អង្គការPlan ចំណាយ២.៥លានអឺរ៉ូ ដើម្បីជួយបណ្តុះបណ្តាលក្មេងស្រីឲ្យក្លាយជាអ្នកដឹកនាំក្នុងសហគមន៍
ខេត្តចំនួនបីនៃប្រទេសកម្ពុជា គឺខេត្តសៀមរាប ស្ទឹងត្រែង និងខេត្តរតនគិរី ត្រូវបានអង្គការភ្លែនអន្តរជាតិ(Plan International) ចាប់យកជាគោលដៅក្នុងការអនុវត្តគម្រោងថ្មីឈ្មោះថា “ក្មេងស្រីដឹកនាំ។ គម្រោងថ្មីនេះ អង្គការភ្លែនអន្តរជាតិបានគ្រោងចំណាយថវិកា២.៥លានអឺរ៉ូ ដើម្បីបណ្តុះបណ្តាលក្មេងស្រីឲ្យក្លាយទៅជាអ្នកដឹកនាំធ្វើកិច្ចការនៅក្នុងសហគមន៍ពួកគេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គម្រោងថ្មីរបស់អង្គការភ្លែនអន្តរជាតិ(Plan International)នេះ គឺមានរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ហើយគម្រោងនេះបានដាក់ឲ្យដំណើរការហើយកាលពីខែមិថុនាកន្លងទៅនេះ។ លោក Jan Jaap Kleainrensink នាយកប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាបានអះអាងថា គម្រោងថ្មីនេះ នឹងអនុវត្តលើកុមារប្រមាណ៤ពាន់នាក់ ដោយបង្កើនសមត្ថភាព និងលទ្ធភាពក្មេងស្រី ដើម្បីសិក្សា ចែករំលែក បង្កើត និងដឹកនាំនៅក្នុងសហគមន៍។ បើតាមលោក Jan Jaap Kleainrensink គម្រោង“ក្មេងស្រីដឹកនាំ”នឹងបំផុសឲ្យមានការអនុវត្តដែលជំរុញការចូលរួមរបស់ក្មេងប្រុស និងក្មេងស្រី ស្ត្រីវ័យក្មេង និងបុរសក្នុងដំណើរការដោះស្រាយបញ្ហាវិសមភាពយេនឌ័រដែលនៅមានកម្រិតនៅក្នុងប្រទេសកម្ពុជា។
គួរកត់សម្គាល់ថា នៅក្នុងប្រទេសកម្ពុជា បញ្ហាយេនឌ័ររវាងក្មេងប្រុស និងក្មេងស្រីនៅតែកើតមាននៅឡើយនៅក្នុងវិស័យផ្សេងៗ បើទោះបីមានការខិតខំប្រឹងប្រែងកាត់បន្ថយគម្លាតយេនឌ័រនេះពីសំណាក់អង្គការ ស្ថាប័នពាក់ព័ន្ធយ៉ាងណាក៏ដោយ។ ជាក់ស្តែង អង្គការភ្លែនអន្តរជាតិកម្ពុជាបានរកឃើញកាលពីឆ្នាំ២០១៦កន្លងទៅថា មានក្មេងស្រី៩៨% បានប្រឡូកក្នុងកិច្ចការប្រចាំថ្ងៃ។ បន្ថែមលើនេះ អត្រាក្មេងស្រីនៅតែតិចដែលមានលទ្ធភាពទទួលបានការអប់រំកម្រិតឧត្តមសិក្សា។ ពិសេសជាងនេះទៀតនោះ គឺនៅតែមានការយល់ឃើញបែបអវិជ្ជមានចំពោះស្ត្រី និងក្មេងស្រីនៅក្នុងតួនាទីដឹកនាំ។
តាមរយៈគម្រោងថ្មីនេះ លោកJan Jaap Kleainrensink បានសម្តែងសុទិដ្ឋិនិយមថា ការចាប់ផ្តើមអនុវត្តគម្រោងក្មេងស្រីដឹកនាំនេះនឹងទទួលបានការគាំទ្រ ហើយវាក៏នឹងអាចកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងយេនឌ័រ និងផ្តល់លទ្ធភាពឲ្យកុមារជាពិសេស កុមារដែលមិនទទួលបានការយកចិត្តទុកដាក់ និងក្មេងស្រី ឲ្យសម្រេចបានសក្តានុពលរបស់ខ្លួនយ៉ាងពេញលេញ។
សូមជំរាបជូនបន្ថែមថា ក្នុងការអនុវត្តគម្រោង“ក្មេងស្រីដឹកនាំ”នេះ ក្មេងស្រី និងក្មេងប្រុសក្នុងក្លឹបកុមារចំនួន ៥២ ស្ថិតនៅខេត្តរតនគិរី ស្ទឹងត្រែង និងខេត្តសៀមរាប នឹងទទួលបានការរៀនសូត្រតាមរយៈកម្មវិធីជើងឯកសម្រាប់កម្ពុជា ចែករំលែកចំណេះដឹងរបស់ខ្លួនតាមរយៈកម្មវិធីស្នូរជួង បង្កើតសកម្មភាពជាសមូហភាព តាមរយៈជំនួយថវិកាខ្នាតតូចសម្រាប់សមភាពយេនឌ័រ និងដឹកនាំតាមរយៈការធ្វើជាគំរូ និងការតស៊ូមតិនៅថ្នាក់ឃុំ ថ្នាក់ខេត្ត និងថ្នាក់ជាតិផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ