អានតួអត្ថបទ
កម្ពុជា

សមាជិក​សភា​​អឺរ៉ុប​​ម្នាក់​​ប្រកាស​​ផ្ទាល់​មាត់​​ថា ​នឹង​​អម​ដំណើរ​​លោក​​សម រង្ស៊ី​ មក​កាន់​​ប្រទេស​​កម្ពុជា​

ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​បាន​អះអាង​ឱ្យដឹងថា សមាជិក​សភា​​អឺរ៉ុប​​ចំនួន៦រូប​នឹងចូលរួម​អមដំណើរ​លោក​សម រង្ស៊ី មកកាន់​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ។ ក្នុងចំណោម​នោះ មាន​សមាជិកសភា​ម្នាក់​ប៉ុណ្ណោះ បានប្រកាស​ផ្ទាល់មាត់​ពី​វត្តមាន​របស់លោក​មក​កាន់​ប្រទេស​កម្ពុជា​នេះ។ គណ​បក្ស​កាន់​អំណាច​​ប​ញ្ជា​ក់ថា ពួកគេ​ទាំងនេះ​អាចមក​កម្ពុជា​បានតែ​ក្នុងនាម​ជា​ភ្ញៀវទេសចរ រីឯ​លោក​សម រង្ស៊ី​ជា​ទណ្ឌិត​វិញ ត្រូវ​ចូល​ពន្ធនាគារ។

លោក​Phil​ Bennion ​ខាង​ស្ដាំ​គេ​បង្អស់​
លោក​Phil​ Bennion ​ខាង​ស្ដាំ​គេ​បង្អស់​ @Sam Raingsy
ផ្សាយពាណិជ្ជកម្ម

លោក Phil Bennion សមាជិកសភា​អឺរ៉ុប​មកពី​ចក្រភព​អង់គ្លេស គឺជា​អ្នក​ដែល​ប្រកាស​ផ្ទាល់មាត់​ថា នឹង​មក​កម្ពុជា​ជាមួយ​លោក​សម រង្ស៊ី និង ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​ផ្សេងទៀត។ លោក​បានបញ្ជាក់​ពី​រឿង​នេះ​នៅ​ចំពោះមុខ​លោក​សម រង្ស៊ី និង លោកស្រី​មួរ សុខ​ហួរ នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែក​ហ្ស៊ិ​ក​កាលពី​ថ្ងៃទី២៧ មិថុនា។ តាមរយៈ​វីដេអូ​ឃ្លី​បប្រមាណ​ជាង១នាទី លោក Phil Bennion បាន​លើកឡើងថា លោក​នឹងចូលរួម​មក​ប្រទេស​កម្ពុជា​ជាមួយ​លោក​សម រង្ស៊ី ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការដោះលែង​លោក​កឹម សុខា និង ព្យាយាម​ទាញ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​ដើរ​លើផ្លូវ​ត្រូវ​ឡើងវិញ។

សមាជិកសភា​អឺរ៉ុប​រូបនេះ​បាន​អះអាង​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ ហើយ​គណបក្សប្រឆាំង​ត្រូវបាន​ហាមឃាត់​ធ្វើ​នយោបាយ ដែល​លោក​ជឿជាក់ថា រដ្ឋាភិបាល​កម្ពុជា​ធ្វើបែបនេះ​ដោយសារ​តែមាន​ចិន​ជា​បង្អែក​ដ៏​រឹងមាំ​នៅ​ពីក្រោយ​ខ្នង។ ដូច្នេះហើយ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ក្រៅពី​សមាជិកសភា​អឺរ៉ុប​មកពី​អង់គ្លេស​រូបនេះ មន្ដ្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង ក៏បាន​អះអាងពី​ការចូលរួម​អមដំណើរ​លោក សម រង្ស៊ី ចូលមក​កម្ពុជា ពី​សំណាក់​សមាជិកសភា​អឺរ៉ុប៥រូប​ទៀត ផងដែរ។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ជំទាស់​នឹង​បំណង​មកកាន់​ប្រទេស​កម្ពុជា​របស់​សមាជិក​សភា​អឺរ៉ុប​ទាំងនេះ​នោះទេ។ លោក​ថែមទាំង​អញ្ជើញ​ឱ្យ​អ្នក​ទាំងនេះ​ទៅ​ទស្សនា​ប្រាសាទរ​អង្គរវត្ត​មាន​រប​ស់ក​ម្ពុ​ជា​ថែម​ទៀតផង។ ប៉ុន្តែ​ចំពោះ​លោក​សម រង្ស៊ី វិញ លោក​សុខ ឥសាន គូសបញ្ជាក់ថា ពេលមកដល់​កម្ពុជា គឺ​ត្រូវ​ចូល​ពន្ធនាគារ។ លោក​ថែមទាំង​ជំរុញ​ឱ្យ​លោក​សម រង្ស៊ី ឱ្យ​ឆាប់​ចូល​ស្រុក​មក ព្រោះ​ខ្នោះដៃ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ។

ក៏ប៉ុន្តែ​លោក​សម រង្ស៊ី ថា ការ​គំរាម​បង្ក្រាប​លើ​ក្រុម​របស់លោក​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នេះ​មិនមែនជា​រឿង​ថ្មី​ទេ គឺ​គ្រាន់តែ​កំញើញ​តែប៉ុណ្ណោះ។ លោក​បាន​រំឭក​ពី​ករណី​ក្នុង​ឆ្នាំ២០១៣ ដែល​អាជ្ញាធរ​កម្ពុជា​បាន​កំញើញ​រូបលោក​ដូច​ពេលនេះ តែ​ចុងក្រោយ​នៅតែ​អនុញ្ញាតឱ្យ​លោក​ចូល​ស្រុក​វិញ​ស្របច្បាប់​តាមរយៈ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ។ ប៉ុន្តែ​លើក​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​គូសបញ្ជាក់​ម្តង​ជា​ពីរដង​ហើយ​ថា គ្មាន​ការស្នើ​លើកលែងទោស​ដល់​លោក​សម រង្ស៊ី ដូច​លើក​មុន​ជាដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ