អានតួអត្ថបទ
កម្ពុជា

អភិបាល​ក្រុងភ្នំពេញ​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​រត់​រ៉ឺម៉ក​កង់បី​ដែល​បើកបរ​គ្មាន​សណ្តាប់​ធ្នាប់​

អភិបាល​រាជធានីភ្នំពេញ​ លោក​ឃួង ស្រេង ​បាន​ព្រមាន​ចាត់​វិធានការ​ទៅលើ​អ្នក​បើក​រ៉ឺម៉ក​កង់​បី​ទាំង​ឡាយណា​ដែល​បើកបរ​គ្មាន​សណ្តាប់ធ្នាប់​ បំពាន​ច្បាប់ចរាចរណ៍​ និង ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​។ ​ការ​ព្រមាន​នេះ​ ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រ៉ឺម៉ក​កង់បី​នៅក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

លោក​ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​
លោក​ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ @រដ្ឋបាលរាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​ចាត់​វិធានការ​ទៅលើ​អ្នករត់​រ៉ឺម៉ក​កង់បី​នេះ ​ធ្វើឡើង​ក្រោយ​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​ដូចជា​សាធារណជន​ទូទៅ​បាន​កត់​សម្គាល់​ឃើញ​ថា ​មួយ​រយៈចុង​ក្រោយនេះ​ មាន​បញ្ហា​ជា​បន្ត​បន្ទាប់​បាន​កើតឡើង​ដោយសារ​អ្នក​រត់​រ៉ឺម៉ក​កង់បី​មួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​។ ​បញ្ហា​ទាំង​នោះ ​រួមមាន​ដូចជា​ ការ​បើកបរ​គ្មាន​សណ្តាប់ធ្នាប់​ ការ​បៀតបៀន​រាងកាយ​អ្នកដំណើរ​ដោយ​អ្នករត់​រ៉ឺម៉ក​កង់បី​ និង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​អ្នក​ដំណើរ​ជា​ដើម​។

ប្រឈម​នឹង​បញ្ហា​ទាំងនេះ​ អភិបាល​រាជធានី​ភ្នំពេញ​ លោក​ឃួង ស្រេង ​បាន​អះអាង​ថា ​ការ​គ្រប់គ្រង​លើ​រ៉ឺម៉ក​កង់បី​ គឺ​ជា​រឿង​សំខាន់​ ដោយ​គូស​បញ្ជាក់​ថា ​មិន​អាច​អនុញ្ញាត​ឱ្យ​បន្ត​មាន​សកម្មភាព​បែបនេះ​តទៅ​ទៀត​បានទេ​ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ​នៅក្នុង​រាជធានីភ្នំពេញ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ ​អាជ្ញាធរ​រាជធានីភ្នំពេញ ​បាន​តម្រូវ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​ទាំង​អស់​ត្រូវ​មាន​បណ្ណ​បើក​បរ បណ្ណ​សម្គាល់ខ្លួន ស្លាកលេខ​យាន​ជំនិះ​ និង​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូនអតិថិជន​របស់​ខ្លួន​រាល់​ពេលធ្វើ​ដំណើរ​ និងត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទាំង​អស់​គ្នា។

សូម​បញ្ជាក់​ថា ​គិត​មក​ដល់ពេល​នេះ ​អ្នករត់​រ៉ឺម៉ក​កង់បី​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជាង​ ២ម៉ឺន​៤ពាន់​គ្រឿង​។ ចំនួន​អ្នករត់​រ៉ឺម៉ក​កង់បី​នេះ ​បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុងក្រោយ​នេះ​។ ចំ​ពោះ​ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ​លើ​អ្នករត់​រ៉ឺម៉ក​កង់បី ​ លោក​យង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ​ដើម្បី​អភិវឌ្ឍ ​និង​សន្តិភាព​ ចាត់ទុក​ថា​ ជា​រឿង​ល្អ​ប្រសើរ​។ ប៉ុន្តែ​លោក​ក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​គិតគូរ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេងទៀត​ដែល​ធ្លាប់​មាន​បញ្ហា​ដូច​ករណី​រ៉ឺម៉ក​កង់បី​មួយ​ចំនួន​ដែរ​។ សម្រាប់​លោក​យង់ គឹមអេង ​អាជ្ញាធរ​ត្រូវតែ​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ ដើម្បី​លុប​បំបាត់​នូវ​ភាព​អសន្តិសុខ ​និង​ឥត​សណ្តាប់​ធ្នាប់​នេះ​។

ខុស​ពី​លោក​យង់ គឹមអេង ​លោកសន ជ័យ ​ដែល​ជា​នាយកប្រតិបត្តិ​សម្ព័ន្ធគណនេយ្យភាព​សង្គម​កម្ពុជា​វិញ​បាន​ចាត់ទុក​ថា ​វិធានការ​របស់​អាជ្ញាធរ​រាជធានីភ្នំពេញ​នេះ ​គឺ​ជា​ការ​បង្វែរ​រឿង​ ពោល​ គឺ​ចាត់ការ​រថយន្ត​ធំ ​និង​រំដោះ​ចិញ្ចើម​ផ្លូវ​មិន​កើត ​ទើប​បង្វែរ​មក​ចាត់ការ​លើ​បញ្ហា​រ៉ឺម៉ក​កង់បី​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ