភាព​ចំពោះ​តំណែង​ថ្មី​នេះ។ លោក​ថែមទាំង​ប្តេជ្ញា​ថា នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​និង​កម្ពុជា ក៏ដូចជា​ជួយ​ឱ្យ​កម្ពុ​ជាមាន​លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យភាព​ផងដែរ។ យ៉ាងណាក៏ដោយ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​មកកាន់​កម្ពុជា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បង្ហើប​ថា​នឹង​មកដល់​កម្ពុជា​នាពេលឆាប់ៗនេះ។

លោក ​Patrick ​Murphy ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​អាមេរិក​ប្រចាំ​ក​ម្ពុជា​ជា​ផ្លូវ​ការ​ក្រោយ​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​អាមេរិក ​កាល​ពី​ថ្ងៃទី ​០១ ​សីហា ​ឆ្នាំ ​២០១៩​។​
លោក ​Patrick ​Murphy ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​អាមេរិក​ប្រចាំ​ក​ម្ពុជា​ជា​ផ្លូវ​ការ​ក្រោយ​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​អាមេរិក ​កាល​ពី​ថ្ងៃទី ​០១ ​សីហា ​ឆ្នាំ ​២០១៩​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​វីដេអូ​ឃ្លី​ប​ជិត២នាទី លោក W. Patrick Murphy បាន​គូសបញ្ជាក់​ឱ្យដឹងថា នៅពេលនេះ កម្ពុជា​និង​អាមេរិក មាន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុង​វិស័យ​ជាច្រើន ដូចជា​ការអភិវឌ្ឍ ពាណិជ្ជកម្ម សុខភាព​សាធារណៈ ការពង្រឹង​ការអនុវត្ត​ច្បាប់ ការផ្លាស់ប្តូរ​វប្បធម៌ និង ការផ្លាស់ប្តូរ​គ្នា​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ។ ហេតុ​ដូចនេះហើយ ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា លោក​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​ពង្រឹង ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​លើ​វិស័យ​ទាំងនេះ ព្រមទាំង​ផ្តល់នូវ​ការគាំទ្រ ដើម្បីឱ្យ​ប្រទេស​កម្ពុ​ជាមាន​ភាពរឹងមាំ រុងរឿង មាន​លទ្ធិប្រជាធិបតេយ្យ និង ឯករាជ្យភាព។

ចំណែក រដ្ឋាភិបាល​កម្ពុជា​វិញ​ក៏មាន​សុទិដ្ឋិនិយម​លើ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា​នេះដែរ ក្នុង​ការជួយ​សម្រួល​ដ​ល់​ទំនាក់​ទំនាក់​ទ្វេភាគី​រវាង​អាមេរិក និង កម្ពុជា។ ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​សៅរ៍​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បង្ហាញ​ការ​ជឿជាក់ថា ឯកអគ្គរដ្ឋទូត​ថ្មី​នេះ នឹង​យល់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល និង ប្រជាជន​កម្ពុជា។ លោក​អះអាងថា រដ្ឋាភិបាល​នឹង​ខិតខំ​ពន្យល់​លោក W. Patrick Murphy ឱ្យទទួល​ស្គាល់ និង​គាំទ្រ​ចំពោះ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​បុព្វហេតុ​សន្តិភាព និង លទ្ធិប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា លោក W. Patrick Murphy ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​សម្រេច​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​តាម​សំណើ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ លោក​ត្រូវបានតែងតាំង​ជំនួស​លោក William Heidt ដែល​បាន​ចប់​អាណត្តិ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ មុន​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ លោក W. Patrick Murphy គឺជា​ឧបការ​រី​រង​នៃ​ក្រសួងការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក។ ក្នុងនាម​ជា​អ្នកកា​ទូត លោក​W. Patrick Murphy ក៏​ធ្លាប់​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​ជា​ច្រើនដង​ផងដែរ ដើម្បី​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ និង វប្បធម៌​របស់​ប្រទេស​កម្ពុជា។

ក្នុង​វ័យ៥៦ឆ្នាំ លោក​W. Patrick Murphy ត្រូវបាន​គេ​ចាត់ទុកថា គឺជា​មន្ត្រី​អ្នកការទូត​ជាន់ខ្ពស់​អាមេរិក​ម្នាក់ ដែលមាន​ចំណេះដឹង​ទាំង​ខាង​ផ្នែក​កិច្ចការ​នយោបាយ យោធា សេដ្ឋកិច្ច សិទ្ធិមនុស្ស និង​ជំនាញ​ខាង​ការដោះស្រាយ​ទំនាស់។ លោក​បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​រដ្ឋបាល និង ផ្នែក​វិទ្យាសាស្ត្រ​ពី​មហាវិទ្យាល័យ​សង្គ្រាម​ជាតិ និង បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ Vermont។ ក្រៅពីនោះ លោក​ក៏​ធ្លាប់បាន​សិក្សា​នៅ​វិទ្យាស្ថាន​អឺរ៉ុប​នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ