ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

អគ្គស្នង​ការដ្ឋាន​​នគ​របាល​​ជាតិ​​ប្រកាស​ថា ​នឹង​​ប្រើ​​មធ្យោបាយ​​គ្រប់​​រូបភាព​​តាម​​ចាប់​​លោក​​សម រង្ស៊ី​ ដាក់​គុក​

media  
លោក​សម រង្ស៊ី ​និង ​លោកស្រី​ មួរ សុខហួរ ​ពេល​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ @ Mu Sochau

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី២៧ ខែកក្កដា​នេះ បាន​ចេញមក​ប្រកាសថា ខ្លួន​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​គ្រប់​រូបភាព​ទាំងអស់ ដើម្បី​តាម​ចាប់ខ្លួន​លោក​សម រង្ស៊ី និង បក្ខពួក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​របស់​កម្ពុជា។ ការប្រកាស​តាម​ចាប់ខ្លួន​លោក​សម រង្ស៊ី​ឱ្យបាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កបាន​សរសេរ​សារ​វាយប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់។

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​តាមរយៈ​អ្នកនាំពាក្យ​បាន​អះអាង​ឱ្យដឹងថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានទទួល​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​សម រង្សី និង​បក្ខពួក​ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ហើយ​បច្ចុប្បន្នកំពុង​គេចខ្លួន។ ដូច្នេះហើយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នឹង​ចាត់វិធានការ​តាម​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ​ស្របតាម​ច្បាប់ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ដីកា​របស់​តុលាការ​ក្នុងការ​ស្វែងរក និង​ចាប់ខ្លួន​លោក​សម រង្ស៊ី និង​បក្ខពួក​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​របស់​កម្ពុជា។

អ្វី​ជាការ​កត់សម្គាល់ ការប្រកាស​តាម​ចាប់ខ្លួន​លោក​សម រង្ស៊ី និង បក្ខពួក​ឱ្យ​ទាល់តែ​បាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នាពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​សរសេរ​សារ​វាយប្រហារ​មិន​ដក​ដៃ​មកលើ​រដ្ឋាភិបាល​កម្ពុជា។ ក្នុងនោះ លោក​សម រង្ស៊ី បានប្រកាសថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និយាយ​មិន​ច្បាស់លាស់​ពាកព័ន្ធ​នឹង​ការហាម​មិនឱ្យ​សមាជិកសភា​អឺរ៉ុប៦រូប​ចូលមក​កម្ពុជា​ជាមួយ​រូបលោក។ តាម​លោក​សម រង្ស៊ី ការនិយាយ​មិន​ច្បាស់លាស់​នេះ គឺ​ដោយសារ​មាន​សម្ពាធ​ពី​អន្តរជាតិ។

ក្រៅពីនេះ លោក​ប្រធានស្តីទី​អតីត​គណបក្សប្រឆាំង​ក៏បាន​យក​បញ្ហា​ចិន​មក​វាយប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ លោក​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កំពុង​ចូលរួម​បម្រើ​នយោបាយ​ឈ្លានពាន​របស់​ចិន។ បន្ថែម​លើ​នេះ លោក​សម រង្ស៊ី ក៏បាន​អំពាវនាវ​ជា​រើយៗដល់​កងកម្លាំងប្រដាប់អាវុធ​ឱ្យចូល​រួមជាមួយ​ក្រុមរ​ប​ស់លោក ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្តែ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​អំពាវនាវ​ដល់​សាធារណៈ​ជនជាតិ និង​អន្តរជាតិ​កុំឱ្យ​ធ្លាក់​ក្នុង​ឧបាយកល​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ដែល​កំពុង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​បះបោរ​ប្រឆាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រោះ​សកម្មភាព​នេះ គឺជា​ទង្វើ​ខុសច្បាប់ ហើយក៏​ជា​ទង្វើ​ដែល​បង្កឱ្យមាន​អសន្តិសុខ​ដល់​សង្គម។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក៏បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​ភារកិច្ច​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ ដើម្បី​រួមចំណែក​ពង្រឹង និង​ការពារ​នីតិរដ្ឋ ព្រមទាំង​ធានា​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឱ្យបាន​ល្អប្រសើរ។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក៏បាន​ព្រមាន​ដល់​សាធារណជន​ទូទៅ ជាពិសេស​ក្រុម​អតីត​បក្សប្រឆាំង​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ចេតនា​រារាំង​ដល់​ការអនុវត្ត​ដីកា​របស់​តុលាការ ព្រោះ​សកម្មភាព​រារាំង​ការអនុវត្ត​ដីកា​របស់​តុលាការ​នេះ គឺជា​អំពើ​ដែល​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ